MENU
|
រាជធានីភ្នំពេញ៖ យុវជនម្នាក់ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលនគរបាលព្រែកប្រាធ្វើការឃាត់ខ្លួនពាក់ព័ន្ធនឹងការរួមភេទជាមួយអនីតិជនក្រោមអាយុ១៥ឆ្នាំកាលពីវេលាយប់ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៧ នៅចំណុចផ្ទះសំណាក់ " ដាលីន " ស្ថិតក្នុងភូមិជ្រោយបាសាក់ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ។
ជនសង្ស័យមានឈ្មោះ លឹម សំណាង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះលេខ៣៩ ភូមិដើមម៉ាក់ក្លឿ សង្កាត់ ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ ។ ដោយឡែកក្មេងស្រីរងគ្រោះសុំមិនបញ្ចេញឈ្មោះ មានអាយុ១៤ឆ្នាំ ។
មន្ត្រីនគរបាលអោយដឹងថា ជនសង្ស័យនិងនារីជាជនរងគ្រោះ ត្រូវជាសង្សារនឹងគ្នាដោយការស្រលាញ់របស់ពួកគេម្តាយឪពុកខាងស្រីក៏ស្គាល់យុវជនជាសង្សារដែរ។ ក្រោយការស្រលាញ់គ្នាបានចិត្តថ្លើមមិនទាន់បានប៉ុន្មានផងនោះពួកគេបាននាំគ្នារត់ចេញពីផ្ទះជាង១ខែតាំងពីថ្ងៃទី២៨ ខែកុម្ភះទៅជួលផ្ទះសំណាក់ " ដាលីន " ស្ថិតក្នុងភូមិជ្រោយបាសាក់ សង្កាត់ព្រែកប្រាដើម្បីរួមរស់នៅជាមួយគ្នា ។
ក្រោយការបាត់ខ្លួនឪពុកម្តាយរបស់នាងបានមកដាក់ពាក្យប្តឹងនៅប៉ុស្តិ៍រដ្ឋបាលនគរបាលព្រែកប្រាស្តីពីការបាត់ខ្លួនរបស់កូនស្តី ប៉ុន្តែក្នុងនោះអាណាព្យាបាលរបស់នាងបានដាក់ការសង្ស័យលើបុរសជាសង្សារ( ជនសង្ស័យ )ថាជាអ្នកនាំរត់គេចខ្លួន ។
លុះមកទល់នឹងវេលាម៉ោង១៦ និង ០០នាទីល្ងាចថ្ងៃទី០៨ មេសា ២០១៧ ឪពុកក្មេងស្រីរងគ្រោះបានប្រទះឃើញ ជនសង្ស័យនៅចំណុចផ្លូវប៉េតុងមួយកន្លែងក្នុងសង្កាត់ច្បារអំពៅ១ ហើយជិះតាមរហូតតាមដល់ផ្ទះសំណាក់ដែលពួកគេស្នាក់នៅ ក៏ជិះម៉ូតូមកប្តឹងមន្ត្រីនគរបាលមូលដ្ឋានអោយជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យនិងនាំខ្លួនកូនស្រីខ្លួនមកវិញ ។
បច្ចុប្បន្នជនសង្ស័យត្រូវឃុំខ្លួនបណ្តោះអាសន្ននៅប៉ុស្តិ៍រដ្ឋបាលនគរបាលព្រែកប្រា រងចាំកសាងសំណុំរឿងបញ្ចូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីបន្តនីតិវិធីតាមច្បាប់ ។ ដោយឡែកក្មេងស្រីរងគ្រោះត្រូវសមត្ថកិច្ចអប់រំណែនាំរួចប្រគល់ជូនអាណាព្យាបាលទទួលយកទៅលំនៅឋានវិញ ៕