MENU
|
រាជធានីភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Thomas Greminger អគ្គនាយករង និងជាប្រធានកិច្ចសហប្រតិបត្តិការភាគខាងត្បូងនៃទីភ្នាក់ងារស្វីស សម្រាប់ការអភិវឌ្ឍន៏និងសហប្រតិបត្តិការ ដោយមានការរួមអមដំណើរដោយឯកឧត្តម Ivo Sieber ឯកអគ្គរដ្ឋ ទូតស្វីសប្រចាំប្រទេសកម្ពុជាផងដែរ ។
ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន បានស្វាគមន៍ចំពោះទសន្សកិច្ចរបស់គណៈប្រតិភូស្វីស នៅកម្ពុជាហើយបានថ្លែងអំរណគុណចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋសហព័ន្ធស្វីស ដែលបានដើរតួនាទីយ៉ាងសកម្មក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍន៏សេដ្ឋកិច្ច និងសង្គមនៅកម្ពុជា តាមរយៈការគាំទ្រហិរញ្ញប្បទាន សម្រាប់កម្មវិធីដំណើរការបែបលទ្ធិប្រជាធិបតេយ្យ ដោយជួយធ្វើកំណែទម្រង់ការអភិវឌ្ឍន៏តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ដែលមានសារៈសំខាន់ក្នុងការលើកកម្ពស់ប្រជាធិបតេយ្យ អភិបាលកិច្ចល្អ និងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមកិច្ចនៅមូលដ្ឋាន ព្រមទាំងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងការចូលរួមវិភាគទានជាមួយរាជរដ្ឋាភិបាលកម្ពុជា សម្រាប់គាំទ្រដល់វិស័យសុខាភិបាល ជាពិសេស ការគាំទ្រជាហិរញ្ញប្បទាន ក៏ដូចជាសម្ភារៈបរិក្ខារពេទ្យនានា ដល់មន្ទីរពេទ្យគន្ធបុប្ផា ។
ឯកឧត្តម Thomas Greminger បានថ្លែងអំណរគុណចំពោះឯកឧត្តមបណ្ឌិតទេសរដ្ឋមន្រ្តី ដែល បានផ្តល់កិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា និងស្វីស នាពេលកន្លងមក និងបានគូសបញ្ជាក់ឡើងវិញជាមួយនឹងការសន្យាថា ស្វីស នឹងបន្តដើរតួនាទីរបស់ខ្លួន ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនានា ទាំងផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេស ។
ជារួម, ស្វីសនឹងបន្តការគាំទ្រហិរញ្ញប្បទានជាបន្តបន្ទាប់ ដូចជា ការលើកកម្ពស់ទាំងគុណភាព និងសមត្ថភាព ដល់ប្រតិបត្តិការកម្មវិធីដំណើរការបែបលទ្ធិប្រជាធិបតេយ្យ និងជាពិសេស បន្តការជ្រោមជ្រែង និងកៀរគរប្រភពហិរញ្ញប្បទាននានា ដើម្បីទ្រទ្រង់ដល់មន្ទីរពេទ្យគន្ធបុប្ផា ។