MENU
|
រាជធានីភ្នំពេញ ៖ ដូចដែលបានគ្រោងទុកសម្តេចព្រះមហាក្សត្រីនរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ នៅវេលាម៉ោង ៨ និង ៣០នាទីព្រឹកនេះបានអញ្ចើញយាងមកគោរពវិញ្ញាណក្ខន្ធសពស្ថាបនិកអង្គការភាពញញឹមនៃកុមារ ( PSE ) គឺលោកគ្រីស្យង់ ហ្គោកឺឡាំង ដេប៉ាលីយ៉ែរ ( Christian GAUQUELIN des PALLIERES ) ដោយផ្ទាល់ នៅនៅទីតាំងរបស់អង្គការ ស្ថិតក្នុងផ្ទះលេខ៤០២ ភូមិទ្រា សង្កាត់ស្តឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ក្នុងកិច្ចអញ្ចើញយាងមកដល់នោះក៏បានការសម្តែងនូវគារវកិច្ចទទួលពីសំណាក់ក្រុមកុមារីកុមារាសិស្សានុសិស្សតូចធំ និងលោកគ្រូអ្នកគ្រូរួមទាំងភរិយាលោកគ្រីស្យង់ ហ្គោកឺឡាំង ដេប៉ាលីយ៉ែរ ( Christian GAUQUELIN des PALLIERES ) គឺលោកស្រី រីម៉ារីហ្វ្រង់ ដេប៉ាលីយ៉ែរ យ៉ាងកក់ក្តៅជាទីសោមនោសផងដែរ ។
សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក៏បានសម្តែងនូវទឹកចិត្តសោកស្តាយស្រណោះយ៉ាងពន់ពេកជូនចំពោះសាច់ញាតិនៃសពរួមទាំងក្រុមកូនសិស្សទាំងអស់ចំពោះការបាត់បង់ជីវិតរបស់លោកគ្រីស្យង់ ហ្គោកឺឡាំង ដេប៉ាលីយ៉ែរ ( Christian GAUQUELIN des PALLIERES ) ដែលលោកជាបុគ្គលបានជួយសង្គ្រោះ និងកែប្រែវាសនា មនុស្សរាប់ពាន់នាក់អោយរួចផុតពីភាពតោកយ៉ាក លំបាក ក្រីក្រ នឹងគ្មានទីជម្រកជាដើម។ ឈ្លៀតក្នុងឱកាសដដែលនោះសម្តេចម៉ែ ក៏បានចូលរួមបច្ច័យជាថវិការមួយចំនួនធំជូនដល់សាច់ញាតិនៃសពផងដែរ ។
គួររំលឹកថា លោកគ្រីស្យង់ ហ្គោកឺឡាំង ដេប៉ាលីយ៉ែរ ( Christian GAUQUELIN des PALLIERES ) ដែលសិស្សទូទៅហៅលោកថា PaPi បានទទួលមរណៈភាពកាលពីវេលាយប់ម៉ោង ១៩ និង ០០នាទីថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០១៦ ដោយរោគាពាធក្នុងវ័យ ៨២ឆ្នាំ ។ លោកនិងប្រពន្ធ គឺលោកស្រីម៉ារីហ្វ្រង់ ដេប៉ាលីយ៉ែរ ជាជនជាតិបារាំង និងបានចូលមករស់នៅក្នុងស្រុកខ្មែរតាំងពីឆ្នាំ១៩៩០ មកម្លេះ ហើយពួកគាត់បានស្នើរទៅដល់ព្រះមហាក្សត្រដើម្បីសុំចូលជាសញ្ជាតិខ្មែរក៏ត្រូវបានព្រះបរមរតនះកោដ្ឋ នរោត្តមសីហនុ ឡាយព្រហស្ថឯកភាពតាំងពីឆ្នាំ២០០៤ ។
ពួកគាត់ទាំង២នាក់ប្តីប្រពន្ធបានបង្កើតអង្គការភាពញញឹមនៃកុមារឡើងតាំងពីឆ្នាំ១៩៩៥ មកម្លេះក្នុងគោលបំណងជួយសង្គ្រោះទៅដល់កុមាររើសសម្រាមកុមារក្រីក្រគ្មានទីពឹងគ្មានផ្ទះជម្រកស្នាក់ប្រាស្រ័យត្រឹមត្រូវឬបាត់បង់ឪពុកម្តាយជាដើម ដោយបានយកពួកគេមកអប់រំណែនាំរៀនសូត្រតាមកម្រិតនៃសាលារដ្ឋឬចំណេះដឹងទូទៅនៃកម្រិតសិក្សាបង្ហាត់បង្រៀនទាំងចំណេះដឹងចំណេះធ្វើ និងជំនាញផ្សេងៗដល់ក្មេងនិងជួយរកការងារអោយធ្វើការបញ្ចប់ការសិក្សានៃអង្គការខាងលើ ។ បន្ថែមពីនេះក៏មានផ្តល់នូវទីកន្លែងស្នាក់នៅដល់ក្មេងៗដែលភាគច្រើនមកពីជនបទនិងមួយចំនួនជាក្មេងកំព្រាឪពុកម្តាយ ដោយប្តីប្រពន្ធទាំង២នាក់ដែលជាស្ថាបនឹកបានប្រើប្រាស់ថវិការផ្ទាល់ខ្លួនទិញដីដ៏ធំមួយតំហំជាង១ហិចតា នឹងបានសាងសង់ជាអាគារសិក្សាបណ្ណាល័យអានសៀវភៅបន្ទប់ហូបចុកស្នាក់នៅនិងអាគាររដ្ឋបាលទូទៅជាច្រើនទៀតដើម្បីសម្រាប់ផ្គត់ផ្គង់ដល់ការរៀនសូត្រ និងរស់នៅរបស់ក្មេងៗ ជាដើម ។
សូមបញ្ជាក់បន្ថែមថាគិតមកត្រឹមវេលាម៉ោង១០ និង០០នាទីព្រឹកថ្ងៃទី ២៦ កញ្ញានេះគេសង្គេតឃើញមានវត្តមានសិស្ស និងអតីតសិស្សជាច្រើន ដែលធំធាត់ នៅក្នុងអង្គការខាងលើ បាននាំគ្នាមកគោរពវិញ្ញាណក្ខន្ធលោក ស្យង់ ហ្គោកឺឡាំង ដេប៉ាលីយ៉ែរ ( Christian GAUQUELIN des PALLIERES ) យ៉ាងកុះកុញផងដែរ ។ យ៉ាងណាមិញ សពនឹងត្រូវដង្ហែរយកទៅបូជាតាមប្រពៃណី នៅវត្តឬស្សីសាញ់ស្ថិតក្នុងសង្កាត់ដង្កោរ រាជធានីភ្នំពេញ នាវេលារសៀលម៉ោង ១ ថ្ងៃទី២៦ កញ្ញា ២០១៦នេះ ៕ លីហេង