រាជធានីភ្នំពេញ ៖ នៅវេលាម៉ោង ៧ និង១៥នាទីព្រឹកថ្ងៃទី០៦ ខែមិនា ឆ្នាំ២០១៧នេះ មានហេតុការណ៍ភ្ញាក់ផ្អើលមួយបុរសម្នាក់ បានដើរដោយថ្មើរជើងមកលោតទឹកនៅច្រាំងទន្លេបាសាក់ ក្បែរស្ពានព្រះមុន្នីវង្ស ស្ថិតក្នុងភូមិព្រែកសង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ ដោយខ្លួនប្រាណមានរបួសរលាកភ្លើងពាសខ្លួន ។ បុរសរូបនេះមានឈ្មោះ ធួន វីរះ អាយុ33ឆ្នាំ មានទីលំនៅភូមិម័រ ក្នុងសង្កាត់ដង្កោរ ខណ្ឌដង្កោរ ។
តាមប្រភពព័ត៌មានអោយដឹងថា បុរសរូបនេះមានវិបត្តិគ្រួសារជាមួយប្រពន្ធរហូតកើតចិត្តខឹងសម្បាក៏បានដុតផ្ទះខ្លួនរស់នៅសព្វថ្ងៃដែលមានទីតាំងនៅខណ្ឌដង្កោរ បំផ្លាញចោលរួចដើរមកដល់ចំណុចច្រាំងទន្លេរក្បែរស្ពានព្រះមុន្នីវង្សក៏សម្រេចចិត្តលោតទឹកដើម្បីបញ្ចប់ជីវិតតែសំណាងល្អត្រូវកម្លាំងអាជ្ញាធរសង្គ្រោះទាន់ពេល ។
មន្ត្រីអាជ្ញាធរច្បារអំពៅអោយដឹងថា ក្រោយទទួលបានដំណឹង កម្លាំងអាជ្ញាធរ និងនគរបាលមូលដ្ឋានបានចុះទៅអន្តរាគមន៍ស្រង់ យកបុរសរូបនេះឡើងលើគោករួចបញ្ចូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកមានជ័យភ្លាមៗ ។
តាមការឆ្លងឆ្លើយតាមរយះទូរស័ព្ទជាមួយសារព័ត៌មានយើង នៅព្រឹកថ្ងៃខែដដែល លោកវរសេនីយ៍ទោជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោរ អោយដឹងថា បុរសខាងលើពិតជាមានទីលំនៅនៅក្នុងសង្កាត់ដង្កោរ ខណ្ឌដង្កោរពិតប្រាកដមែន បុរសរូបនេះតែងកើតមានទំនាស់ជាមួយប្រពន្ធខ្លួនជារឿយៗ រហូតធ្លាប់ចង់លែងលះគ្នាជាច្រើនលើកច្រើនសារ។ លោកអធិការបន្តថា នៅយប់ថ្ងៃទី០៥ ខែមិនា ២០១៧ ពួកគេបានឈ្លោះប្រកែកគ្នាជាខ្លាំង លុះរហូតវេលាម៉ោង ៤ទាបភ្លឺថ្ងៃទី០៦ នេះ បុរសជាប្តីក៏លួចក្រោកដុតផ្ទះខ្លួនចោល បង្កអោយស្ត្រីជាប្រពន្ធកំពុងលង់លក់ក្នុងដំណេកត្រូវរងរបួសធ្ងន់ បញ្ចូនទៅសង្គ្រោះនៅមន្ទីរពេទ្យលោកសង្ឃ។ ហើយបុរសជាប្តីរូបនោះក៏រងរបួស ដោយមានរលាកភ្លើងពាសខ្លួនផងដែរ។ ក្រោយដុតផ្ទះរួច រូបគេបានរត់គេចបាត់ស្រមោលលុះវេលាព្រឹកម៉ោង ៧ ថ្ងៃខែឆ្នាំដដែល ទើបលិចលឺដំណឹងថារូបគេបម្រុងលោតទឹកទន្លេបញ្ចប់ជីវិតនៅខណ្ឌច្បារអំពៅតែម្តងទៅ ។
យ៉ាងណាមិញ បច្ចុប្បន្នជនបង្ករូបនេះ ត្រូវបានកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោរ មកទទួលយកពីមន្ទីរពេទ្យ នាំខ្លួនទៅកាន់អធិការដ្ឋាននគរបលខណ្ឌដង្កោរវិញ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ ៕