MENU
|
រាជធានីភ្នំពេញ៖ ដីវត្តមានប្លង់រឹងមិនកាត់ឲ្យឈ្នះបែរជាតុលាការកាត់ឲ្យបុគ្គលឯកជនឈ្នះក្តីដ៏អយុត្តិធម៌កាលពីថ្ងៃទី៣១ខែឧសភាឆ្នាំ២០១៦បណ្តាលឲ្យ ព្រះសង្ឃនិងប្រជាពលរដ្ឋជាង១០០អង្គនិងនាក់ចំណុះជើងវត្តសំរោងធំស្ថិតក្នុងភូមិសំរោងក្អែឃុំសំរោងធំស្រុកកៀនស្វាយខេត្តកណ្តាល បាននាំគ្នាឡើងមកតវ៉ានៅមុខតុលាការកំពូលខណៈចៅក្រមកាត់ឲ្យភាគីវត្តចាញ់ក្តី ក្នុងសំណុំដីរឿងដីធ្លីជាង២ហិកតាជាមួយបុគ្គលឯកឯន។
លោកប៉ែន ប៊ុន ថាគណៈកម្មការវត្តសំរោងធំមានប្រសាសន៏ថាការនាំគ្នាមកឈរមុខបរិវេណតុលាការកំពូលនេះគឺដើម្បីតវ៉ាទាមទារឲ្យតុលាការកសម្រេចកាត់ក្តីឈរលើគោលការណ៏យុត្តិធម៌ខណៈដែលវត្តមានប្លង់រឹងចេញដោយក្រសួងដែនដីនគរូបនីយកម្មនិងសំណង់ កាន់កាប់ដឹងឮជាសាធារណៈហើយ បែរជាតុលាការកំពូលកាត់ក្តីឲ្យវត្តចាញ់ប្រគល់ដីវត្តជាង២ហិកតាទៅឲ្យបុគ្គលឯកជនដែលមិនបានកាន់កាប់ដីនេះទាល់តែសោះ។
លោកបញ្ជាក់ថា ដីនេះជាដីកម្មសិទ្ឋិរបស់វត្តពិតប្រាកដ ដែលបានកាន់កាប់ក្រោយឆ្នាំ១៩៩៤ និងបានធ្វើជាប្លង់កម្មសិទ្ឋិរបស់វត្តចាប់តាំងពីឆ្នាំ២០០៥ មកមិនគួរបុគ្គលឈ្មោះ ឈុំ មុន្នី មកប្តឹងទាមទារដីពីវត្តដោយសំអាថាជាដីរបស់អតីតសេនាជនភូមិ ដោយគ្មានហេតុផលគ្មានឯកសារកាន់កាប់ ហើយបែរជាតុលាកាត់ឲ្យវត្តចាញ់ដូច្នេះទៀត។
ព្រះតេជគុណ យ៉ាន វណ្ណធឿន ព្រះចៅអធិការវត្តសំរោងធំ បានមានសង្ឃដីកាថា ករណីកាត់ឲ្យវត្តចាញ់ក្តីនិងប្រគល់ដីទៅឲ្យបុគ្គលឈ្មោះឈុំមុន្នី នេះគឺជារឿងមិនប្រក្រតី ឬហៅថាជាអំពើពុករលួយដោយបុគ្គលឈ្មោះ ឈុំ មុន្នី មិនបានកាន់កាប់អាស្រ័យផលលើដីនោះទេ។ ចំណែកវត្តមានសាក្សីរស់គឺប្រជាពលរដ្ឋនៅក្នុងភូមិ ឃុំ និងមានដាំដើមឈើរដុះច្រូងច្រាំងបែជាតុលាការកំពូល កាត់ក្តីឲ្យវត្តចាញ់ដ៏អយុត្តិធម៌ទៅវិញ។ ករណីនេះគេមិនអាចសុំការបំភ្លឺពីបុគ្គលឈ្មោះឈុំ មុន្នី ដែលជាភាគីឈ្នះក្តីនិងចៅក្រមសម្រេចក្តីខាងលើនោះទេ ដោយសារគេមិនឃើញវត្តមានភាគីឈ្នះក្តីនិងចៅក្រមនៅកន្លែងតវ៉ានោះ។
យោងតាមក្រុមប្រជាពលរដ្ឋពុទ្ឋបរិស័ទចំណុះជើងវត្ត និងព្រះសង្ឃគង់នៅក្នុងវត្តសំរោងធំ មិនសុខចិត្តទៅនឹងការសម្រេចក្តីនោះទេ ហើយថានឹងទាមទារតវ៉ាស្វែងរកយុត្តិធម៌ ទៅព្រះមហាក្សត្រ និងសម្តេចនាយករដ្ឋមន្រ្តីនិងស្ថាប័នពាក់ព័ន្ឋដ៏ទៃទៀត ដើម្បីឲ្យជួយអន្តរាគមន៏ផ្តល់យុត្តិធម៌ប្រគល់ដីនេះមកជាកម្មសិទ្ឋិរួមរបស់វត្តវិញ ហើយថាទោះជាបង្ហូរឈាម ក៏ត្រូវទាមទារដីនេះ ឲ្យបានមកជាសម្បត្តិរបស់វត្តវិញ ព្រោះបើបាត់ដីប្រជាពលរដ្ឋនឹងបាត់ផ្លូវដើរចុះទៅទន្លេ ទៅដឹកទឹក ដឹកគោទៅទន្លេពិសេសបាត់បង់ដីកំពង់ដរឆ្លងរបស់ពលរដ្ឋ ដែលតែងធ្វើដំណើរមកពីខេត្តព្រៃវែងតាមដីវត្តនេះ៕