MENU
|
រាជធានីភ្នំពេញ៖ មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីនារីម្នាក់ ត្រូវបានឃាតកបាញ់សម្លាញ់យ៉ាងសាហាវព្រៃផ្សៃស្លាប់ភ្លាមៗនៅក្នុងផ្ទះសំណាក់យីហោ សារីធំ កាលពីវេលាម៉ោង១និង៣០នាទី យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅក្នុងបន្ទប់លេខ៤០៤ ក្នុងផ្ទះសំណាក់យីហោ សារីធំ ដែលមានទីតាំងនៅតាមបណ្តោយផ្លូវ២៧៣ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលជាឃាតកត្រូវបានគេស្គាល់មានឈ្មោះសេង ដារ៉ា អត្តលេខ ០៧២០ ជាមន្ត្រីការិយាល័យឥស្សរិយយស-អ.រ.ស និងអាយឌី មួយគ្រឿង (ដែលបានជ្រុះស្លាកសម្គាល់ឈ្មោះនៅនឹងកន្លែងកើតហេតុ) រត់គេចខ្លួនបាត់។ ចំណែកជនរងគ្រោះជានារីរូបស្រស់ខាងលើ ត្រូវបានគេស្គាល់មានឈ្មោះ ស្រ៊ុន ស្រីលក្ខណ៍ ភេទស្រី អាយុ២៥ឆ្នាំ មានស្រុកកំណើតនៅភូមិត្រពាំងរាំង ឃុំអង្គមាស ស្រុកដងទង់ ខេត្តកំពត ត្រូវឃាតក បាញ់ប្រហារចំភ្នែកធ្លាយទៅខាងក្រោយ ស្លាប់ក្នុងថ្លុកឈាមលើពូកក្នុងបន្ទប់ផ្ទះសំណាក់ខាងលើ។
ក្រោយពីមានហេតុការណ៍នេះកើតឡើងភ្លាមៗនារីរងគ្រោះខាងលើត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត ប៉ុន្តែស្លាប់ទៅហើយជួយមិនបាននោះទេ។ បន្ទាប់មកគេសង្កេតឃើញកម្លាំងមានសមត្ថកិច្ចជាច្រើននាក់ បានចុះមកធ្វើការអន្តរាគមន៍ពិនិត្យស្រាវជ្រាវដល់កន្លែងកើតហេតុ ដោយជនសង្ស័យជាឃាតក បានបន្សល់ស្លាកស្នាមដោយបានជ្រុះនូវស្លាកឈ្មោះសម្គាល់ស្ថាប័នរបស់ខ្លួនរួមនិងវិទ្យុទាក់ទងមួយគ្រឿងផងដែរ។
រហូតមកទល់ពេលនេះសមត្ថកិច្ចកំពុងតែបើកការស្រាវជ្រាវតាមចាប់ខ្លួនជនសង្ស័យជាឃាតកខាងលើ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ចំណែកមូលហេតុ ដែលបណ្តាលឲ្យមានការបាញ់សម្លាប់នារីខាងលើ យើងនៅមិនទាន់ដឹងនៅឡើយនោះទេ ព្រោះសមត្ថកិច្ចជំនាញកំពុងតែធ្វើការពិនិត្យនិងស្រាវជ្រាវ៕