MENU
|
ចិន៖ កាលពីពេលថ្មីៗនេះ តាមរយៈសារព័ត៌មាន BBC បានរាយការណ៍ថា មានក្រុមហ៊ុនចិនមួយចំនួនកំពុងដាក់បំរាមដល់បុគ្គលិករបស់ខ្លួនមិនអោយទិញទូរស័ព្ទ iPhone 7 ប្រើឡើយ។
តើនេះដោយសារតែគេខ្លាច កាសត្រចៀក (AirPods) ថ្មីរបស់ iPhone 7 ធ្វើអោយបុគ្គលិកពួកគេក្លាយមនុស្សបែបវិទ្យាសាស្រ្តជ្រុល? ឬដោយសារ គេបារម្ភលើកាម៉េរ៉ា២របស់ iPhone 7 Plus ដែលនឹងអាចធ្វើអោយបុគ្គលិករបស់គេបែកអារម្មណ៍ធ្វើការលែងចូល? វាគួរតែមិនមែនដូច្នោះឡើយ។
យ៉ាងណាក៏ដោយ គេយល់ថាក្រុមហ៊ុនទាំងនេះកំពុងបង្ហាញការទប់ស្កាត់វប្បធម៏សម្ភារៈនិយម ឬក៏ទប់ស្កាត់ការប្រើប្រាស់ផលិតផលបរទេស។
សារព័ត៌មាន BBC បានដក់ស្រង់បំរាមរបស់ក្រុមហ៊ុនថ្នាំពេទ្យ Nanyang Yongkang ដែលបានប្រកាសដាក់បំរាមដល់បុគ្គលិករបស់ខ្លួន ថាដាច់ខាតមិនត្រូវទិញទូរស័ព្ទ iPhone 7 ឡើយ។ ខ្លឹមសារបំរាមសរសេរថា៖
ប្រសិនបើអ្នកបំពានបំរាមនេះ សូមអញ្ញើញទៅការិយាល័យបុគ្គលិកហើយកាន់លិខិតលាឈប់ពីការងារទៅជាមួយផង។
អ្នកសារព័ត៌មានបានព្យាយាមទាក់ទងទៅកាន់ក្រុមហ៊ុន Nanyang Yongkang ដើម្បីសុំបំភ្លឺ តែត្រូវបរាជ័យ។ ចំណែកឯក្រុមហ៊ុន Apple ក៏មិនបានឆ្លើយតបអ្វីភ្លាមៗដែរ។
ការដាក់បំរាមនេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី ១៨ ខែកញ្ញា នេះ នៅក្នុងការប្រារព្ធខួបលើកទី ៨៥ នៃការឈ្លានពានរបស់ជប៉ុនមកលើចិន។
ក្រៅពីក្រុមហ៊ុនេះ ក៏មានក្រុមហ៊ុនចិនផ្សេងទៀតដែលហាមបុគ្គលិកខ្លួនមិនអោយទិញផលិតផលរបស់ Apple។ បើតាមរបាយការណ៏របស់សារព័ត៌មាន China.org បានលើកឡើងពីមន្ទីរពេទ្យមួយឈ្មោះ Fuling Xinjiuzhou Gynecology នៅក្រុង Chongqing ដែលមានការដាក់បំរាមស្រដៀងគ្នាផងដែរ។
បំរាមរបស់មន្ទីរពេទ្យនោះគឺ៖
ការិយាល័យរដ្ឋបាលរបស់មន្ទីរពេទ្យបានសម្រេចថាមិនអនុញ្ញាតអោយបុគ្គលិកណាមួយទិញទូរស័ព្ទ iPhone 7 ឬ iPhone 7 Plus ឡើយ។ ប្រសិនបើមាននរណានៅតែព្យាយាមទិញទូរស័ព្ទនេះមកយកប្រើទៀតនោះ អ្នកនោះនឹងត្រូវលុបឈ្មោះចេញពីបញ្ជីឈ្មោះបេក្ខភាពអ្នកទទួលរង្វាន់ប្រចាំឆ្នាំលើលទ្ធផលការងារល្អ។ ហើយសម្រាប់អ្នកដែលមិនមានលទ្ធភាពគ្រប់គ្រាន់សម្រាប់ទិញ ហើយនៅតែព្យាយាមទិញទៀតនោះ អ្នកនោះនឹងត្រូវបញ្ឈប់ពីការងារ។
នេះមិនមែនជាលើកទីមួយឡើយ ដែលក្រុមហ៊ុនចិនបានហាមបុគ្គលិករបស់ខ្លួនមិនអោយទិញផលិតផល Apple។ តួយ៉ាង កាលពីខែកក្កដានេះ ក្រុមហ៊ុន Bina Technology នៅខេត្ត Zhejiang បានបញ្ជារអោយបុគ្គលិកខ្លួនបោះចោលទូរស័ព្ទ iPhone របស់គេទាំងអស់។ នេះជាការតវ៉ាទៅកាន់ការសម្រេចក្តីរបស់អង្គការសហប្រជាជាតិលើរឿងក្តីសមុទ្រចិនខាងត្បូង ដែលចិនត្រូវបានកំនត់អោយចាញ់ក្តីដោយតុលាការអន្តរជាតិ។
ក្នុងករណីនេះ ក្រុមហ៊ុន Bina Technology បានផ្តល់ជាថវិការដល់បុគ្គលិកទាំងអស់នោះវិញ ដើម្បីទិញទូរស័ព្ទម៉ាកផ្សេងជំនួស iPhone។ ក្រុមហ៊ុននេះក៏បានគំរាមបញ្ឈប់បុគ្គលិកណាដែលហ៊ានទិញ iPhone 7 ប្រើផងដែរ។
ទន្ទឹមនឹងនោះ លោក Donald Trump ដែលជាបេក្ខភាពប្រធានាធិបតីមកពីគណៈបក្សសាធារណៈរដ្ឋបានលើកឡើងថា ប្រសិនបើលោកជាប់ឆ្នោត លោកនឹងបញ្ជារក្រុមហ៊ុន Apple អោយដកការផលិតគ្រឿងបរិក្ខាររបស់ខ្លួនទាំងអស់ចេញពីចិន មកដាក់នៅសហរដ្ឋអាមេរិកវិញ។
អ្នកនាំពាក្យក្រុមហ៊ុន Nanyang Yongkang បានប្រាប់ BBC ថាការហាមឃាត់ iPhone 7 គឺក្នុងគោលបំណងចង់អោយបុគ្គលិករបស់ខ្លួនមានពេលគ្រប់គ្រាន់សម្រាប់យកចិត្តទុកដាក់ដល់គ្រួសាររបស់គេប៉ុណ្ណោះ ជាជាងធ្លាក់ខ្លួនឈ្លក់វង្វេងនឹងសម្ភារៈទំនើបៗ៕
ប្រែសម្រួលដោយ៖ សិរីវុធ