MENU
|
សេអ៊ូល៖ ថ្ងៃសៅរ៍នេះ ក្រុមហ៊ុន Samsung បានអំពាវនាវអោយអ្នកប្រើប្រាស់នៅកូរ៉េខាងត្បួងទាំងអស់ឈប់ប្រើទូរស័ព្ទរបស់ខ្លួនម៉ូដែល Galaxy Note 7 ដែលទើបតែចាប់ផ្តើមលក់ថ្មីៗនេះ ក្រោយពីមានការព្រមានហាមឃាត់ពីភ្នាក់ងារសុវត្ថិភាពផលិតផលអាមេរិក និងក្រុមហ៊ុនអាកាសចរណ៍ជាច្រើន ដោយគេបារម្ភពីការផ្ទុះថ្មទូរស័ព្ទម៉ូដែលថ្មីនេះ។
ក្រុមហ៊ុនអេឡិចត្រូនិចយក្សរបស់កូរ៉េខាងត្បូងនេះ កាលពីសប្តាហ៍មុនបានប្រកាសផ្អាកការលក់ផលិតផលទូរស័ព្ធដៃ Smartphone ម៉ូដែលចុងក្រោយនេះ ហើយបានប្រកាសប្រមូលយកទូរស័ព្ធដែលបានលក់ចេញជាង ២.៥ លានគ្រឿងមកក្រុមហ៊ុនវិញ បន្ទាប់ពីមានករណីផ្ទុះថ្មទូរស័ព្ទជាបន្តបន្ទាប់ក្នុងពេលបញ្ចូលថ្ម។
ចាប់តាំងពីនោះមក ភ្នាក់ងារសុវត្ថិភាពអាកាសចរណ៍ជុំវិញពិភពលោក រួមទាំងសិង្ហបុរី និងអាមេរិកផងដែរ បានចេញបំរាមហាមឃាត់អ្នកដំណើរមិនអោយយកទូរស័ព្ទ Samsung Galaxy Note 7 ចូលក្នុងយន្តហោះឡើយ។ គណៈកម្មការសុវត្ថិភាពផលិតរបស់អាមេរិក បានអំពាវនាវអោយគ្រប់ម្ចាស់ទូរស័ព្ធនេះបញ្ឈប់ការប្រើប្រាស់វាជាបន្ទាន់ដើម្បីសុវត្ថិភាព។
ក្រុមហ៊ុន Samsung បានបញ្ចេញសារលើវែបសាយខ្លួនថា៖
យើងសូមអំពាវនាវដល់អតិថិជនទាំងអស់នៅកូរ៉េខាងត្បួងដែលមានទូរស័ព្ទ Galaxy Note 7 មេត្តាឈប់បន្តប្រើប្រាស់ទូរស័ព្ទនេះ ហើយសូមអញ្ជើញទៅរកមជ្ឈមណ្ឌល់ផ្តល់សេវាដែលនៅក្បែរ ដើម្បីទទួលបានការណែនាំលំអិតបន្ថែម។
ក្រុមហ៊ុនបានណែនាំអតិថិជនទាំងអស់អោយប្រើទូរស័ព្ធដែលក្រុមហ៊ុនផ្តល់អោយខ្ចីប្រើជំនួសជាបណ្តោះអាសន្នសិន រហូតដល់ក្រុមហ៊ុនបានកែសម្រួលផ្នែកបច្ចេកទេសថ្មរបស់ Galaxy Note 7 រួចរាល់ នឹងធ្វើការផ្លាស់ប្តូរជូនវិញ។
ចាប់តាំងពីការដាក់លក់ជាផ្លូវការណ៍នូវទូរស័ព្ធអេក្រង់ធំជ្រុលនៅខែកញ្ញានេះ មានអ្នកប្រើប្រាស់ជាច្រើនបានចែកចាយរូបភាពតាមរយៈបណ្តាញសង្គម អំពីឧបករណ៍ដែលត្រូវឆេះខ្លោច ដោយនិយាយថាវានៅសុខៗស្រាប់តែឆេះឈុលតែម្តង។
Samsung កាលពីសប្តាហ៍មុនបានទទួលស្គាល់ថា បញ្ហាគឺបណ្តាល់មកពីកំហុសបច្ចេកទេសផ្នែកផ្លាកនៃថ្ម ហើយក៍បានប្រកាសប្រមូលយកមកវិញទាំងអស់។
ការផ្ទុះថ្មទូរស័ព្ទ ដែលបានធ្វើអោយ Samsung មានការអម៉ាសមុខយ៉ាងខ្លាំង ក៍បានបង្ខំអោយក្រុមហ៊ុននេះផ្អាកគម្រោងដាក់លក់នៅអ៊ឺរ៉ុបនៅខែកញ្ញានេះផងដែរ៕
ប្រែសម្រួលដោយ៖ សិរីវុធ