MENU
|
រាជធានីភ្នំពេញ៖ លោកនាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានថ្លែងនៅថ្ងៃទី២០ខែកុម្ភៈឆ្នាំ២០១៧នេះថា កងយោធពលខេមរភូមិន្ទ ត្រូវខិតខំយកចិត្តទុកដាក់ខ្ពស់ ក្នុងកិច្ចការពារឱ្យបាននូវសន្តិភាព និងប្រឆាំងដាច់ខាតរាល់សកម្មភាពការញុះញង់ណាមួយដែលបង្កអស្ថិរភាព ចលាចលក្នុងសង្គមជាតិ នាំឱ្យមានបដិវត្តន៍ពណ៌ ដើម្បីការពារភាពសុខសាន្ត ជូនប្រជាពលរដ្ឋរស់នៅក្នុងភាពសុខដុមរមនា។
លោកនាយឧត្តមសេនីយ៍ប៉ុលសារឿនបាន ថ្លែងបែបនេះ ក្នុងពិធីបិទវគ្គហ្វឹកហ្វឺន នាយទាហាន បន្តវេនជំនាន់ទី០៥ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧នេះនៅឯវិទ្យាស្ថានកងទ័ពជើងគោក។ លោកអគ្គមេបញ្ជាការបានប្រសិទ្ធិនាម នាយទាហានបន្តវេនជំនាន់ទី៥ នេះថា មហានគរអង្គរខេមរាកម្ពុជា-ចិន។
លោកនាយឧត្តមសេនីយ៍ ប៉ុល សារឿន បានផ្តាំឱ្យសិក្ខាកាមទាំងអស់ ត្រូវស្មោះត្រង់ចំពោះជាតិ លើកកម្ពស់មនសិការស្នេហាជាតិ គោរពឱ្យបានម៉ឺងម៉ាត់នូវលក្ខន្តិកៈរបស់កងយោធពល ខេមរភូមិន្ទ និងបទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជាការ ដែលបានប្រគល់ជូន។ លោកបានថ្លែងថា កងទ័ពត្រូវចូលរួមថែរក្សា ការពារសន្តិភាព ឱ្យបានរឹងមាំ និងប្រឆាំងដាច់ខាតនូវបដិវត្តន៍ពរណ៍។ ត្រូវចូលរួមថែរក្សាការពារសន្តិភាពឱ្យបានរឹងមាំ ដើម្បីទទួលបានឱកាសល្អកាន់តែច្រើនថែមទៀត ក្នុងការកសាង ជីវិតរស់នៅឱ្យកាន់តែប្រសើរឡើង និងមានសុភមង្គល។
លោកបានបន្ថែមទៀតថា កងទ័ពត្រូវបន្តការសិក្សារៀនសូត្រតាមគ្រប់រូបភាព ដូចជាតាមប្រព័ន្ធ Internet ជាដើម មានន័យថា «រៀនហើយរៀនទៀត រៀនគ្មានទីបញ្ចប់ រៀនដើម្បីចេះ មិនមែនរៀន ដើម្បីចប់» និងមានសេចក្តីអំណត់តស៊ូខិតខំប្រឹងប្រែងមិនរាថយ ដើម្បីសម្រេចបានបំណងប្រាថ្នារបស់ខ្លួន។ ត្រូវរៀបចំផែនការយុទ្ធសាស្ត្រតម្រង់ទិស និងគោលដៅមួយឱ្យបានច្បាស់លាស់ សំដៅទទួលបានជោគជ័យ ក្នុងវិថីនៃជីវិត។
លោកអគ្គមេបញ្ជាការកងទ័ពបានថ្លែងប្រាប់សិក្ខាមយោធាទៀតថាត្រូវយកចំណេះដឹងដែលបានសិក្សា និងការចុះដកបទពិសោធន៍កន្លងមក ប្រែក្លាយ ទៅការអនុវត្តជាក់ស្ដែង និងត្រូវចេះចាប់យកចំណុចគន្លឹះសំខាន់ៗ ដែលរៀមច្បងយើងអនុវត្តបានជោគជ័យក្នុងការងារ យកមកអនុវត្តក្នុងការបំពេញភារកិច្ចផ្ទាល់ខ្លួន ចេះសិក្សាការងារពីអ្នកជិតខាងខ្លួន បន្តការស្រាវជ្រាវបន្ថែម រៀនផង ធ្វើការផង ដើម្បីអភិវឌ្ឍខ្លួនឯងឱ្យបានជោគជ័យ ក្នុងអាជីពជាកងទ័ព។
លោកអគ្គមេបញ្ជាការ បានជំរុញឱ្យ មេបញ្ជាការ មេបញ្ជាការរង យោធាចារ្យ និងគ្រូគ្រប់គ្រងទាំងអស់ ត្រូវពង្រឹងគរុកោសល្យ អប់រំចិត្តសាស្ត្រ យកចិត្ត ទុកដាក់បង្ហាត់ បង្រៀនផ្ទេរចំណេះដឹង ចំណេះធ្វើ ជំនាញឯកទេស យោធា ជូនដល់សិក្ខាម ឱ្យទទួលបានលទ្ធផលល្អ។ ត្រូវយកចិត្តទុកដាក់ស្រាវជា្រវបន្ថែម ដើម្បីបង្កើនសមត្ថភាព យល់ដឹងរបស់ខ្លួន ឱ្យកាន់តែរីកចម្រើនស្របតាមការវិវឌ្ឍន៍ នៃសភាពការណ៍ និងការវិវឌ្ឍន៍នៃបច្ចេកវិទ្យានៅលើពិភពលោក។
លោកបានថ្លែងថាសាលាត្រូវបន្តសហការជាមួយ ទីចាត់ការហ្វឹកហ្វឺន និងបណ្តាស្ថាប័នពាក់ព័ន្ធ ក្នុងការរៀបចំឯកសារ និងកម្មវិធីហ្វឹកហ្វឺនឱ្យកាន់តែល្អ សំដៅបង្កើនគុណភាព ហ្វឹកហ្វឺន និងខិតខំបណ្តុះបណ្តាលយោធាចារ្យវ័យក្មេង រៀបចំកម្រិត ថ្នាក់យោធាចារ្យឱ្យសមមូល ទៅនឹងប្រព័ន្ធអប់រំជាតិ ធ្វើការសិក្សារៀបចំបញ្ចូលផ្នែកចំណេះដឹងទូទៅ (ព័ត៌មានវិទ្យា internet និងបច្ចេកវិទ្យាថ្មីៗ)។
លោកបានបន្ថែមទៀតថា សាលា ត្រូវឈរ ជាមជ្ឈមណ្ឌលសាមគ្គីឯកភាពគ្នាប្រកបដោយ ឆន្ទៈជំនាញវិជ្ជាជីវៈ ចូលរួមគ្រប់សកម្មភាព និងរក្សាតម្លៃកេរ្តិ៍ឈ្មោះឱ្យបានល្អ ដើម្បីអភិវឌ្ឍឱ្យកាន់តែល្អប្រសើរថែមទៀត។ វិទ្យាស្ថានត្រូវ សហការអោយបានស្អិតរមួត ជាមួយភាគីចិន ក្នុងការបន្តបញ្ជូនសិក្ខាកាមរបស់យើង អោយទៅបន្ត បណ្តុះបណ្តាលជំនាញផ្សេងៗ នៅតាម បណ្តាវិទ្យាស្ថាននានា នៃសាធារណរដ្ឋប្រជាមានិតចិន ព្រោះវាចំណុចគន្លឹះក្នុងការសិក្សាស្វែងយល់ ដកស្រង់ បទពិសោធន៍ ដៅបង្កើនសមត្ថភាពរបស់ នាយទាហានវ័យក្មេង ឱ្យកាន់តែរីកចម្រើន ប្រកបដោយថាមពល។
គួរបញ្ជាក់ថាក្រសួងការពារជាតិប្រារព្ធពិធីសម្ពោពដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ ក្រោមអធិបតីភាព លោក នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងឯកឧត្តម ហ្សង់ ប៉ ឯកអគ្គរដ្ឋទូតវិសមញ្ញ និងពេញសមត្ថភាពនៃសាធារណៈរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា ។
លោក ឧត្តមសេនីយ៍ឯក ពេជ្រ ឈឿន អគ្គនាយករង អគ្គនាយកដ្ឋាន ភស្ភុភា ហិរញ្ញវត្ថុ ក្នុងក្រសួងការពារជាតិបានឡើងអានរបាយការណ៍ ដោយបានគូសបញ្ជាក់ថាៈ អនុវត្តតាម ផែនការកែទម្រង់ប្រាំឆ្នាំរបស់ ខ.ភ.ម កងពលតូចដឹកជញ្ជូនលេខ៩៩ ពីមុននៅកងអនុយោធាធំដឹកជញ្ជូនត្រូវបានកែសម្រួលទៅជាកងពលតូចដឹកជញ្ជូនលេខ៩៩ វិញចំណុះឲ្យអគ្គនាយកដ្ឋានភស្ភុភា ហិរញ្ញវត្ថុ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១០ ។
លោក បានបញ្ជាក់ថា កងពល តូចដឹកជញ្ជូនលេខ៩៩ ក្នុងរយៈពេលកន្លងមកបានដើរតួនាទីយ៉ាងសំខាន់ក្នុងការដឹកជញ្ជូនទំនិញ សំភារៈភស្ភុភា សំភារៈសឹក សំភារៈសំណង់ កំលាំងទ័ពផ្តល់ឲ្យ ខ.ភ.ម បម្រើឲ្យការងារ ប្រយុទ្ធ ការហ្វឹកហ្វឺន ការកសាងជំរុំបន្ទាយ និងការផ្លាស់ប្តូរទីតាំងចល័តទ័ព ។
ក្រៅពីនេះកងទ័ពក៏បានធ្វើការងារមនុស្សធម៍ ដោយបានដឹកទឹកចែកជូនប្រជាពលរដ្ឋ ដឹកគ្រូពេទ្យស្ម័គ្រចិត្តចុះជួយព្យាបាលប្រជាពលរដ្ឋ ដឹកកម្មករចំណាកស្រុកទៅកាន់លំនៅដ្ឋានវិញ និងដឹកយុវជនស្ម័គ្រចិត្តចុះជួយវាស់ដីជូនប្រជាពលរដ្ឋ ។ ទាក់ទងទៅនឹងយានដ្ឋានជួសជុលរថយន្តដែលបានប្រារព្ធពិធីសម្ភោពនៅពេលនេះ ឯកឧត្តម បានបញ្ជាក់ថា យានដ្ឋានជួសជុលរថយន្តនេះ ត្រូវបានសាងសង់អស់រយៈពេលពីរឆ្នាំ គិតចាប់តាំងពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៦ ដោយធ្វើការសហការជាមួយអ្នកឯកទេសចំនួនប្រាំក្រុម ក្នុងនោះភាគីចិនបានផ្តល់នូវសំភារៈបរិក្ខា ឧបករណ៍ជូសជុលរថយន្ត និងជួយបង្រៀនដល់សិក្ខាកាមកម្ពុជាឲ្យចេះប្រើប្រាស់ឧបករណ៍ជួសជុលរថយន្តផងដែរ ។
លោក ហ្សង់ ប៉ អគ្គរដ្ឋទូតចិនប្រចាំកម្ពុជាបានមានប្រសាសន៍ថាៈ ចិននិងកម្ពុជា ជាអ្នកជិតខាងល្អ ដែលមានមិត្តភាពប្រពៃណី និងជាដៃគូរ សហប្រតិបត្តិការយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ។ រដ្ឋាភិបាលចិនបានយកចិត្តទុកដាក់ចំពោះការរីកចម្រើន ការទំនាក់ទំនងជាដៃគូរសហប្រតិបត្តិការ ជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងមានឆន្ទះពង្រីកវិស័យសហប្រតិបត្តិការនេះយ៉ាងសកម្មជាមួយភាគីកម្ពុជា ។ លោក បានសម្តែងនូវជំនឿជឿជាក់ថាៈ យានដ្ឋានជួសជុលរថយន្តនេះ និងបង្កើតសមត្ថភាពថែរក្សាជួសជុលរថយន្តនៃកងទ័ពកម្ពុជា និងពង្រីកកិច្ចសហប្រតិបត្តិការមិត្តភាពរវាងប្រទេសទាំងពីរ និងកងទ័ពទាំងពីរកម្ពុជា ចិន ឲ្យកាន់តែប្រសើរឡើងថែមទៀត ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ បាញ់រដ្ឋមន្រ្តីក្រសួងការពារជាតិ បានបញ្ជាក់ទៀតថាៈ ការសម្ភោធយានដ្ឋានជួសជុលរថយន្តជាជំនួយរបស់ក្រសួងការពារជាតិចិន ជូនដល់កងពលតូចដឹកជញ្ជូនលេខ៩៩ នាពេលនេះគឺជាសមិទ្ធផលមួយថ្មីទៀតលើសមិទ្ធផល ជាច្រើនដែលក្រសូងការពារជាតិចិនបានជួយដល់ ខ.ភ.ម ហើយសមិទ្ធផលដែលទទួលបាននាពេលនេះគឺពិតជាមានតំលៃសមស្របទៅតាមសេចក្តីត្រូវការចាំបាច់របស់កម្ពុជា ព្រមទាំងបញ្ជាក់ចំណងសាមគ្គីភាពដ៏រឹងមាំ កម្ពុជា ចិន ស្ថិតថេរគង់វង្សជាអមតៈ ។