MENU
|
រាជធានីភ្នំពេញ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិកប្រចាំនៅប្រទេសកម្ពុជាចេញផ្សាយនៅថ្ងៃទី៦ខែមេសាឆ្នាំ២០១៧បានអះអាងថាទីភ្នាក់ងារUSAID ផ្តល់ជំនួយថ្មីមួយដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់អភិវឌ្ឍន៍អន្តរជាតិ (USAID) បានប្រកាសមូលនិធិអំណោយថ្មីមួយ ដែលគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង របស់គណៈកម្មាធិការ ជាតិរៀបចំការ បោះឆ្នោត (គ.ជ.ប) សំរាប់រៀបចំការបោះឆ្នោត ឆ្នាំ ២០១៧ និង២០១៨ នៅកម្ពុជា។
ជំនួយនេះសម្រាប់គំរោងគ្រប់គ្រងការបោះឆ្នោតនៅកម្ពុជា រយៈពេល២ឆ្នាំ និងមានទឹកប្រាក់ចំនួន ១,៨ លានដុល្លា អាមេរិកនេះ ដែលត្រូវបានផ្តល់អោយទៅមូលនិធិអន្តរជាតិសម្រាប់ប្រព័ន្ធ បោះឆ្នោត នឹងជួយ គជប នៅក្នុងការធ្វើយុទ្ធនាការអប់រំអ្នកបោះឆ្នោតពង្រឹងដំណើរការដោះស្រាយវិវាទនៅក្នុងការបោះឆ្នោត និងលើកកំពស់សមត្ថភាពរបស់គជប ក្នុងការរក និងកាត់បន្ថយចំណុច ខ្សោយ នៅក្នុងប្រព័ន្ធបោះឆ្នោត នៅកម្ពុជា។
សេចក្តីប្រកាសព័ត៌មានបានដកស្រង់ប្រសាសន៍របស់លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក William Heidt បានមានប្រសាសន៍ថា «ការចូលរួម ក្នុងការបោះឆ្នោតគឺជាគ្រឹះនៃលទ្ធិប្រជាធិបតេយ្យដ៏ល្អមួយ។ យើងរីករាយនឹងធ្វើការជាមួយ គ.ជ.ប អង្គការសង្គមស៊ីវិល គណបក្សនយោបាយនានា ដើម្បីបន្ត ពង្រឹង លទ្ធិប្រជាធិ បតេយ្យនៅ ប្រទេសកម្ពុជា”។
កម្មវិធីនេះមានបន្តពីជំនួយកន្លងមករបស់ទីភ្នាក់ងារ USAID ចំពោះគជប ដែលរួមមានការវាយតំលៃសមត្ថភាពផ្ទៃក្នុង ការបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងការបោះឆ្នោត និងជំនួយ ដើម្បីធ្វើសេចក្តីប្រកាសរបស់ផ្នែកសេវាសាធារណៈស្តីពីការចុះឈ្មោះអ្នកបោះឆ្នោត។អំណោយថវិកាថ្មីនេះនឹងជួយធ្វើអោយប្រាកដថា គ.ជ.ប ធ្វើតាមការបេ្តជ្ញារបស់ខ្លួន ក្នុងការរៀបចំការបោះឆ្នោតមួយអោយមានប្រសិទ្ធិភាព និងធ្វើកំណែរទម្រង់ប្រព័ន្ធបោះឆ្នោតប្រកបដោយអត្ថន័យ តាមរយៈការបោះឆ្នោតឃុំ នៅឆ្នាំ ២០១៧ និងការបោះឆ្នោតជាតិ នៅឆ្នាំ ២០១៨។
ស្ថានទូតអាមេរិកបានលើកឡើងថា៖អំពីទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់អភិវឌ្ឍន៏អន្តរជាតិ USAIDUSAID ត្រូវបានបង្កើតឡើង នៅក្នុងឆ្នាំ១៩៦១ ដោយលោកប្រធានាធិបតី John F. Kennedy និងជាទីភ្នាក់ងារឈានមុខគេរបស់រដ្ឋាភិបាលអាមេរិកក្នុងការផ្តល់ជំនួយបរទេស ។ ចាប់តាំងពីឆ្នាំ ១៩៩២ USAID បានផ្តល់ថវិកា ប្រមាណជា១ពាន់លានដុល្លា ដល់ការអភិវឌ្ឍប្រទេសកម្ពុជា ។
អំពីមូលនិធិអន្តរជាតិសម្រាប់ប្រព័ន្ធបោះឆ្នោត (IFES)IFES គាំទ្រសិទ្ធិពលរដ្ឋក្នុងការចូលរួមបោះឆ្នោតដោយសេរី និងយុត្តិធម៌។ អ្នកជំនាញឯករាជ្យរបស់យើង ពង្រឹងប្រព័ន្ធបោះឆ្នោត និងកសាងសមត្ថភាពមូលដ្ឋាន ដើម្បី ផ្តល់នូវដំណោះស្រាយប្រកបដោយ និរន្តភាព។ ចាប់តាំងពីឆ្នាំ១៩៨៧ IFES ធ្វើការនៅជាង១៤៥ប្រទេស ចាប់ពីប្រទេសដែលមាន លទ្ធិប្រជាធិបតេយ្យកំពុងអភិវឌ្ឍ ដល់ប្រទេសដែលមានលទ្ធិប្រជាធិបតេយ្យចាស់ទុំ។
លោកហង្ស ពុទ្ធាអ្នកនាំពាក្សគ.ជ.បបានលើកឡើងលោកបានទទួលព័ត៌មានពីការប្រកាសនេះដែរ។តែលោកថាមិនទាន់មានឯកសារផ្លូវការណាមួយជំវិញការផ្តល់ជំនួយរបស់USAIDនៅឡើយទេ។លោកបានអះអាងថាតាមការប៉ាន់ប្រមាណគ.ជ.បគ្រោងចំណាយ៥០លានដុល្លារសម្រាប់ការចុះឈ្មោះនិងការរៀបចំការបោះឆ្នោតឃុំសង្កាត់អាណត្តិ៤ដែលគ្រោងប្រព្រឹត្តទៅនៅថ្ងៃទី៤ខែមិថុនាឆ្នាំ២០១៧ខាងមុខ។