MENU
|
រាជធានីភ្នំពេញ៖ ឯកឧត្តម កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិបានចេញលិខិតផ្លូវការមួយបានបញ្ជាក់ថាយោងតាមលទ្ធផលបណ្តោះអាសន្នគណបក្សសង្រ្គោះជាតិបានដណ្តឹមដំណែងមេឃុំចៅសង្កាត់ជិត៥០០ឃុំសង្កាត់និងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ជិតពាក់កណ្តាលនៃចំនួនក្រុមប្រឹក្សាទូទាំងប្រទេស។
ឯកឧត្តម កឹម សុខា បានលើកឡើងថាទោះបីជាបរិយាកាសនយោបាយមានការគម្រាមកំហែងនិងធ្វើទុកបុកម្នេញមកលើសមាជិកគណបក្សសង្រ្គោះជាតិនិងប្រជាពលរដ្ឋជាបន្តបន្ទាប់រួមទាំងមានភាពមិនប្រក្រតីជុំវិញការបោះឆ្នោតមិនទាន់ដោះស្រាយហើយក៍ដោយចុះ។លទ្ធផលនេះបានបង្ហាញថាគណបក្សសង្រ្គោះជាតិបានកើនអាសនៈចំនួន១២ដងបើប្រៀបធៀបនឹងឆ្នាំ២០១២គណបក្សសមរង្ស៊ីនិងសិទ្ធិមនុស្សបាន៤០រូប។
ឯកឧត្តមកឹមសុខាបានថ្លែងថាក្នុងនាមប្រធានគណបក្សសង្រ្គោះជាតិសូមថ្លែងអំណរគុណចំពោះបងប្អូនជនរួមជាតិ សកម្មជន និងអ្នកគាំទ្រគណបក្សសង្រ្គោះជាតិទាំងអស់ដែលបានទៅបោះឆ្នោតទាំងអស់ជាពិសេសបោះឆ្នោតឲ្យគណបក្សសង្រ្គោះជាតិ។
ឯកឧត្តមកឹម សុខាបានប្រកាសថាគណបក្សប្រឆាំងបានដណ្តឹងជ័យជំនះពីគណបក្សកាន់អំណាចយ៉ាងច្រើនក្នុងការដឹកនាំឃុំសង្កាត់។លទ្ធផលនេះជាមូលដ្ឋានក្នុងការដណ្តើមជ័យជំនះក្នុងការបោះឆ្នោតជាតិឆ្នាំ២០១៨ខាងមុខ។តាមបទពិសោធន៍បោះឆ្នោតនៅកម្ពុជាកន្លងមកចំនួនអ្នកបោះឆ្នោតគាំទ្រគណបក្សប្រឆាំងពេលបោះឆ្នោតតំណាងរាស្រ្តតែងតែច្រើនជាង១៥%នៃចំនួពេលបោះឆ្នោតឃុំសង្កាត់។
ដោយឡែកយោងព័ត៌មានហ្វេសប៊ុនសម្តេចហ៊ុនសែប្រធានគណបក្សប្រជាជនកម្ពុជាបានលើកឡើងថាក្នុងនាមខ្ញុំជានាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមអរគុណដល់បងប្អូនប្រជាពលរដ្ឋខ្មែរទូទាំង ប្រទេស និងគ្រប់គណបក្សនយោបាយទាំងអស់ ព្រមទាំងគណកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានចូលរួមនៅក្នុងដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៤នេះ ចាប់តាំង ពីថ្ងៃផ្តើមយុទ្ឋនាការឃោសនាបោះឆ្នោតរហូតមកដល់ថ្ងៃបោះឆ្នោតដែលបានប្រព្រឹត្តិទៅដោយរលូននិងជោគជ័យនៅថ្ងៃនេះ។
សម្តេចតេជាលើកឡើងថា ជាមួយគ្នានេះដែរ ខ្ញុំក៏សូមអរគុណដល់អាជ្ញាធរ សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលបានចូលរួមថែរក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់ ទាំងនៅក្នុងដំណើការឃោសនា បោះឆ្នោត និងនៅក្នុងថ្ងៃបោះឆ្នោត។ ទន្ទឹមនឹងនេះ ខ្ញុំក៏សូមអរគុណយ៉ាងជ្រាលជ្រៅផងដែរ ដល់អង្គការជាតិ និងអន្តរជាតិដែលបានចូលរួមសង្កេតការណ៍នៅក្នុងដំណើរការបោះឆ្នោតនៅកម្ពុជាថ្ងៃនេះប្រកប ដោយតម្លាភាព សេរីត្រឹមត្រូវ និងយុត្តិធម៌ ហើយសង្ឃឹមថាបណ្តាអង្គការដៃគូទាំងអស់នឹងបន្តចូលរួមសង្កេតការណ៍នៅក្នុងការបោះឆ្នោតអាណត្តិក្រោយៗទៀត។ខ្ញុំសូមជូនពរ បងប្អូនប្រជាពលរដ្ឋ ទូទាំងប្រទេស ជួបប្រទះតែសេចក្ដីសុខ និងសុភមង្គលក្នុងគ្រួសារគ្រប់ៗគ្នា៕