MENU
|
រាជធានីភ្នំពេញ៖ ចៅក្រមតុលាការកំពូលបានលើកយកសំណុំរឿងបណ្តឹងសាទុក្ខរបស់លោក ហេង ពៅ អតីតស្នងការក្រុងភ្នំពេញករណីបង្ខាំងមនុស្សខុសច្បាប់និងបទរក្សាទុកដុល្លារអាមេរិកក្លែងក្លាយ។តែតុលាការបានលើកពេលជម្រះក្តីដោយសារតែជនជាប់ចោទមិនព្រមទទួលយកមេធាវីដែលតុលាការផ្តល់ឲ្យការពារក្តីដោយជនជាប់ចោទចង់រកមេធាវីខ្លួនឯង។
ចៅក្រមតុលាការកំពូលបានឲ្យដឹងថានៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧ ខាងមុខនេះតុលាការកំពូលគ្រោងនឹងបើកសវនាការសំណុំរឿងបណ្តឹងសាទុក្ខរបស់អ្នកលោកហេង ពៅ អតីតស្នងការនគរបាលក្រុងភ្នំពេញករណីរក្សាទុកប្រាក់ដុល្លារក្លែងក្លាយរាប់រយសន្លឹក ត្រូវបានសមត្ថកិច្ចរកឃើញនៅក្នុងផ្ទះរបស់ទណ្ឌិតរូបនេះ។
គួរបញ្ជាក់ថាកាលពីថ្ងៃទី១៥ខែមិនាឆ្នាំ២០១៧អ្នកទោសឈ្មោះលោកហេង ពៅអាយុ៥៤ឆ្នាំរូបនេះត្រូវបានបញ្ជូនមកតុលាការកំពូលម្តងរួចហើយកាលពីថ្ងៃទី១៥ខែមីនាឆ្នាំ២០១៧ដើម្បីជំនុំជម្រះលើបណ្តឹងសាទុក្ខរបស់ជននេះក្នុងករណីបង្ខាំងមនុស្សខុសច្បាប់។សវនាវការរឿងបង្ខាំមនុស្សខុសច្បាប់តែសវនាការនោះត្រូវបានលើកពេលវិញដោយសារលោកហេង ពៅមិនមានមេធាវីការពារសិទ្ធិឲ្យអ្នកទោសម្នាក់នេះ។
ចំពោះរឿងដែលតុលាការកំពូលគ្រោងសវនាការនាពេលខាងមុខនេះ ធ្វើឡើងបន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញនិងសាលាឧទ្ធរណ៍ បានសម្រេចដូចគ្នាផ្តន្ទាទោសលោក ហេង ពៅ ដាក់ពន្ធនាគាររយៈពេល១៤ឆ្នាំ តែលោកមិនសុខចិត្តបានប្តឹងសាទុក្ខមកតុលាការកំពូល ទៀតក្រោយពីសាលាឧទ្ទរណ៍បានតម្កល់ការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញចាត់ទុកជាបានការដដែល។
សវនាការលោក ហេង ពៅ ខាងមុខនេះលោក ជាប់ចោទពីបទ រក្សាទុកប្រាក់ដុល្លារក្លែងក្លាយ ប្រព្រឹត្តនៅផ្ទះលេខ៩ ភូមិតាខ្មៅ ស្រុកតាខ្មៅ បច្ចុប្បន្នជាក្រុងតាខ្មៅ ខេត្តកណ្ដាល កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០០៦ ។
សវនាការនេះ ដឹកនាំដោយលោកស្រី គិម សត្ថាវី ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ និង លោក ច័ន្ទ តារារស្មី ជាតំណាងមហាអយ្យការ ។មន្ត្រីតុលាការ បញ្ជាក់ថា បច្ចុប្បន្នលោកហេង ពៅ មានទោសសរុបចំនួន១០៣ឆ្នាំ ពាក់ព័ន្ធរឿងក្ដីជាច្រើនសុទ្ធតែរឿងក្តីធំ ពិសេសករណីប៉ុនប៉ងបាញ់សម្លាប់លោកបណ្ណាធិការ កាសែតកោះសន្តិភាព និង ប៉ុនប៉ងបាញ់សម្លាប់លោក អ៊ុក សាវុធ ព្រះរាជអាជ្ញាតុលាការក្រុងភ្នំពេញ ដែលបច្ចុប្បន្នជាអគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ ។
ទោះបីយ៉ាងណាឧក្រិដ្ឋជនទណ្ឌិតរូបនេះនៅតែបដិសេធថាខ្លួនគាត់មិនបានប្រព្រឹត្តដូចការចោទប្រកាន់របស់តុលាការទេ។តែបែរជាថាខ្លួនគាត់ស្អាតស្អំនិងមានគេចង់ធ្វើបាបគាត់ទៅវិញ។នេះជាការដោះសាររបស់អតីតស្នងការក្លាយជាអ្នកទោសព្រោះទង្វើនិងសកម្មភាពរបស់ខ្លួនរួមជាមមួយបក្ខពួកមួយក្រុមកំពុងស្ថិតនៅក្នុងគុកយ៉ាងបានសុវត្ថិភាព។
អ្នកតាមដានរឿងក្តីនេះបាននិយាយថាអ្នកទោសរូបនេះត្រូវបានចាប់ខ្លួនពីប្រទេសសិង្ហបូរីនាំមកកាត់ទោសនៅភ្នំពេញកំឡុងឆ្នាំ២០០៥។មុនពេលចូលគុកជននេះធ្លាប់ជាកូនបូលិសមួយរូបរហូតដល់ ប្រធានមន្ទីរគ្រឿងញឿន ទៅដល់ស្នងការនិងអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃកម្ពុជាទៀតផង។តែដោយសារអំពើរបស់ខ្លួនបានប្រព្រឹត្តពេលនេះបានក្លាយទៅជាអ្នកទោសប្រវត្តិសាស្រ្តគិតសរុបជាង១០០ឆ្នាំក្នុងគុក៕