![]() |
MENU
|

រាជធានីភ្នំពេញ៖ លោកជុំ សុន្ទរីអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មានដោយបានបញ្ជាក់ថាបន្ទាប់ពីមានការចុះផ្សាយព័ត៌មានក្នុងប្រព័ន្ធឃោសនា ស្តីពីករណីអាជ្ញាធរថៃឃាត់ខ្លួនពលករខ្មែរខុសច្បាប់៣៦នាក់ ដែលទៅធ្វើការបេះផ្លែឈើនៅខេត្តឈៀងម៉ៃ ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តសាកែវ បានទាក់ទងនិងសហការជាមួយអាជ្ញាធរពាក់ព័ន្ធនិងនគរបាលអន្តោប្រវេសន៍ថៃ ដើម្បីអន្តរាគមន៍ជួយពួកគាត់ត្រឡប់ទៅកម្ពុជាវិញ។
លោកជុំសុន្ទរីបានបញ្ជាក់ថាកាលពីថ្ងៃទី២២ខែកញ្ញាឆ្នាំ២០១៦ ស្ថានអគ្គកុងស៊ុលខ្មែរនៅថៃ បានចុះទៅសួរសុខទុក្ខពលរដ្ឋខ្មែរទាំង ៣៤នាក់ (មនុស្សធំ ២៧នាក់ និងក្មេង៧នាក់) (ពុំមែន៣៦នាក់ទេ) នៅទីស្នាក់ការអន្តោប្រវេសន៍ខេត្តច័ន្ទបុរី។ពួកគាត់បានឲ្យដឹងថាកាលពីថ្ងៃទីខែ២២ខែកក្កដា ២០១៦ ពួកគាត់បានចូលទៅប្រទេសថៃតាមច្រកព្រំដែនអន្តរជាតិដូង(បាត់ដំបង)-បានឡែម(ខេត្តច័ន្ទបុរី) ដោយប្រើប័ណ្ណចេញចូលប្រចាំថ្ងៃ។ នៅថ្ងៃដដែលមានមេខ្យល់ជនជាតិថៃ បញ្ចុះបញ្ចូលពួកគាត់ទៅធ្វើការងារបេះផ្លែមៀន និងផ្លែតាង៉ែន នៅខេត្តឈៀងម៉ៃ។
អ្នកនាំពាក្យបានលើកឡើងថាពេលធ្វើការបាន១ខែកន្លះ ថៅកែពុំបើកប្រាក់ឈ្នួលឲ្យហើយបានដឹកពួកគាត់យកទៅទម្លាក់ចោលនៅកន្លែងស្ងាត់នៅក្នុងខេត្តឡាំភូន ភាគខាងជើងប្រទេសថៃ រួចគេចខ្លួនបាត់។ ដោយមានការជួយកអាសារពីអ្នកស្រុកថៃ នៅថ្ងៃទី ១០ កញ្ញា ២០១៦ ពួកគាត់បានធ្វើដំណើរមកដល់ផ្លូវជាតិ ប្រទះនឹងនគរបាលខេត្ត ហើយក៏នាំពួកគាត់មកឃុំឃាំងសាកសួរព័ត៌មាន និងបានបញ្ជូនមកអន្តោប្រវេសន៍ខេត្តច័ន្ទបុរី។
ក្រសួងការបរទេសដោយពលរដ្ឋទាំងនេះជាជនឆ្លងដែនខុសច្បាប់នគរបាលថៃបានសំរេចបញ្ជូនពួកគាត់ត្រឡប់ទៅកម្ពុជាវិញ។ស្ថានអគ្គកុងស៊ុលបានសហការជាមួយនគរបាលអន្តោប្រវេសន៍ខេត្តច័ន្ទបុរី ធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋខែ្មរទាំង៣៤នាក់ ត្រឡប់មកកម្ពុជាវិញ តាមច្រកព្រំដែនអន្តរជាតិដូងបានឡែមនៅថ្ងៃទី២២កញ្ញាឆ្នាំ២០១៦។ ជាមួយគ្នានេះដែរ ស្ថានអគ្គកុងស៊ុល បានស្នើដល់សមត្ថកិច្ចពាក់ព័ន្ធថៃជួយរកមុខសញ្ញាជនជាតិថៃដែលជាមេខ្យល់ មកផ្តន្ទាទោសតាមច្បាប់។


