MENU
|
រាជធានីភ្នំពេញ៖ ឯកឧត្តម កឹម សុខា អនុប្រធាននិងជាប្រធានស្តីទីគណបក្សសង្រ្គោះជាតិបានថ្លែងនៅថ្ងៃទី១៣វិច្ឆិកាថាឯកឧត្តមសូមអំពាវនាវដល់ព្រះសង្ឃនិងពលរដ្ឋខ្មែរទាំងពីរភេទដែលមានព្រះជន្មនិងអាយុ១៨ឆ្នាំឡើងត្រូវទៅចុះឈ្មោះទាំងអស់គ្នាឲ្យមានមុនថ្ងៃទី២៩ខែវិច្ឆិកានេះ។
ឯកឧត្តម កឹម សុខា បានចេញសេចក្ដីអំពាវនាវនិមន្ដនិងអញ្ជើញទៅចុះឈ្មោះបោះឆ្នោតដោយបានសរសេរនៅលើកបណ្តាញទំនាក់ទំនងសង្គមរបស់ឯកឧត្តមផ្ទាល់និងជាសម្លេងដើមវីដេអូផង។ឯកឧត្តមថ្លែងថាខ្ញុំព្រះករុណា ខ្ញុំបាទ កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ សូមអំពាវនាវសារជាថ្មីម្តងទៀតចំពោះ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងបងប្អូនជនរួមជាតិខ្មែរទាំងអស់ ដែលមានព្រះជន្ម និងអាយុ១៨ឆ្នាំឡើងទៅ គិតដល់ថ្ងៃបោះឆ្នោតថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ សូមនិមន្ត និងអញ្ជើញឲ្យបានរួសរាន់ទៅចុះឈ្មោះបោះឆ្នោតសម្រាប់ធ្វើបញ្ជីឈ្មោះបោះឆ្នោតថ្មី ព្រោះរយៈពេលកំណត់សម្រាប់ការចុះឈ្មោះបោះឆ្នោតនេះ នឹងត្រូវបិទបញ្ចប់ត្រឹមថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ឆាប់ៗខាងមុខនេះហើយ។
ឯកឧត្តមថ្លែងថាខ្ញុំព្រះករុណា ខ្ញុំបាទ យល់ឃើញថា ទោះបីជាមានឧបសគ្គ ឆ្លងកាត់ការលំបាកយ៉ាងណាក៏ដោយ ក្នុងនាមជាពលរដ្ឋខ្មែរ បងប្អូនជនរួមជាតិគួរតែព្យាយាមឲ្យអស់ពីលទ្ធភាព បំពេញកាតព្វកិច្ចទៅចុះឈ្មោះបោះឆ្នោត ដើម្បីឲ្យបងប្អូនមានឈ្មោះក្នុងបញ្ជីបោះឆ្នោតថ្មីនេះទើបបងប្អូនអាចអញ្ជើញទៅបោះឆ្នោតបាន ដើម្បីសម្រេចជោគវាសនា អនាគតខ្លួនយើង គ្រួសារយើង សង្គមយើង និងប្រទេសជាតិយើងបាន។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គជប)នៅថ្ងៃទី១៤ខែវិច្ឆិកាបានប្រកាសថាគិតត្រឹមថ្ងៃទី១៣ខែវិច្ឆិកាឆ្នាំ២០១៦នេះមានពលរដ្ឋខ្មែរជាង៧លាននាក់ស្មើនឹង៧៣.៣៧%បានទៅចុះឈ្មោះបោះឆ្នោតនៅតាមការិយាល័យចំនួន១៦៣៣ឃុំ/សង្កាត់ទូទាំងប្រទេស។ពលរដ្ឋដែលមិនបានទៅចុះឈ្មោះបោះឆ្នោតនឹងមិនមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតហើយគ្មានសិទ្ធិបោះឆ្នោតសម្រាប់ឆ្នាំ២០១៧ខាងទេ៕