MENU
|
រាជធានីភ្នំពេញ៖ បុរសបែកថ្នាំម្នាក់ទំនងទើបសេពថ្នាំញៀនរួច វង្វេងស្មារតី រត់ឡើងលើដំបូលផ្ទះបងប្អូនប្រជាពលរដ្ឋ ចំណុចភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កាលពីវេលាម៉ោង១៣ និង០០នាទីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៧ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះនាំខ្លួនមកកាន់ប៉ុស្តិ៍រដ្ឋបាលនគរបាលមូលដ្ឋានដើម្បីសាកសួរនាំ ។
បុរសខាងលើមានឈ្មោះ សុខ មោគ អាយុ២៩ឆ្នាំ មុខរបរ និងទីលំនៅមិនពិតប្រាកដ មានស្រុកកំណើត នៅស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋបញ្ជាក់ថា នៅវេលាខាងលើគេសង្គេតឃើញបុរសបែកថ្នាំខាងលើ មិនថាមកពីណា បានរត់មកឡើងលើដំបូលផ្ទះពលរដ្ឋ ដែលមានកម្ពស់ជាង៥ម៉ែត្រ ទាំងសភាពភ័យស្លន់ស្លោរ និងបែកឈើសជោគខ្លួន រួមទាំងស្រែកហៅអោយគេឯងជួយ ។ភ្លាមប្រជាពលរដ្ឋនាំគ្នាចោមរោមមើល ពិសេសម្ចាស់ផ្ទះបានស្រែកប្រាប់អោយរូបគេចុះមកខាងក្រោមវិញ ដើម្បីនិយាយគ្នា តែគេមិនព្រមចុះឡើយ ទើបប្រជាពលរដ្ឋរាយការណ៍ជូន សមត្ថកិច្ចអោយចុះអន្តគមន៍ដល់ទីតាំងខាងលើ ។ ពេលឃើញ សមត្ថកិច្ចទៅដល់ ជនបែកថ្នាំរូបនោះ ក៏បានចុះពីដំបូលផ្ទះពលរដ្ឋតាមសម្រួល ហើយឡើងជិះម៉ូតូទៅកាន់ប៉ុស្តិ៍នគរបាលមូលដ្ឋានជាមួយ សមត្ថកិច្ចតាមសម្រួល ។
ចំពោះមុខ សមត្ថកិច្ច រូបគេបានឆ្លើយសារភាពថា មូលហេតុដែលខ្លួនរត់ឡើងលើផ្ទះពលរដ្ឋ គឺដោយសារមានមនុស្សមួយក្រុមធំ ប្រដាប់ដោយដំបង បានជិះម៉ូតូដេញខ្លួនតាំងពីចំណុចផ្សារនាគមាស រហូតមកដល់ចំណុចខាងលើ អស់ផ្លូវរត់ទើបខ្លួនសម្រេចឡើងលើផ្ទះពលរដ្ឋ ដើម្បីគេចផុតពីការដេញវាយ ។ ដោយឡែកប្រភពពីប្រជាពលរដ្ឋវិញ អះអាងថា មិនមានឃើញនណារដេញវាយរូបគេឡើយ គឺឃើញតែគេម្នាក់ឯងរត់ឡើងតែម្នាក់ ។
យ៉ាងណាមិញបច្ចុប្បន្នរូបគេត្រូវឃាត់ខ្លួនបណ្តោះអាសន្ននៅប៉ុស្តិ៍រដ្ឋបាលនគរបាលស្ទឹងមានជ័យ ក្រោយសមត្ថកិច្ចពិនិត្យឃើញមានសារធាតុញៀនក្នុងខ្លួន ៕