MENU
|
រាជធានីភ្នំពេញ៖ តាមសំណើររបស់អង្គការសហប្រជាជាតិ កម្ពុជាបញ្ជូនកងវិស្វ័កម្មកម្លាំងមួកខៀវកងលេខ៤៥៩ ចំនួន២១៦នាក់ ទៅកាន់សាធារណៈរដ្ឋអាហ្វ្រិកកណ្តាលដើម្បីប្តូរវេន ក្នុងបំណងស្វែងរកសន្តិភាពសំរាប់ប្រទេសមួយនេះដែលហែកហួរដោយសារសង្គ្រាម។
ក្នុងពិធីជូនដំណើរកងវិស្វ័កម្មកម្លាំងមួកខៀវ ទាំង២១៦នាក់ នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅមូលដ្ឋានទ័ពអាកាស លោកនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិ គ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសំអាតមីន និងកាកសំណល់សង្រ្គាមបានបញ្ជាក់ថា៖ “នេះជាលើកទី៣ ហើយដែលកម្ពុជា បានបញ្ជូនកម្លាំងទៅកាន់ សាធារណរដ្ឋអាហ្វ្រិកកណ្តាល”។
កងវិស្វ័កម្មលេខ៤៥៩ មានកម្លាំងចំនួន២១៦នាក់នេះ ត្រូវទៅបំពេញបេសកកម្ម នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល គឺមានអមដោយកម្លាំងដោះមីនផងដែរ។ ចំពោះកម្លាំង ត្រូវទៅបំពេញការងាររបស់អង្គការហប្រជាជាតិនេះ លោកសែម សុវណ្ណនី បានបញ្ជាក់អោយដឹងថា ៖”គឺជាកម្លាំងដែលបានទទួលវគ្គហ្វឹកហ្វឺនជំនាញត្រឹមត្រូវតាមស្តង់ដាររបស់ អង្គការសហប្រជាជាតិ ដែលកម្លាំងទាំងនោះ មានមកពីស្ថាប័ន ចំណុះផ្ទាល់ក្រសួងការពារជាតិ កម្លាំងចំណុះមជ្ឈមណ្ឌលជាតិ អគ្គបញ្ជាការដ្ឋាន បញ្ជាការដ្ឋានទ័ពជើងទឹក បញ្ជាការដ្ឋានកងទ័ពអាកាស បញ្ជាការដ្ឋានជាតិប្រឆាំងភេវរកម្ម និងពីស្ថាប័នទ័ពមួយចំនួនទៀត”។
លោកស្រី Marie Odile Emond តំណាងអ្នកសម្របសម្រួលអង្គការសហប្រជាជាតិ កម្ពុជា បានថ្លែងថា “កម្ពុជាបានបញ្ជូនកម្លាំងទាំង២១៦នាក់ទៅកាន់សាធារណរដ្ឋអាហ្វ្រិក កណ្តាលលើនេះ គឺកម្ពុជាបានបង្ហាញអំពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ខ្លួន ក្នុងការគាំទ្រដល់ប្រតិបត្តិការសន្តិភាព របស់អង្គការសហប្រជាជាតិ ដើម្បីដោះស្រាយជម្លោះ ដ៏ស្មុគស្មាញ និងការពារជនស៊ីវិល ដែលជាភារកិច្ចដ៏សំខាន់បំផុត និងជាសក្ខីភាពជាក់ស្តែងផងដែរ។
លោកស្រីបានបន្ថែមថា៖” ព្រឹតិ្តការណ៍ប្រមាណ២៣ឆ្នាំមុន កងរក្សាសន្តិភាពរបស់ អង្គការសហប្រជាជាតិបញ្ជូនមកកាន់កម្ពុជា។ តែបច្ចុប្បន្នកម្ពុជាបានប្រែក្លាយជាប្រទេសមួយបញ្ជូនកម្លាំង និងក្រុមជំនាញចូលរួមប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ក្នុងនាមមនុស្សធម៌ ទៅកាន់ប្រទេសចំនួន៨រួចមកហើយ។
ឯកឧត្តមនាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការកងយោធពលខេមរៈភូមិន្ទ បញ្ជាក់ថា “ការបញ្ជូនកម្លាំងវិស្វ័កកម្ម បន្ថែមទៀតនេះ គឺជាការស្នើរ របស់ការិយាល័យអង្គការសហប្រជាជាតិ មកកម្ពុជា ដើម្បីបញ្ជូនទៅកាន់អាហ្វ្រិកកណ្តាល ដើម្បីធ្វើការប្តូរវេនកម្លាំងចាស់ដែលនឹងត្រូវត្រឡប់មកវិញនៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៦នេះ។
ឯកឧត្តមសេនីយ៍បានបញ្ជាក់អោយដឹងថា៖” ចាប់តាំងពីឆ្នាំ២០០៦មក កម្ពុជា បានបញ្ជូនកម្លាំង ចំនួនសរុបប្រមាណ៣៩៦០នាក់ក្នុងនោះមានកម្លាំងនារីចំនួន១៤៦នាក់ទៅចូលរួម បេសកកម្មរបស់អង្គការសហប្រជាជាតិ។ ដែលបច្ចុប្បន្នកម្ពុជាមានកម្លាំងចំនួនប្រមាណជិត១០០០នាក់ កំពុងបំពេញបេសកកម្មនៅ ប្រទេស ចំនួន៨ រួមមាន ប្រទេសស៊ូដង់ ស៊ូដង់ខាងត្បូង អាហ្វ្រិក កណ្តាល ឆាដ សាយប្រឹស ស៊ីរី លីបង់ និងម៉ាលី។ ហើយកម្លាំងមួកខៀវទាំងអស់នេះ ដែលធ្វើអោយប្រទេសកម្ពុជា ជាប្រទេសបរិច្ចាគ កម្លាំងរក្សាសន្តិភាពច្រើនជាងគេលំដាប់ទី៣ នៅក្នុងតំបន់អាស៊ាន។
យោងតាមមន្រ្តីអង្គការសហប្រជាជាតិ នាព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ គណៈកម្មាធិការជាតិ បានរៀបចំពិធីជូនដំណើរកងវិស្វកម្មលេខ៤៥៩ទៅប្តូរវេនកងវិស្វកម្មលេខ៥៤៩ ដែលបានបញ្ចប់បេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល ហើយគ្រោងនឹងនិវត្តន៍មកកាន់កម្ពុជាវិញ នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៦ខាងមុខនេះ។
នៅក្នុងពិធីជូនដំណើរនេះលោកនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិ បានរាយការណ៍ថា កងកម្លាំងវិស្វកម្មលេខ៤៥៩ ជាកងទី៣ ដែលទៅចូលរួមបំពេញបេសកម្មរក្សាសន្តិភាពរបស់អ.ស.ប នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល។ កងនេះមានកម្លាំងចំនួន២១៦នាក់ ក្នុងនោះមាននារី០៥នាក់ ដែលបានជ្រើសរើសពីស្ថាប័នចំណុះក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន កងទ័ពជើងគោក កងទ័ពជើងអាកាស និងកងរាជអារុធហត្ថលើផ្ទៃប្រទេស។ ដោយសារតំបន់ដែលកងកម្លាំងកម្ពុជាបំពេញបេសកកម្ម មានជួបប្រទះបញ្ហាជម្ងឺគ្រុនចាញ់ ដូចនេះ កងកម្លាំងវិស្វកម្មលេខ៤៥៩ សុទ្ធតែទទួលបានការពិនិត្យសុខភាព និងចាក់ថ្នាំបង្ការដូចបណ្តាកងមុនៗ ព្រមទាំងមានការបំពាក់បន្ថែមនូវឳសថ និងសម្ភារៈយោធាបរិក្ខា គ្រឿងបន្លាស់មួយចំនួនផងដែរ។
អ្នកស្រី Marie Odile Emond តំណាងអ្នកសម្របសម្រួលអង្គារសហប្រជាជាតិប្រចាំកម្ពុជា បានមានប្រសាសន៍ថា ក្នុងនាមអង្គការសហប្រជាជាតិ អ្នកស្រីបានសំដែងនូវការដឹងគុណដ៏ជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលបានតាំងចិត្តជួយដល់អ្នកដទៃ ក្នុងការចែករំលែកជំនាញដល់បណ្តាប្រទេសនានាដែលកំពុងទទួលការរងទុក្ខដោយសារជម្លោះអោយមានសន្តិភាពជាក់ស្តែង និងជាប្រភពនៃការលើកទឹកចិត្តដ៏មានតម្លៃដល់ប្រទេសជាច្រើនទៀត។
តាមរយៈការបរិច្ចាគចូលរួមបំពេញបេសកកម្មរបស់កងកម្លាំងកម្ពុជា នឹងនាំមកនូវកិត្តិយសជូនទាំងអង្គភាព ទាំងទាហានរួមជំនាន់ និងប្រទេសជាតិទាំងមូល ព្រោះជាការលះបង់ដើម្បីសន្តិភាព សន្តិសុខ មិត្តភាព ជាលក្ខណៈអន្តរជាតិដែលមានន័យថាប្រទេសកម្ពុជា បានផ្តល់គំរូសម្រាប់ពិភពលោក។
អ្នកស្រី Maie Odile Emond បានបញ្ជាក់បន្ថែមថា ចាប់តាំងពីឆ្នាំ២០០៦ កម្ពុជាបានបញ្ជូនកម្លាំងចំនួន៣៩៦០នាក់ ក្នងនោះមាននារី ១៤៦នាក់ ទៅបំពេញបេសកកម្មរបស់អ.ស.ប ហើយបានប្រែក្លាយជាប្រទេសបរិច្ចាគកម្លាំងជាប់ចំណាត់ថ្នាក់ទី៣នៅក្នុងសហគមន៍អាស៊ាន។ វត្តមានយោធិននារីកម្ពុជា ដែលបានបញ្ជូនទៅបំពេញបេសកកម្មរបស់អ.ស.ប បញ្ជាក់អោយឃើញពីភាពបំរែបំរួលជាវិជ្ជមាន ឈានទៅរកគុណភាពដ៏ប្រសើរក្នុងកងយោធពលខេមរភូមិន្ឬ។
យោងតាមសេចក្តីថ្លែងការណ៍ថ្មីៗ កាលពីខែមុខ របស់លោកអគ្គលេខាធិការ Ban Ki-Moon បានសង្កត់ធ្ងន់ថាវត្តមាននារី គឺជាតម្រូវការចាំបាច់ និងជាស្នូលដើរតួនាទីសំខាន់ក្នុងការទប់ស្កាត់ជម្លោះ ការបង្កើត និងថែទាំសន្តិភាព សមស្របតាមទស្សនទាន សម្រាប់របៀបវារៈឆ្នាំ២០៣០ ដែលបានបញ្ជាក់ថា មិនអាមានការអភិវឌ្ឍណ៍ជានិរន្តភាពដែលគ្មានសន្តិភាព ហើយក៏មិនមានសន្តិភាពដែលគ្មានការអភិវឌ្ឍន៍ជានិរន្តភាពផងដែរ។
ក្នុងនាមសម្តេចតេជោ នាយករដ្ឋមន្ត្រី ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ុល សារឿន បានគូសបញ្ជាក់ថា អនុវត្តតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះជាណាចក្រកម្ពុជា បានខិតខំប្រឹងប្រែងយកអស់នូវកម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី ពុះពារឧបសគ្គ លះបង់នូវរាល់ការលំបាកគ្រប់បែបយ៉ាងក្នុងការដឹកនាំស្តា និងអភិវឌ្ឍប្រទេសជាតិ ឲ្យទទួលបាននូវសុខសន្តិភាពពេញបរិបូណ៍ តាមរយៈការដាក់ចេញនូវនយោបាយឈ្នះ ឈ្នះ សំដៅលុបបំបាត់នូវអង្គការចាត់តាំងនយោបាយ និងយោធារបស់របបកម្ពុជាប្រជាធិបតេយ្យ ដែលនោះគឺជាកត្តាគន្លឹះរួមចំណែកក្នុងតម្លៃនិមអាចកាត់ថ្លៃបានរបស់កម្ពុជាក្នុងការអភិវឌ្ឍប្រទេសជាតិ។