តាមរយៈរបាយការណ៍ថ្មីមួយពី Digitimes កំលាំងរញ្ជួយកំរិត ៦.៤ រ៉ិចទ័រ ដែលបានប៉ះទង្គិចតៃវ៉ាន់នៅដើមខែនេះ អាចនឹងប៉ះពាល់ធ្ងន់ធ្ងរដល់រោងចក្រឧស្សាហកម្មតៃវ៉ាន់ TSMC ជាងការរំពឹងទុក។ TSMC គឺជាដៃគូរផ្គត់ផ្គង់១ របស់ Apple ក្នុងការផលិត Ax Processor ហើយបើតាមរបាយការណ៍ដែលបានលេចលឺកាលពីសប្តាហ៍មុន TSMC នឹងក្លាយជាដៃគូរផ្គត់ផ្គង់ផ្តាច់មុខរបស់ Apple ក្នុងការផលិត A10 Chips សម្រាប់ iPhone 7 ។
ដំបូងឡើយ TSMC បានបង្ហាញថាគ្រោះថ្នាក់រញ្ជួយដីនោះ នឹងប៉ះពាល់ដល់ចង្វាក់ផលិតប្រចាំឆ្នាំ ២០១៦ ប្រហែលតែ ១% ប៉ុណ្ណោះ។ បច្ចុប្បន្ននេះ ក្រោយពីបានធ្វើការត្រួតពិនិត្យអោយកាន់តែស៊ីជម្រៅថែមទៀត ក្រុមហ៊ុននេះបានបង្ហាញថា ការប៉ះពាល់មានកំរិតធ្ងន់ធ្ងរជាងការប៉ាន់ស្មានពេលដំបូងទៅទៀត។
របាយការណ៍ The Digitimes បង្ហាញថា៖
កាលពីថ្ងៃទី ៦ កុម្ភៈ TSMC បានប៉ាន់ស្មានថា ការដឹកជញ្ជូនរបស់ខ្លួនបានថយចុះតិចជាង ១% ដោយសាររងផលប៉ះពាល់ពីការរញ្ជួយដីដ៍ធ្ងន់ធ្ងរនៅភាគខាងត្បូងតៃវ៉ាន់នៅព្រលឹម ថ្ងៃទី៦ កុម្ភៈ នេះ ប៉ុន្តែមកដល់ថ្ងៃទី ១២ កុម្ភៈ ក្រុមហ៊ុនបានបង្ហាញម្តងទៀតថា បានថយចុះច្រើនជាង ១% ដោយសារតែការខូចខាតនៅទីតាំង Fab 14 មានសភាពធ្ងន់ធ្ងរជាងការប៉ាន់ស្មាន។
ដោយការលក់ iPhone សម្រាប់ឆ្នាំ ២០១៦ មានការធ្លាក់ចុះ គេគិតថាវានឹងផ្តល់សម្ពាធអោយ Apple អោយបន្ថែមការយកចិត្តទុកដាក់ខ្លាំងលើ iPhone 7។ ប្រសិនបើមានការរាំងស្ទះដល់ដំណើរការផលិត iPhone ដោយសារបញ្ហានៃការផលិត A10 Processor ដែលនឹងត្រូវផលិតផ្តាច់មុខដោយរោងចក្រតៃវ៉ាន់ TSMC គេគិតថា Apple ប្រហែលអាចនឹងគិតគូដល់ Samsung សម្រាប់ការដោះស្រាយបញ្ហាចាំបាច់មួយគ្រានេះ។
ប្រែសម្រួលដោយ៖ សិរីវុធ
ប្រភព៖ BGR