MENU
|
រាជធានីភ្នំពេញ ៖ អគ្គិភ័យមួយបានកើតឡើងដោយសារតែការផ្ទុះទុយោហ្គាសបង្ករជាអគ្គិភ័យមួយបានឆាបឆេះនៅក្នុងហាង PARK CAFE ដែលមានធុងហ្គាសធំជាច្រើនបំពង់នៅខាងក្នុងផងដែរ ដោយបង្ករអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងអំពីសំណាក់ភ្ញៀវ និងបុគ្គលិករត់ប្រសាចជាន់ជើងគ្នាស្ទើរតែមិនទាន់ និងសំណាងល្អត្រូវបានកម្លាំងអាជ្ញាធរមូលដ្ឋាន និងរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងចុះមកធ្វើការអន្តរាគមន៍ជួយបាញ់ទឹកពន្លត់ទាន់ពេលវេលាទាំងមេឃកំពុងតែមានភ្លៀងរលឹមនោះ។ហេតុការណ៍នេះដែរបានកើតឡើងកាលពីវេលាម៉ោង ៥ និង ៣០ នាទីល្ងាច ថ្ងៃទី ០៥ ខែ កក្កដា ឆ្នាំ ២០១៦ នៅក្នុងហាង PARK CAFE ដែលមានទីតាំងផ្ទះលេខ ១៥៣ ផ្លូវលេខ ៦៣ (ត្រសក់ផ្អែម)កែងនិងផ្លូវលេខ ២៧៨ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន។
តាមប្រភពព័ត៌មានពីបុគ្គលិកម្នាក់បានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុខណៈពេលដែលនៅក្នុងហាងកំពុងតែមានភ្ញៀវយ៉ាងច្រើកុះករកំពុងតែអង្គុយហូបអាហារ និងការហ្វេនោះ ក៏ស្រាប់តែមានក្លិនហ្គាសភាយចេញមកពីខាងក្នុងផ្ទះបាយពេញហាង ដោយសារតែធ្លាយចេញតាមទុយោនោះ។ពេលដែលដឹងថា មានការលិចធ្លាយហ្គាសចេញពីទុយោមកខាងក្រៅពេញផ្ទៃហាងរួចហើយ ក៏បង្ករអោយមានការភ័យខ្លាចទៅដល់ភ្ញៀវ និងបុគ្គលិកទាំងប្រុស ស្រី នាំគ្នារត់ចេញចែកជើងគ្នាប្រសាចចេញមកខាងក្រៅអស់គ្មានសល់ និងបង្ករអោយមានការភ្ញាក់ផ្អើលកើតឡើងតែម្តង។តាមប្រភពដដែលបានប្រាប់បន្តទៀតថា ក្រោយពេលដែលភ្ញៀវ និងក្រុមបុគ្គលិកហាងនាំគ្នារត់ចេញមកខាងក្រៅអស់នោះ ក៏ចាប់ផ្តើមបង្ករជាអណ្តាតភ្លើងឆាបឆេះឡើង ភា្លមនោះក្រុមបុគ្គលិកប្រុសៗ និង កម្លាំងនគរបាលមូលដ្ឋានក៏បានរួមគ្នាយកបំពង់ពន្លត់អគ្គិភ័យជាច្រើនបំពង់នាំគ្នាទៅជួយធ្វើការបាញ់ពន្លត់តែមិនរលត់ឡើយ ដោយភ្លើងកាន់តែឆេះខ្លាំងទៅៗ។ដោយសាតែនាំគ្នាយកបំពង់ពន្លត់អគ្គិភ័យទៅធ្វើការបាញ់ពន្លត់ហើយភ្លើងមិនរលត់នោះ កម្លាំងនគរបាលមូលដ្ឋានក៏បានហៅរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការនគរបាលពន្លត់អគ្គិភ័យជាច្រើនគ្រឿងចុះមកធ្វើអន្តរាគមន៍ជួញបាញ់ពន្លត់ទាន់ពេលវេលា និងមិនបង្ករអោយមានការផ្ទុះឆេះធុងហ្គាសធំៗជាច្រើនបំពង់ដែលមាននៅក្នុងផ្ទះបាយនោះឡើយ។
លោក ប៊ុន សុភ័ក្រ្ត អភិបាលរងខណ្ឌចំការមនក៏បានប្រាប់ឱ្យដឹងថា ករណីអគ្គិភ័យនេះដែរគឺបានបង្ករឡើងដោយសារតែធ្លាយទុយោហ្គាស ទៅប៉ះនិងរន្តអគ្គិសនី ទើបបង្ករអោយមានជាអណ្តាតភ្លើងឆាបឆេះឡើងបែបនេះ និងដោយមានការសហការល្អពីកម្លាំងរបស់អាជ្ញាធរមូលដ្ឋាននោះ ទើបបានចុះមកជួយធ្វើការអន្តរាគមន៍ទាន់ពេលវេលា និងមិនបង្ករអោយមានគ្រោះមហន្តរាយធំដុំកើតឡើងបាន។លោកក៏សូមធ្វើការអំពាវនាវទៅដល់តាមបណ្តារហាង ភោជនីយ៍ដ្ឋាន និងសណ្ឋាគារទាំងអស់ ដែលមានផ្ទះបាយនៅខាងក្នុង មេត្តាជួយធ្វើការបណ្តុះបណ្តាលក្រុមបុគ្គលិករបស់ខ្លួន អំពីការបង្ការគ្រោះអគ្គិភ័យនេះអោយបានត្រឹមត្រូវផងដែរ ជាក់ស្តែងដូចជាករណីអគ្គិភ័យដែលបានកើតឡើងជាយថាហេតុខាងលើនេះផងដែរ។ប្រសិនបើពុំមានការធ្វើអន្តរគមន៍របស់អាជ្ញាធរមូលដ្ឋាន និង រថយន្តពន្លត់អគ្គិភ័យទាន់ពេលវេលាទេនោះ និងបង្ករអោយអណ្តាតភ្លើងឆាបឆេះកាន់តែខ្លាំង និងធ្វើអោយបំពង់ហ្គាសធំៗទាំងនោះ និងផ្ទុះឡើងបណ្តាលអោយមានគ្រោះមហន្តរាយធ្ងន់ធ្ងរមិនខានឡើយ។
ក្នុងករណីអគ្គិភ័យនេះដែរ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការនគរបាលរាជធានីអស់ចំនួន ៦គ្រឿង និងបំពង់ពន្លត់អគ្គិភ័យចំនួនជាង ២០បំពង់ និងបង្ករអោយបំពង់ហ្គាសធំៗចំនួន ៤បំពង់ដែលមានទម្ងន់រហូតទៅដល់ ៤៥គីឡូរងការខូចខាតតែប៉ុណ្ណោះ និងមិនបណ្តាលអោយមនុស្សណាម្នាក់រងគ្រោះថ្នាក់ឡើយ។