MENU
|
រាជធានីភ្នំពេញ៖ ករណីចាក់ប្រហារ បុរសម្នាក់បណ្តាលអោយរងរបួសធ្ងន់ព្រឹកមិញ នៅខណ្ឌច្បារអំពៅ គឺជាករណី ស្នេហាត្រីកោណ ពេលនេះ ជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួក២នាក់ ត្រូវបានចាប់ឃាត់ខ្លួនហើយ ។
ជនរូបនោះមានឈ្មោះ ដារ៉ូ ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅផ្ទះជួល ក្បែរផ្សារចាស់ ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។ រូបគេត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នាវេលារសៀលថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៧នេះ នៅចំណុចទីតាំងស្នាក់នៅ ក្រោយចាក់ប្រហារបុរសសង្សារថ្មីរបស់អតីតប្រពន្ធអោយរងរបួស ។
សូមបញ្ជាក់ថា ក្នុងអំពើចាក់ប្រហារនេះ បង្កឡើយដោយជន២នាក់ ទី១ឈ្មោះ ដារ៉ូ ខាងលើ ( អតីតប្តីប្រពន្ធជនរងគ្រោះ ) និងម្នាក់ទៀតឈ្មោះ រតនា អាយុ២៧ឆ្នាំ ( រត់គេចខ្លួន ) ។
លោកម៉ៅ សឿត អធិការរងនគរបាលខណ្ឌច្បារអំពៅទទួលជំនាញព្រហ្មទណ្ឌ អោយដឹងថា ករណីខាងលើផ្តើមចេញពីករណីស្នេហាត្រីកោណ ដោយពីដំបូង ជនបង្កឈ្មោះដារ៉ូ ជាអតីតប្តីរបស់នារីជាប្រពន្ធជនរងគ្រោះ ធ្លាប់រួមរស់នៅជាមួយគ្នាច្រើនឆ្នាំកន្លងមក ។ លុះប៉ុន្មានខែចុងក្រោយ នារីខាងលើ បានបែកចិត្តទៅរស់នៅជាមួយបុរសរងគ្រោះ បង្កអោយអតីតយុវជនជាប្តី រងការខូចចិត្តរហូតខឹងសម្បាកើតចិត្តស្អប់ ឈានដល់ការរៀបចំគម្រោងតាមដានរហូតស្គាល់កន្លែងស្នាក់ប្រាស្រ័យ ចូលទៅចាក់ប្រហារដល់ក្នុងបន្ទប់តែម្តង ។
នារីជាអតីតប្រពន្ធជនបង្ក និងជាសង្សារជនរងគ្រោះបច្ចុប្បន្នមានឈ្មោះ ឃុំ ស្រីល័ក្ខ អាយុ២៦ឆ្នាំ មុខរបរកម្មកររោងចក្រ ។ ដោយឡែកបុរសជាសង្សារបច្ចុប្បន្ន មានឈ្មោះ សក្តិ ភេទប្រុស អាយុ២៧ឆ្នាំ ។
គួររំលឹកថា កាលពីវេលាម៉ោង ៩ និង៣០នាទីព្រឹកថ្ងៃទី ០៦ ខែមេសា ឆ្នាំ២០១៧ មានករណីចាក់ប្រហារមួយបង្កឡើងដោយជនសង្ស័យ២នាក់ ប្រើកាំបិតចុងស្រួចមួយដើមចាក់ទៅលើបុរសម្នាក់បណ្តាល អោយរងរបួសហូរឈាមសព្វប្រាណ នៅចំណុចបន្ទប់ផ្ទះជួលគ្មានលេខ ចំណុចភូមិតាង៉ូវ ស្ថិតក្នុងសង្កាត់និរោធ ខណ្ឌច្បាអំពៅ ។
សូមបញ្ជាក់ថា ជនសង្ស័យបង្កហេតុទាំង២ និងជនរងគ្រោះ ជាមិត្តភក្តិនឹងគ្នាបច្ចុប្បន្ន ។ ពេលនេះ ជនសង្ស័យឈ្មោះ រតនា កំពុងរត់គេចខ្លួន ។
តាមការរៀបរាប់របស់នារីជាប្រពន្ធ ដែលឈ្មោះ ឃុំ ស្រីល័ក្ខ អាយុ២៦ឆ្នាំ បានអោយដឹងថា នៅមុនពេលកើតហេតុខ្លួន និងបុរសជាសង្សារ បានសម្រាកនៅផ្ទះធម្មតា លុះវេលាខាងលើ ស្រាប់តែមានមនុស្សមកគោះទ្វារបន្ទប់ ហើយខ្លួន ក៏ដើរចេញមកបើក ស្រាប់តែឃើញ បុរស២នាក់ដែលនាងស្គាល់ថា ជាមិត្តភក្តិរបស់ប្តីខ្លួន បានសម្រុកចូលមកវាយ និងប្រើកូនកាំបិតចាក់ប្រហារទៅលើបុរសជាប្តី យ៉ាងសាហាវ អាចថាប៉ុនប៉ងសម្លាប់ ។ ឃើញដូចនេះ នារីជាប្រពន្ធក៏ស្ទុះទៅជួយប្តី តែត្រូវជនសង្ស័យទាំង២នាក់វាយជាច្រើនដៃ បណ្តាលអោយដួល ហើយនាងព្យាយាមរត់ចេញមកក្រៅស្រែកអោយគេឯងជួយ ។ ក្រោយនារីជាប្រពន្ធព្យាយាមស្រែករកអន្តរាគមន៍ពីអ្នកជិតខាងរួចមកមជនសង្ស័យទាំង២នាក់នោះ រត់ចេញពីបន្ទប់ហើយរត់គេចដោយថ្មើរជើងបាត់ស្រមោល ។
បន្ទាប់ពីកើតហេតុ កម្លាំងអាជ្ញាធរបានចុះអន្តរាគមន៍ និងជួយទំនាក់ទំនងទៅកាន់រថយន្តសាមុយ នៃមន្ទីរពេទ្យបង្អែកមានជ័យ អោយមកទទួលយកទៅសង្គ្រោះភ្លាមៗ ៕