MENU
|
ការដករន្ធកាសត្រចៀក (headphone jack) ចេញ នឹងមិនមែនជាការផ្លាស់ប្តួរធំតែមួយគត់របស់ iPhone 7 ឡើយ។ បើតាមបណ្តាញព័ត៌មាន The Electronic Times បានអោយដឹងថា Apple ថ្មីៗនេះ បានចុះកិច្ចព្រមព្រៀងមួយជាមួយរោងចក្រ សឺមីកុងឌុចទើ របស់តៃវ៉ាន់ (TSMC) ដែលគ្រោងនឹងបង្កើតជាក្រុមហ៊ុនតៃវ៉ាន់ផ្តាច់មុខ ដែលទទួលបន្ទុកក្នុងការផលិត A10 Processor របស់ Apple ។ ឬអាចនិយាយម៉្យាងទៀតថា Samsung ដែលជាដៃគូរផលិតកម្មយូរឆ្នាំរបស់ Apple នោះ គឺកំពុងតែត្រូវបានបញ្ចប់ទាំងស្រុងហើយ។
ទោះបីជា វាមិនទាន់បានបញ្ជាក់អោយបាន ១០០% ទំរាំដល់ការដាក់អោយប្រើ iPhone 7 និង ការចាប់ផ្តើមបញ្ចប់ភាពជាដៃគូរដែលជៀសមិនរួចនោះ ក៏វាមិនមានអ្វីត្រូវលាក់បាំងដែរ ដែលថា Apple តែងតែព្យាយាម ដកខ្លួនផ្តាច់ចេញពីភាពជាដៃគូរជាមួយ Samsung បន្តិចម្តងៗ។
តាមរយៈរបាយការណ៍ Apple បានសម្រេចជ្រើសយកការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ជាមួយ TSMC ព្រោះគេមានការចាប់អារម្មណ៍ខ្លាំង ទៅលើដំណើរការផលិត 10-nanometer របស់ TSMC ។ បន្ថែមលើនេះទៀត មានរបាយការណ៍ខែកញ្ញា ពីបណ្តាញព័ត៌មាន China Times បានបង្ហាញថា Apple មានការចាប់អារម្មណ៍ទៅលើការចុះកិច្ចព្រមព្រៀងផ្តាច់មុខមួយជាមួយ TSMC ដោយសារតែចង្វាក់ផលិតកម្មរបស់រោងចក្រនេះ អាចជួយកាត់បន្ថយការចំណាយបានច្រើនជាងការផលិតរបស់ Samsung ។ មិនត្រឹមតែប៉ុណ្ណោះ Apple ក៏ចាប់អារម្មណ៍រោងចក្រតៃវ៉ាន់នេះត្រង់ បច្ចេកទេសរចនា InFO (integrated fan out) ដែលវានឹងធ្វើអោយរូបររាងរបស់ chip កានតែតូច និងស្តើង។
បើគិតពីរឿងខាងមុខវិញនោះ បណ្តាញព័ត៌មាន The Electronic Times អោយតំរុយមុនគេថា ការផលិត A10 នឹងចាប់ផ្តើមនៅពេលណាមួយក្នុងខែមិថុនា បន្ទាប់មកការដាក់បង្ហាញ iPhone ជំនាន់បន្ទាប់របស់ Apple នឹងអាចត្រូវធ្វើឡើងនៅ ខែកញ្ញា ឆ្នាំ២០១៦ ខាងមុខនេះផងដែរ។
ជាចំណាប់អារម្មណ៍ចុងក្រោយ យើងគួរតែដឹងថា TSMC មិនមែនជាដៃគូររកស៊ីថ្មីថ្មោងរបស់ Apple នោះទេ។ TSMC ក៏បានផលិត chip សម្រាប់ iPhone 6 ផងដែរ ប៉ុន្តែសម្រាប់ភារកិច្ចផលិត A8 និង A9 នៃiPhone ទាំងម៉ូដែល 6 និង 6s បើតាមដឹងគឺ ត្រូវបានបែងចែកគ្នាធ្វើរវាង TSMC និង Samsung ៕
ប្រែសម្រួលដោយ៖ សិរីវុធ
ប្រភព៖ BGR