រាជធានីភ្នំពេញ៖ នៅវេលាម៉ោង ១១ និង៣០ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៧នេះ មានករណីអគ្គីភ័យមួយបានឆាបឆេះផ្ទះល្វែងរបស់ប្រជាពលរដ្ឋមួយប្រាវតូច ស្ថិតក្នុងក្រុមទី៣៣ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ បង្កអោយមាការភ្ញាក់ផ្អើល រថយន្តពន្លត់អគ្គីភ័យចុះអន្តរាគមន៍ព្រោងព្រាត ។
អធិការនគរបាលខណ្ឌ លោកតេង ស៊ីណូ អោយដឹងថា ផ្ទះដែលត្រូវអគ្គីភ័យឆាបឆេះ ជាប្រភេទផ្ទះល្វែង មានទំហំ ៤ គុណ ១៦ម៉ែត្រ ។ ឆាបឆេះខូចខាតសម្ភារះមួយចំនួន ដូចជាម៉ាសុីនបោកខោអាវ ១គ្រឿង ,ទូរទឹកកកចំនួន ១គ្រឿង និងគ្រេឿងសង្ហារឹមមួយចំនួននៅក្នុងផ្ទះ ។ លោកបញ្ជាក់ថា ចំពោះមូលហេតុ នៃការឆាបឆេះ គឺបណ្តាលមកពីឆ្លងចរន្តអគ្គីសនីម៉ាស៊ីនបោកគក់ខោអាវ ។
ប្រភពព័ត៌មានមុនពេលកើតហេតុ ម្ចាស់ផ្ទះបានយកសម្លៀកបំពាក់ដាក់ចូលម៉ាស៊ីនបោកខោអាវដើម្បីសម្អាត លុះមិនបានប៉ុន្មាននាទីក្រោយមក ស្រាប់តែម៉ាស៊ីនត្រូវឆ្លងចរន្តអគ្គីសនីបង្កអោយម៉ាស៊ីនត្រូវផ្ទុះ កើតជាអណ្តាតភ្លើងឆាបឆេះរាលឡើងតែម្តង ។ភ្លាមៗបុរសជាម្ចាស់ផ្ទះបានរត់ចេញ ស្រែកហៅពលរដ្ឋជិតខាងអោយជួយអន្តរាគមន៍ នាំគ្នាយកទឹក និងបំពង់ពន្លត់អគ្គីភ័យបាញ់ទប់ស្កាត់អណ្តាតភ្លើង ។
ភ្លាមៗ កម្លាំងអាជ្ញាធរមូលដ្ឋាន រួមមានរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រេឿងបានចុះអន្តរាគមន៏បាញ់ទឹកពន្លត់អណ្តាតភ្លើងអោយរលត់សូន្យសុងទៅវិញភ្លាមៗ ក្នុងរយះពេលមិនដល់២០នាទីផង ដោយមិនបង្កអោយអណ្តាតភ្លើងអាចឆាបឆេះរាលដាលខ្លាំង ឬរាលដាលដល់លំនៅឋានពលរដ្ឋជិតខាង ៕