ទោះជាមានការធានាសុវត្ថិភាពកំរិតខ្ពស់ ពីក្រុមហ៊ុនអាកាសចរណ៍យ៉ាងណាក៍ដោយ ក៍អ្នកធ្វើដំណើរមួយចំនួននៅតែមានអារម្មណ៍ភ័យខ្លាច រាល់ពេលជិះយន្តហោះម្តងៗ។ នេះក៏ដោយសារ តែងតែមានឧប្បទ្ទវហេតុកើតឡើងជារឿយៗ ដែលបានបង្កអោយមានមនុស្សស្លាប់ និងរបូសជាច្រើននាក់ក្នុងមួយឆ្នាំៗ។ ដូច្នេះ អ្នកមានដែលឆ្ងល់ដែរឬទេថា ហេតុអ្វីបានជាគេមិនដាក់អោយមានឆ័ត្រយោងតាមយន្តហោះសម្រាប់អ្នកដំណើរ ទុកសម្រាប់លោតចុះចេញពីយន្តហោះ ក្នុងពេលមានអាសន្ន?
បើតាមការបកស្រាយរបស់លោក Jim Crouch ប្រធានផ្នែកសុវត្ថិភាព និងការហ្វឹកហាត់នៃសមាគមន៍លោតឆ័ត្រយោងសហរដ្ឋអាមេរិក៖ មូលហេតុចំបងគឺដោយសារ អ្នកដំណើរទាំងនោះមិនបានទទួលការហ្វឹកហាត់សម្រាប់ការលោតឆ័ត្រយោងពេលមានអាសន្ន។ តាមធម្មតាការលោតឆ័ត្រយោងគឺ តែងតែមានការរៀបចំទីកន្លែងសម្រាប់លោតចុះ ដើម្បីចុះអោយចំកន្លែងដែលមានសុវត្ថិភាពគ្រប់គ្រាន់។ ចំណែកឯកំពស់នៃការលោតឆ័ត្រយោងក៏ត្រូវស្ថិតក្នុងរយៈកំពស់មួយកំណត់ផងដែរ។ ជាទូទៅយន្តហោះ ធ្វើការហោះហើរក្នុងរយៈកំពស់ប្រហែល ៣៥០០០ ហ្វីត ដែលមិនអាចធ្វើការលោតឆ័ត្រយោងបានឡើយ។
លោកបានបន្ថែមថា រយៈកំពស់ចាប់ពី ១៨០០០ ហ្វីត ឡើងទៅ គឺពិតជាគ្រោះថ្នាក់បំផុតសម្រាប់ការលោតឆ័ត្រ។ គ្រោះថ្នាក់អាចកើតមានត្រង់ថា នៅរយៈកំពស់ខ្ពស់ពេកបែបហ្នឹង នឹងធ្វើអោយមានកង្វះអុកស៊ីសែន និងមានសំពាធខ្សល់ខ្ពស់ក្នុងពេលលោតចេញពីយន្តហោះ ដែលអាចធ្វើអោយសន្លប់បាត់ស្មារតីបាន។ ក្រៅពីនេះ កំដៅអាកាសធាតុក៏ជាបញ្ហា ដោយសារស្ថិតត្រង់រយៈកំពស់ ៣៥០០០ ហ្វីតនេះ (ខ្ពស់ជាស្តង់ដារនៃការលោតឆ័ត្រ ៣ដង) អាកាសធាតុអាចធ្លាក់ដល់ -៣០ ហ្វារិនហៃ (ប្រហែល -១៧,៧ អង្សាសេ) ឬអាចទាបជាងនេះ ដែលរាងកាយមនុស្សមិនអាចទ្រទ្រង់បានឡើយ ដែលអាចធ្វើអោយភ្នែក ច្រមុះ និងមាត់ក្លាយជាកកស្ងួត ហើយសួតក៏អាចនឹងផ្ទុះភ្លាមៗផងដែរ។
ប្រសិនបើមានហេតុការចម្លែកកើតឡើង ដែលបរិយាកាសមិនចុះត្រជាក់ខ្លាំងដូចការបញ្ជាក់ខាងលើ ក៏វានៅតែមានគ្រោះថ្នាក់ដដែលសម្រាប់ការលោតបែបនោះដោយហេតុថា យន្តហោះមានល្បឿនយ៉ាងតិច ១៥០ ម៉ាយក្នុងមួយម៉ោង (ប្រហែល ២៤១ គីឡូម៉ែតក្នុងមួយម៉ោង) ដែលធ្វើអោយងាយរងគ្រោះថ្នាក់ដោយកំលាំងខ្យល់បាន។ ហើយរឿងដែលសំខាន់នោះគឺថាយន្តហោះដឹកអ្នកដំណើរមិនអាចបើកទ្វាក្នុងរយៈកំពស់ខ្ពស់បែបនោះបានឡើយ។
មូលហេតុចុងក្រោយមួយទៀតគឺថា ឧបករណ៍លោតឆ័ត្រយោង១សម្រាប់ មានទម្ងន់ចាប់ពី ៦គីឡូក្រាម ដល់ ១៨គីឡូក្រាម ដែលយន្តហោះពិបាកក្នុងការផ្ទុកសម្រាប់អ្នកធ្វើដំណើរ។
ដូច្នេះ ដោយសារមូលហេតុទាំងអស់ខាងលើនេះហើយ ទើបក្រុមហ៊ុនអាកាសចរណ៍មិនអាចផ្តល់ឆ័ត្រយោងសម្រាប់អ្នកធ្វើដំណើរក្នុងពេលហោះហើរបាន៕
ប្រែសម្រួលដោយ៖ សិរីវុធ