MENU
|
រាជធានីភ្នំពេញ៖ លោកជំទាវឡោក ខេង សមាជិករដ្ឋសភាមណ្ឌលភ្នំពេញ និងជាអនុប្រធានក្រុមការងារចុះជួយខណ្ឌច្បារអំពៅ នាវេលារសៀលថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានមានប្រសាសន៍ថ្លែងជាសាធារណៈអោយដឹងថា សន្លឹកឆ្នោតនៃការគាំទ្រពីសំណាក់ប្រជាជនមកលើគណបក្សប្រជាជនកម្ពុជាប្រមាណ៥០%ត្រូវបានបាត់បង់ក្នុងមូលដ្ឋានខណ្ឌច្បារអំពៅទាំងមូលដោយសារតែលោកអធិការនិងជំនាញពាក់ព័ន្ធបណ្តែតបណ្តោយអោយមានអំពើក៏ដូចជាសកម្មភាពមួយចំនួននៅបន្តកើតមានក្នុងមូលដ្ឋានដូចជា គ្រឿងញៀន ក្មេងទំនើងបងតូចបងធំល្បែងស៊ីសងគ្រប់ប្រភេទពិសេសហ្គេមបាញ់ត្រីតែម្តង ។
ការថ្លែងរបស់លោកជំទាវធ្វើឡើងក្នុងអង្គពិធីរបស់ក្រុមការងារថ្នាក់ជាតិចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខណ្ឌគណៈអភិបាលខណ្ឌមន្ត្រីថ្នាក់ដឹកនាំសង្កាត់និងដឹកនាំភូមិក្នុងខណ្ឌច្បារអំពៅនាវេលារសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ប្រព្រឹត្តិទៅនៅទីតាំងគណបក្សប្រជាជនខណ្ឌច្បារអំពៅស្ថិតក្នុងសង្កាត់ច្បារអំពៅ១ខណ្ឌច្បារអំពៅ ក្រោមវត្តមានលោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនងព្រឹទ្ធសភា រដ្ឋសភា និងអធិការកិច្ចនិងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយរាជធានីភ្នំពេញ រួមទាំងមានការចូលរួមពីសំណាក់លោកអ៊ាង ស៊ីផាន អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅអធិការ មេបញ្ជាការ ចៅសង្កាត់ទាំង៨ មន្ត្រីចំណុះជំនាញ និងសមាជិកសមាជិការជាច្រើនរូបទៀតផងដែរ ។
លោកជំទាវឡោក ខេង បានបញ្ជាក់ថា បញ្ហាអសន្តិសុខដូចដែលបានរៀបរាប់ខាងលើគឺតែងតែងបង្កអោយមានភាពអណាធិបតេយ្យច្រើនដល់សង្គមជាហេតុធ្វើអោយសន្តិសុខនិងស្ថេរភាពនយោបាយក្នុងសង្គមហាក់មានកំសោយថយចុះ ប្រសិនបើលោកអធិការបន្តបណ្តែតបណ្តោយអោយសកម្មភាព និងទិដ្ឋភាពទូទៅទាំងនេះនៅបន្តកើតមានក្នុងមូលដ្ឋានរបស់ខ្លួន។ លោកជំទាវបន្តថា ខណ្ឌច្បារអំពៅគឺជាខណ្ឌដែលពេញបន្ទុកទៅដោយគ្រឿងញៀននិង ហ្គេមបាញ់ត្រីច្រើន ហើយតែងគ្មានការបង្ក្រាបតាំងពីដើមមកទល់បច្ចុប្បន្ន ។
អធិការនគរបាលខណ្ឌច្បារអំពៅ លោកអេម សារ៉ាវុធ ពុំបានមានមតិតបអ្វីក្នុងអង្គពិធីខាងលើឡើយពោលគឺក្រោបមុខចុះក្រោមតែម្តងមកពីលោកជំទាវឡោក ខេង និយាយចំៗទិសដៅខ្លួនពេក ។
សូមបញ្ជាក់ថា អ្វីដែលជាការកត់សម្គាល់និងនិយាយយ៉ាងធ្ងន់ៗ ក្នុងពិធីខាងលើនេះគឺលោកជំទាវឡោក ខេង បានបញ្ជាក់យ៉ាងច្បាស់ៗ ថា ប្រសិនបើលោកអធិការឬ គណៈបញ្ជាការឯកភាពខណ្ឌទាំងមូលគ្មានលទ្ធិភាពបង្ក្រាបក៏ដូចជាទប់សង្កាត់សកម្មភាពអសន្តិសុខខាងលើនោះទេជំទាវរូបនេះនឹងធ្វើរបាយការណ៍ផ្ទាល់រាយការណ៍ជូនដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដើម្បីសុំការអន្តរាគមន៍ពីលោកតែម្តង ៕ ម៉ម វ៉ាន