MENU
|
រាជធានីភ្នំពេញ៖ យោងតាមលិខិតដែលអ្នកសារព័ត៌មានបានទទួលនៅថ្ងៃទី៨ខែឧសភាឆ្នាំ២០១៧បានលើកឡើងថាសម្តេច ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចុះហត្ថលេខាលើលិខិតរបស់លោក ហ៊ុន សាន បងប្រុសបង្កើតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី៥ ខែឧសភា ចារបញ្ជូនទៅលោកនាយឧត្តមសេនីយ៍អគ្គស្នងការរដ្ឋបាលមុខការ ទាក់ទងនឹងការស្នើសុំដោះស្រាយរឿងជម្លោះដីធ្លីជាមួយលោក ម៉ក់ ជីតូ។
យោងតាមលិខិតដដែលបញ្ជាក់ថា បងប្រុសបង្កើតរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺលោក ហ៊ុន សាន បានស្នើឲ្យសម្តេចស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ណែនាំអគ្គស្នងការរងនគរបាលជាតិលោក ម៉ក់ ជីតូ ដែលលោក ហ៊ុន សាន ចោទថា លោក ម៉ក់ ជីតូ បានការពារជនល្មើសរំលោភយកដីលោក និងដីកូនរបស់លោកទំហំ១១៩ហិកតារ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លិខិតបានអះអាងថាសម្តេចហ៊ុន សាន ជម្រាបប្រាប់សម្តេច ស ខេង ថា ទង្វើរបស់លោក ម៉ក់ ជីតូ ការពារជនល្មើសរំលោភយកដីគ្រួសារលោកជាង១០០ហិកតារ ធ្វើឲ្យបាត់បង់ភាពកក់ក្ដៅ ធ្លាក់ចុះប្រជាប្រិយភាពបាត់បង់សាមគ្គីផ្ទៃក្នុងជំនឿទុកចិត្តក្នុងជួរបក្សកាន់អំណាច ពិសេសគឺចំពោះក្រុមគ្រួសារលោកដែលជាគ្រួសារថ្នាក់ដឹកនាំប្រទេស។
ក្នុងលិខិតនេះបងប្រុសសម្តេចនាយករដ្ឋមន្ត្រីរូបនេះ ជំរុញឲ្យសម្តេច ស ខេង ថ្កោលទោសនិងចាត់វិធានការម៉ឺងម៉ាត់លើលោក ម៉ក់ ជីតូ។ក្នុងលិខិតចុះថ្ងៃទី២ ឧសភា លោក ហ៊ុន សាន បន្ថែមថា លោក ម៉ក់ ជីតូ តែងតែប្រើអំណាចគាបសង្កត់ជិះជាន់អ្នកស្លូតត្រង់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួននិងបក្ខពួកខិលខូចមួយក្ដាប់តូចនិងបានរំខានដល់ការរស់នៅសុខសាន្ដរបស់គ្រួសារលោកហើយលោកក៏ភ្ជាប់ការរំខានរបស់លោក ម៉ក់ ជីតូ ដែលរំខានគ្រួសារលោកថាក៏ជាការរំខានដល់ពលរដ្ឋទូទៅដែរ៕