MENU
|
រាជធានីភ្នំពេញ៖ នាវេលាម៉ោង៦ និង៤៥នាទី ព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦ លោក ម៉ុក ពុទ្ធា នាយករដ្ឋបាលខណ្ឌដង្កោប្រាប់អោយដឹងថា កាលពីយប់ថ្ងៃទី១៧ ខែតុលា អាជ្ញាធរខណ្ឌ ដោយសហការជាមួយក្រុមមន្ត្រីជំនាញនៃក្រសួងធនធានទឹកបានដឹកនាំក្រុមការងារដាក់គ្រឿងបុកឈើចាក់ដី ចាក់ថ្មដើម្បីទប់ទំនប់សន្តរស្ទឹងព្រែកត្នោតដែលបាក់នោះចាប់តាំងពីវេលាម៉ោងប្រមាណជាង៣រសៀលរហូតដល់វេលាម៉ោង ប្រមាណជាង១០យប់ក៍នៅតែមិនជាប់ដដែលទើបដកកម្លាំងសិនទុកសម្រាប់ធ្វើការងារបន្តព្រឹកនេះ។
លោក ម៉ុក ពុទ្ធា ប្រាប់បន្តថា ក្រោយពីបាក់ទំនប់សន្តរស្ទឹងនៅភូមិសាលា សង្កាត់ទៀននោះមកបានបណ្តាលអោយប៉ះពាល់ ចំនួន ៣ភូមិ មាន ២សង្កាត់ គឺភូមិគោកឨឡឹក ភូមិអញ្ចាញ សង្កាត់ស្ពានថ្ម និងភូមិក្រពើទ្រោម សង្កាត់រលួស ។ សម្រាប់ថ្ងៃនេះ ឯកឧត្តម រដ្ឋមន្ត្រី ក្រសួងធនធានទឹក និងឧតុនិយម នឹងចុះមកម្តងទៀត ដើម្បីបិទទ្វារទឹកនៅផ្លូវជាតិលេខ៣សិន នឹងបន្តការទប់ទំនប់ដែលបាក់បន្តទៀត ចៀសវាងផលប៉ះពាល់ដល់ប្រជាពលរដ្ឋកាន់តែធ្ងន់ធ្ងរ ។
យោងតាមរបាយការណ៍បឋមពីសាលាខណ្ឌដង្កោប្រាប់បញ្ជាក់ថា មានប្រជាពលរដ្ឋ ៦សង្កាត់ ស្មើរ ២៣០គ្រួសារ កំពុងលិចលង់ខ្លាំងជាងគេ រួមមានសង្កាត់ស្ពានថ្ម ២២គ្រួសារ សង្កាត់រលួស ៣០គ្រួសារ សង្កាត់គងនយ ៧៣គ្រួសារ សង្កាត់ទៀន ២១គ្រួសារ សង្កាត់ព្រៃវែង ៣៧គ្រួសារ និងសង្កាត់ព្រៃស ៤៧គ្រួសារ ។ ដោយឡែកក្រៅពីនេះ ក៍នៅមានបងប្អូនប្រជាពលរដ្ឋកំពុងរងគ្រោះបន្ថែមទៀត អាជ្ញាធរខណ្ឌ និងសង្កាត់កំពុងចុះស្រង់ស្ថិតិបន្តទៀត។
អាជ្ញាធរខណ្ឌដង្កោប្រាប់ថា នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦ បងប្អូនប្រជាពលរដ្ឋរងគ្រោះទាំង ២៣០គ្រួសារ នឹងមកទទួលអំណោយពីអនុសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ នៅក្នុងបរិវេណវត្តកំពង់ក្តុល សង្កាត់សាក់សំពៅ ។
លោក សៀង បូរិន ប្រធានមន្ទីរកសិកម្មរាជធានីភ្នំពេញប្រាប់អោយដឹងថា នៅក្នុងករណីជំនន់ទឹកភ្លៀងនេះ បណ្តាលអោយរងផលប៉ះពាល់ ដំណាំស្រូវប្រជាពលរដ្ឋប្រមាណ ចំនួន ១៣២៩ ហិចតា រស់នៅ ៥សង្កាត់ រួមមាន សង្កាត់ទៀន សង្កាត់ស្ពានថ្ម សង្កាត់គងនយ សង្កាត់រលួស និងសង្កាត់ព្រែកកំពឹស ។ ប៉ុន្តែការខូចខាតផលដំណាំ និងសត្វពាហនះ យ៉ាងណានោះ មិនទាន់ដឹងនៅឡើយទេ រង់ចាំទឹកស្រក ទើបចុះពិនិត្យជាក់ស្តែងបន្តទៀត៕