MENU
|
រាជធានីភ្នំពេ៖ ប្រទេសកម្ពុជានៅថ្ងៃទី១៧ខែមីនាឆ្នាំ២០១៧នេះបានបញ្ជូនកងកម្លាំងមួកខៀវ នាំមុខ៨០នាក់ ទៅកាន់ប្រទេសម៉ាលី ដើម្បីបំពេញបេសកកម្ម តាមការស្នើរសុំ របស់អង្គការសហប្រជាជាតិ ក្នុងការស្វែងរកសន្តិភាពសំរាប់ ប្រទេសដែលមានសង្រ្គាមផ្ទៃក្នុងមួយនេះ។ កម្លាំងនាំមុខទាំង៨០នាក់ គឺមានកងវិស្វកម្មចំនួន ៧០នាក់ និងកង កំទេចគ្រឿងផ្ទុះចំនួន១០នាក់។
ពិធីនេះបានធ្វើឡើងនៅក្រសួងការបរទេសកម្ពុជាដោយមានវត្តមានរបស់កម្លាំងវិស្វកម្មទាំង៨០នាក់ចូលជួបជាមួយឯកឧត្តមប្រាក់ សុខុនទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេសនិងឯកឧត្តមនាយឧត្តមសេនីយ៍សែម សុវណ្ណនីអនុប្រធានទី២អាជ្ញាធរមីនកម្ពុជាអញ្ជើញចូលរួមជូនដំណើរកងកម្លាំងទាំងនេះ។
ក្នុងពិធីជូន ដំណើរកម្លាំងមួកខៀវនាំមុខ៨០ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោកនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានអាជ្ញាធរមីន និងជាអគ្គនាយក មជ្ឈមណ្ឌលជាតិគ្រប់គ្រង កងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់ សង្រ្គាម ។
ឯកឧត្តមសែមសុវណ្ណនីបានថ្លែងថា “កម្លាំងនាំមុខទាំង៨០នាក់ នេះគឺជាក្រុមទៅធ្វើការរៀបចំ ត្រៀមសំរាប់ ទទួលកងកម្លាំងវិស្វកម្មព្រលានយន្តហោះ ដែល មានចំនួនសរុប ជាង១៦៥នាក់ និងកងកំទេចគ្រឿងផ្ទុះចំនួន១៤៤នាក់ នឹងចេញទៅកាន់ប្រទេសម៉ាលី ក្នុងការ បំពេញបេសកកម្មរបស់អង្គការសហប្រជាជាតិ នៅចុងខែមេសា ឆ្នាំ២០១៧ ខាងមុខនេះ។ក្រុមចាស់និងវិលត្រឡប់មកវិញ នៅក្នុងខែមេសា ឆ្នាំ២០១៧ ដូចគ្នាផងដែរ។
ឯកឧត្តមសែម សុវណ្ណនី បានបញ្ជាក់”អំពីកម្លាំងនាំមុខមួកខៀវទាំង៨០នាក់ ដែលចេញបំពេញបេសកកម្មរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ នៅប្រទេសម៉ាលី នេះ គឺដឹកនាំដោយ មេបញ្ជាការរង១នាក់ នាយប្រតិបត្តិការ១នាក់ជំនួយការបច្ចេកទេស១នាក់និងមានជំនួយការត្រួតពិនិត្យគុណភាព ជំនួយការវិទ្យុទាក់ទងមេបញ្ជាការរងកងពលតូចស្ថាបនាសំណង់ស៊ីវិលផ្នែកផ្សេងៗ”។
ឯកឧត្តម លោក ប្រាក់ សុខុន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានគណះកម្មាធិការជាតិគ្រប់គ្រង កងកម្លាំងរក្សាសន្តិភាព ថ្លែងថា៖ "នេះជាមោទនភាពណាស់ សំរាប់ប្រទេសកម្ពុជា ដែល អង្គការសហប្រជាជាតិ បានស្នើរ សុំអោយកម្ពុជាបញ្ជូនកម្លាំងមួកខៀវ ទៅបំពេញបេសកកម្ម ដើម្បីស្វែងរកសន្តិភាពនៅក្នុងប្រទេសម៉ាលី ជាប្រទេសមួយ មានសង្រ្គាមស៊ីវិល ជាច្រើនឆ្នាំ មកហើយ ដូច្នេះអង្គការសហប្រជាជាតិ បានអោយប្រទេសជាសមាជិកបាន បញ្ជូនកម្លាំងទៅកាន់ប្រទេសនេះ ហើយប្រទេសនេះក៏មានហានិភ័យខ្ពស់ផងដែរ”។
លោកឧត្តមសេនីយ៍ឯក ផល សាម៉ន អ្នកនាំពាក្យមជ្ឈមណ្ឌលជាតិ បានបញ្ជាក់ថា “នេះជាលើកទី៤ ដែលកម្ពុជាបញ្ជូនកម្លាំងរក្សាសន្តិភាពមួកខៀវកម្ពុជា ទៅកាន់ប្រទេសម៉ាលី ចាប់តាំងពីឆ្នាំ២០១៤មក ដែលមានចំនួនសរុបរហូតដល់ជាង១០០០នាក់ ដោយក្នុងនោះ កងកំទេចគ្រឿងផ្ទុះត្រូវបំពេញបេសកកម្មនៅទីក្រុងកាវ (Gao) កងវិស្វកម្មព្រលានយន្តហោះ ត្រូវបំពេញការងារនៅទីក្រុង គីដាល់ ( Kidal) និងទីក្រុងទេស (Tessalit) សាលីត ជាតំបន់ ប្រឈមនឹងគ្រោះថ្នាក់។
ប្រទេសម៉ាលី ស្ថិតនៅតំបន់សមុទ្រខ្សាច់សាហារ៉ា មានផ្ទៃដីលំដាប់ទី៨នៃទ្វីអាហ្រ្វិក ដែលមានទំហំ១.២៤០.០០០គីឡូម៉ែត្រក្រឡា មានប្រជាជន១៤,៥លាននាក់។ សេដ្ឋកិច្ច ប្រទេសនេះពឹងផ្អែកភាគច្រើនធ្វើអាជីវកម្មមាសធំបំផុត លំដាប់ទី៣នៃទ្វីបអាហ្វ្រិកកណ្តាល។ប៉ុន្តែប្រជាពលរដ្ឋម៉ាលី ជាពាក់កណ្តាលកំពុងរស់នៅក្រោមបន្ទាត់ក្រីក្រ ដោយរកចំណូលក្នុង១ថ្ងៃបានត្រឹមតែ១,២៥ដុល្លារអាមេរិកប៉ុណ្ណោះ។
យោងតាមក្រសួងការពារជាតិបានលើកឡើងថាប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសម៉ាលីកំពុងប្រឈមនឹងវិបត្តិធំៗ ដូចជាបញ្ហានយោបាយ សន្តិសុខ សេដ្ឋកិច្ចសង្គម មនុស្សធម៌ និងសិទ្ធិមនុស្សជាដើម។ វិបត្តិទាំងនេះប្រទេសម៉ាលី បានកើតឡើងជាច្រើនសំណាក់កាលមកហើយ។
គួរបញ្ជាក់អោយដែរថា ប្រទេសកម្ពុជាបានបញ្ជូនកម្លាំងមួកខៀវរបស់ខ្លួន ចាប់តាំងពីឆ្នាំ២០០៦មក ដែលមានកម្លាំងសរុបជិត៤ពាន់នាក់ ទៅកាន់ ប្រទេសចំនួន៨រួចមកហើយ គឺមាន ប្រទេសស៊ូដង់ ស៊ូដង់ខាងត្បូង លីបង់ ឆាដ សឺរី អាហ្វ្រិកកណ្តាល ម៉ាលី ជាដើម៕