MENU
|
រាជធានីភ្នំពេញ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេច ព្រះមហាក្សត្រីនរោត្តមមុនីនាថសីហនុជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ បានយាងចាកចេញពីមាតុប្រទេសឆ្ពោះទៅកាន់ទីក្រុងប៉េកាំងប្រទេសចិនហើយនៅវេលាម៉ោង៩ព្រឹកថ្ងៃសុក្រទី៣ ខែ មីនា នេះ ដើម្បីឲ្យក្រុមវេជ្ជបណ្ឌិតចិន ពិនិត្យព្យាបាល ព្រះរាជសុខភាពថ្វាយព្រះអង្គទាំងទ្វេ។
គួរបញ្ចា្កក់ថាតបតាមវេជ្ជបញ្ជាររបស់វេជ្ជបណ្ឌិតចិនជារៀងរាល់៦ខែម្តងព្រះមហាក្សត្រនិងសម្តេចម៉ែត្រូវបានក្រុមគ្រូពេទ្យចិនតម្រូវឲ្យយាងទៅកាន់ប្រទេសចិនជាទៀងទាត់ដើម្បីធ្វើការតាមដានថែទាំព្រះរាជសុខភាពថ្វាយព្រះអង្គទាំងទ្វេជាពិសេសព្រះរាជសុខភាពសម្តេចម៉ែសម្តេចយាយសម្តេចយាយទួតដែលព្រះអង្គកាន់តែមានព្រះជន្មច្រើនទាមទាឲ្យមានការថែទាំឲ្យបានដិតដល់ដើម្បីព្រះអង្គមានព្រះជន្មយ៉ឺនយូគង់ជាម្លប់សម្រាប់កូនចៅជ្រកកោណក្នុងភាពសុខដុម និងត្រជាក់ត្រជុំជានិរន្តតទៅ។
យាងនិងអញ្ជើញ ជូនព្រះរាជដំណើរ ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រីដល់ចំណតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញមាន សម្តេច វិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាពញាចក្រីហេង សំរិន ប្រធានរដ្ឋសភា,សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុន សែន ព្រះរាជវង្សានុវង្ស រួមជាមួយឯ.ឧលោកជំទាវជាឥស្សៈជនសំខាន់ៗរបស់ជាតិជាច្រើនទៀត។
ដោយឡែកឯ.ឧលោកជំទាវ ជាឯកអគ្ករាជទូត ឯកអគ្គរដ្ឋទូត នៃបណ្តា ប្រទេសជាមិត្តប្រចាំនៅកម្ពុជា មួយចំនួន ក៍បានអញ្ចើញមកហែហមជូនព្រះរាជដំណើរ យាងរបស់ព្រះមហាក្សត្រទៅកាន់ប្រទេសចិនផងដែរ។
នៅក្នុងអំឡុងព្រះរាជអវត្តមានរបស់ព្រះមហាក្សត្រខ្មែរនេះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នឹងទទួលជួយការងារក្នុងឋានៈជាប្រមុខរដ្ឋស្តីទីជំនួសព្រះអង្គរហូតដល់ព្រះអង្គយាងនិវត្តន៏មកកាន់មាតុប្រទេសវិញ។