MENU
|
រាជធានីភ្នំពេញ : យោងតាមការបញ្ជាក់យ៉ាងច្បាស់ការណ៍ពីអាជ្ញាធរមូលដ្ឋានសង្កាត់ស្ទឹងមានជ័យអោយដឹង នៅវេលាល្ងាចថ្ងៃទី២៥ ខែកញ្ញានេះថា នៅវេលាម៉ោង ៨ ព្រឹកស្អែក សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ នឹងយាងមកគោរពវិញ្ញាណក្ខន្ធសពលោក គ្រីស្យង់ ហ្គោកឺឡាំង ដេប៉ាលីយ៉ែរ ( Christian GAUQUELIN des PALLIERES ) ស្ថាបនិក អង្គការភាពញញឹម នៃកុមារ ហៅកាត់ PSE ដោយផ្ទាល់ នៅទីតាំងរបស់អង្គការ ស្ថិតក្នុងផ្ទះលេខ៤០២ ភូមិទ្រា សង្កាត់ស្តឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
មន្ត្រីអាជ្ញាធរបញ្ជាក់ថា ដំបូងឡើយ សម្តេចម៉ែត្រូវបានយាងមកគោរពវិញ្ញាណក្ខន្ធសពលោកគ្រីស្យង់ ហ្គោកឺឡាំង ដេប៉ាលីយ៉ែរ ( Christian GAUQUELIN des PALLIERES ) នៅវេលាល្ងាចថ្ងៃទី២៥ កញ្ញា ២០១៦នេះ ប៉ុន្តែដោយសារមានធុរះកិច្ចបន្ទាន់ ទើបសម្រេចលើកពេល យាងមកគោរពវិញ្ញាណក្ខន្ធសព នៅវេលាព្រឹកស្អែកវិញតែម្តងទៅ ។
គួររំលឹកថា លោកគ្រីស្យង់ ហ្គោកឺឡាំង ដេប៉ាលីយ៉ែរ ( Christian GAUQUELIN des PALLIERES ) បានទទួលមរណះភាព កាលពីវេលាយប់ម៉ោង ១៩ និង ០០នាទីថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០១៦ ដោយរោគាពាធ ក្នុងវ័យ ៨២ឆ្នាំ ។ លោក និងប្រពន្ធ គឺលោកស្រីម៉ារីហ្វ្រង់ ដេប៉ាលីយ៉ែរ ជាជនជាតិបារាំង និងបានចូលមករស់នៅក្នុងស្រុកខ្មែរតាំងពីឆ្នាំ១៩៩០ មកម្លេះ ហើយពួកគាត់បានស្នើរទៅដល់ព្រះមហាក្សត្រ ដើម្បីសុំចូលជាសញ្ជាតិខ្មែរ ក៏ត្រូវបានព្រះបរមរតនះកោដ្ឋ នរោត្តមសីហនុ ឡាយព្រហស្ថឯកភាព តាំងពីឆ្នាំ២០០៤ ។
ពួកគាត់ទាំង២នាក់ប្តីប្រពន្ធ បានបង្កើតអង្គការភាពញញឹម នៃកុមារឡើងតាំងពីឆ្នាំ១៩៩៥ មកម្លេះ ក្នុងគោលបំណងជួយសង្គ្រោះទៅដល់កុមាររើសសម្រាម កុមារក្រីក្រគ្មានទីពឹង គ្មានផ្ទះជម្រកស្នាក់ប្រាស្រ័យត្រឹមត្រូវ ឬ បាត់បង់ឪពុកម្តាយជាដើម ដោយបានយកពួកគេមកអប់រំណែនាំរៀនសូត្រ តាមកម្រិត នៃសាលារដ្ឋ ឬចំណេះដឹងទូទៅ នៃកម្រិតសិក្សា បង្ហាត់បង្រៀនទាំងចំណេះដឹងចំណេះធ្វើ និងជំនាញផ្សេងៗ ដល់ក្មេង និងជួយរកការងារអោយធ្វើការបញ្ចប់ការសិក្សា នៃអង្គការខាងលើ ។ បន្ថែមពីនេះក៏មានផ្តល់នូវ ទីកន្លែងស្នាក់នៅដល់ក្មេងៗដែលភាគច្រើនមកពីជនបទ និងមួយចំនួនជាក្មេងកំព្រាឪពុកម្តាយ ដោយប្តីប្រពន្ធទាំង២នាក់ ដែលជាស្ថាបនឹកបានប្រើប្រាស់ថវិការផ្ទាល់ខ្លួន ទិញដីដ៏ធំមួយតំហំជាង ១ហិចតា នឹងបានសាងសង់ជាអាគារសិក្សា បណ្ណាល័យអានសៀវភៅ បន្ទប់ហូបចុក ស្នាក់នៅ និងអាគាររដ្ឋបាលទូទៅជាច្រើនទៀត ដើម្បីសម្រាប់ផ្គត់ផ្គង់ដល់ការរៀនសូត្រ និងរស់នៅរបស់ក្មេងៗ ជាដើម ។
សូមបញ្ជាក់បន្ថែមថា គិតមកត្រឹមវេលាម៉ោង ១៧ និង០០នាទីល្ងាចថ្ងៃទី ២៥ កញ្ញា ដដែលនេះ គេសង្គេតឃើញមានវត្តមាន សិស្ស និងអតីតសិស្សជាច្រើន ដែលធំធាត់ នៅក្នុងអង្គការខាងលើ បាននាំគ្នាមកគោរពវិញ្ញាណក្ខន្ធលោក ស្យង់ ហ្គោកឺឡាំង ដេប៉ាលីយ៉ែរ ( Christian GAUQUELIN des PALLIERES ) យ៉ាងកុះកុញផងដែរ ៕. លីហេង