MENU
|
រាជធានីភ្នំពេញ៖ នៅទី៦ ខែមករា ឆ្នាំ២០១៧ នៅមូលដ្ឋានទ័ពអាកាសពោធិ៍ចិនតុង គណៈកម្មាធិការជាតិបានរៀបចំពិធីទទួលដំណើរកងកម្លាំងកម្ពុជាដែលបានបញ្ចប់បេសកកម្មរបស់អ.ស.ប និងនិវត្តន៍មកកាន់កម្ពុជាវិញ ប្រកបដោយសុវត្ថិភាពចំនួន១៨៤នាក់។
នៅក្នុងពិធីនេះ ឯកឧត្តម អ៊ុច បូររិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនិងជាអនុប្រធានគណៈកម្មាធិការជាតិ បានជម្រាបជូនអំពីលទ្ធផលការងាររបស់កងទាំង២ថា កងវិស្វកម្មលេខ៩៣៦ គឺជាកងទី៦ ដែលបានបញ្ចប់បេសកកម្មប្រកបដោយជោគជ័យ នៅប្រទេសលីបង់ ដូចកងមុនៗដែរ ហើយកងនេះ បានបំពេញបេសកកម្មនៅការដ្ឋានតាមជ្រោះភ្នំ លើកំពូលភ្នំខ្ពស់ៗ ដឹកជញ្ជូនសម្ភារៈ ខ្សាច់ ថ្ម ដែក ស៊ីម៉ង់ត៏ និងទឹក តាមរយៈកម្លាំងមនុស្ស និងសត្វលា ប្រកបដោយជំនាញវិជ្ជាជីវៈ។
កងកម្លាំងកម្ពុជាមានភាពអំណត់តស៊ូបំពេញការងាររហូតសំរេចភារកិច្ច ដូចជា ការសាងសង់ជញ្ជាំង ដឹកជញ្ជូន ស្ទូចតម្លើងជញ្ជាំង ឈូសឆាយពង្រាយដី ធ្វើផ្លូវឡើងភ្នំ សាងសង់ ជួសជុល រុះរើជញ្ជាំងការពារសុវត្ថិភាព និងចាក់គ្រួសក្នុងជញ្ជាំងសុវត្ថិភាព ។ល។
ដោយឡែក កងពេទ្យកម្រិត២ លេខ៩០៨ បញ្ចប់បេសសកកម្មប្រកបដោយជោគជ័យនៅឆ្នាំនេះ គឺជាឆ្នាំទី៥នៅប្រទេសស៊ូដង់ខាងត្បូង (UNMISS)។ កងនេះ បានសម្រេចភារកិច្ចលើការផ្តល់សេវាសុខាភិបាល ជូនដល់ប្រជាពលរដ្ឋ ជនភៀសខ្លួន ជនភៀសសឹក មន្ត្រី បុគ្គលិក UNMISS និងស្ថានទូតនានា ដែលមាននិវេសនដ្ឋាននៅស៊ូដង់ខាងត្បូង ដោយទទួលបានការកោតសរសើរពីមន្ត្រីជំនាញជាន់ខ្ពស់របស់ អ.ស.ប លើសមត្ថភាពប្រកបដោយបញ្ញាញាណ វិជ្ជាជីវៈ និងក្រមសីលធម៌របស់គ្រូពេទ្យ។ ចំពោះសម្ភារៈទាំងបរិមាណ គុណភាព ស្របតាមស្តង់ដារបស់ អ.ស.ប។
ក្នុងនាមអ្នកសម្របសម្រួលរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា លោក Alexandre Huynh បានមានប្រសាសន៍ថា លោកមានសេចក្តីរីករាយដោយបានឃើញដំណើរនិវត្តន៍របស់កងវិស្វកម្មលេខ ៩៣៦ នៅប្រទេសលីបង់ និងកងពេទ្យកម្រិត២ លេខ៩០៨ ដែលជាការបញ្ចប់បេសកកម្មនៅប្រទេសស៊ូដង់ខាងត្បូង ដែលបានបញ្ចប់បេសកកម្ម ប្រកបដោយជោគជ័យ និងមានសុវត្ថិភាព។
សមិទ្ធផលកងទាំង២សម្រេចបាននាពេលនេះគឺជាការបង្ហាញពីឆន្ទៈមោះមុត វិជ្ជាជីវៈ ប្រកបដោយសមត្ថភាពរបស់បុគ្គផ្ទាល់ខ្លួនក្នុងការអនុវត្តការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការស្វែងរកសន្តិភាព សន្តិសុខ ក្នុងលក្ខណៈមិត្តភាព សាមគ្គីភាព អន្តរជាតិ តាមរយៈការបរិច្ចាគដល់បេសកកម្មរក្សាសន្តិភាព ប្រទេសកម្ពុជាឈរជាគំរូដល់ពិភពលោក ដែលបានបញ្ជូនកងកម្លាំង និងអ្នកជំនាញបច្ចេកទេស ទៅចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅសាធារណរដ្ឋលីបង់ និងប្រទេសស៊ូដង់ខាងត្បូង។
លោក Alexanre Huynh បានសម្តែងនូវការដឹងគុណដ៏ជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនកម្ពុជាក្នុងការជួយបង្កើតឲ្យមានសន្តិភាពជាក់ស្តែងសម្រាប់បណ្តាប្រទេសផ្សេងៗ និងអបអរសាទរចំពោះកងរក្សាសន្តិភាពរបស់កងយោធពលខេមរភូមិន្ទ ដែលបានសម្រេចជោគជ័យជាប្រវត្តិសាស្ត្ររបស់ខ្លួនជាបន្តបន្ទាប់ ដែលជាការតាំងចិត្តក្នុងការផ្តល់ជំនួយមនុស្សធម៌ដល់បណ្តាប្រទេសនានា និងបានចែករំលែកជំនាញ និងបទពិសោធន៍ជូនប្រទេសដែលរងដោយជម្លោះ និងអស្ថេរភាព ពិតជាការរួមចំណែកក្នុងការជួយសង្គ្រោះអាយុជីវិតដ៏ច្រើននៅក្នុងពិភពលោក។
លោក Alexandre Huynh បានរំឮកប្រសាសន៍របស់លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ ក្នុងពេលចូលកាន់តំណែងនាថ្ងៃដំបូងថា សន្តិភាពជាគោលដៅ និងការនាំផ្លូវរបស់យើង អ្វីដែលយើងពុះពារក្នុងនាមជាគ្រួសារ ដូចជា សេចក្តីថ្លៃថ្នូរ និងក្តីសង្ឃឹមការរីកចំរើន និងភាពរុងរឿង អាស្រ័យលើសន្តិភាព ប៉ុន្តែសន្តិភាពគឺអាស្រ័យលើយើងផងដែរ។
ក្នុងនាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ បានគូសបញ្ជាក់ថា ជោគជ័យ និងស្នាដៃដ៏ត្រចះត្រចង់របស់កងម្លាំងវិស្វកម្មលេខ៩៣៦ និងកងពេទ្យកម្រិត២ លេខ៩០៨ ដែលបានសម្រចជោគជ័យ នៅប្រទេសលីបង់ និងស៊ូដង់ខាងត្បូវនាពេលនេះ គឺជាសមិទ្ធផលថ្មីមួយបន្ថែមទៀត ក្នុងសមិទ្ធផលជាច្រើនដែលកងកម្លាំងកម្ពុជា ទទួលបានលើវិស័យរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ក្នុងរយៈពេល១១ឆ្នាំកន្លងមកនេះ គឺជាការលះបង់អាយុជីវិត ដើម្បីបុព្វហេតុ សន្តិភាព សន្តិសុខ និងមនុស្សធម៌ដល់បណ្តាប្រទេសក្នុងលោក ដែលកំពុងទទួលការរងទុក្ខដោយសារជម្លោះនានា។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ បានសង្កត់ធ្ងន់ថា ក្រៅពីការបំពេញបេសកកម្មរបស់អង្គការសហប្រជាជាតិ កងយោធពលខេមរភូមិន្ទបានបន្តអនុវត្តផែនការកែទម្រង់ដ៏ស៊ីជម្រៅរបស់ខ្លួនលើគ្រប់វិស័យ ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល សំដៅបន្តពង្រឹង និងពង្រីកសមត្ថភាពយោធិនគ្រប់រូប ឲ្យកាន់តែមានប្រសិទ្ធភាព និងបានចូលរួមចំណែកប្រកបដោយប្រសិទ្ធភាព ក្នុងកិច្ចសហការរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ការពារអធិបតេយ្យ បូរណភាពទឹកដី ដើម្បីអភិវឌ្ឍសង្គម សេដ្ឋកិច្ចជាតិ។
កងយោធពលខេមរភូមិន្ទ បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយនឹងដៃគូសន្តិសុខក្នុងតំបន់ និងអន្តរជាតិ ដោយប្រើប្រាស់យន្តការទ្វេភាគី និងពហុភាគីក្នុងគោលដៅស្វែងរកជំនួយឧបត្ថម្ភផ្សេងៗ សម្រាប់ផ្គត់ផ្គង់ដល់កងទ័ព ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ ការហ្វឹកហ្វឺនបណ្តុះបណ្តាលជំនាញបច្ចេកទេស សំដៅអភិវឌ្ឍន៍ធនធានមនុស្ស និងកសាងនាយទាហានវ័យក្មេងសម្រាប់បន្តវេននាពេលអនាគត។
កងយោធពលខេមរភូមិន្ទ បានរៀបចំលំហាត់ហ្វឹកហ្វឺនរួមគ្នាជាបន្តបន្ទាប់ទាំងក្នុងនិងក្រៅប្រទេស សំដៅលើកកម្ពស់ថែមទៀត លើវិស័យប្រតិបត្តិការរក្សាសន្តិភាព ការប្រឆាំងភេរវកម្ម សន្តិសុខលម្ហសមុទ្រ ជំនួយមនុស្សធម៌ និងសង្រ្គោះគ្រោះមហន្តរាយ ។ល។ ដើម្បីបង្កើនសមត្ថភាពយល់ដឹងលើគ្រប់វិស័យ សម្រាប់រួមចំណែកកិច្ចខិតខំប្រឹងប្រែងពង្រឹងសន្តិសុខ និងសន្តិភាពនៅក្នុងតំបន់ និងអន្តរជាតិ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលដាក់ចេញនូវចក្ខុវិស័យរបស់ខ្លួន លើវិស័យរក្សាសន្តិភាព ក្នុងគោលដៅធានានិរន្តភាពការអភិវឌ្ឍន៍ថ្មី នៃការបញ្ជូនកងកម្លាំងរក្សាសន្តិភាពនាពេលអនាគត សំដៅបន្តវិភាពទានរួមចំណែកជាមួយសហគមអន្តរជាតិ ក្នុងកិច្ចប្រឹងប្រែងស្វែងរកសន្តិភាពជូនប្រទេសដទៃ នៅលើពិភពលោកជាបន្តទៀត។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ បានសម្តែងការគោរពដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះបងប្អូនជនរួមជាតិទាំងអស់ ដែលបានលះបង់កូន ចៅ ប្តី និងសាច់ញាតិជាទីស្រលាញ់របស់ខ្លួន ដើម្បីចូលរួមចំណែកដោយស្ម័គ្រចិត្តក្នុងបេសកកម្មរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ ក្នុងនាមមនុស្សធម៌ និងថ្លែងអំណរគុណចំពោះកងកម្លាំងនៃបណ្តាប្រទេសជាមិត្តទាំងអស់ ដែលរួមបេសកកម្មរបស់អង្គការសហប្រជាជាតិ នៅសាធារណរដ្ឋលីបង់ និងស៊ូដង់ខាងត្បូង ដែលបានគាំទ្រសហការជាមួយកងកម្លាំងកម្ពុជាបំពេញបេសកកម្មមនុស្សធម៌ ដើម្បីសន្តិភាពជាប្រវត្តិសាស្ត្រនេះ ទទួលបានជោគជ័យជាបន្តបន្ទាប់៕