រាជធានីភ្នំពេញ៖ យោងតាមលោក សំ សុគង់ ជាមេធាវីការពារក្ដីលោក នី ចរិយាថ្លែងប្រាប់អ្នកសារព័ត៌មាននៅព្រឹកថ្ងៃទី២១ ខែមីនា នេះថា តុលាការកំពូល នឹងជំនុំជម្រះបណ្ដឹងសុំនៅក្រៅឃុំរបស់លោក នី ចរិយា នៅព្រឹកថ្ងៃទី២៤ ខែមីនាឆ្នាំ២០១៧ខាងមុខនេះ។
ក្រោយការបដិសេធជាបន្តបន្ទាប់ លោក នី ចរិយា អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឬហៅកាត់ថា គ.ជ.ប នៅតែបន្តសុំឲ្យតុលាការកំពូល ដោះលែងរូបលោកឲ្យមានសេរីភាពឡើងវិញ ។
យោងតាមឯកសារពីតុលាការកំពូល ដែលអ្នកសារព័ត៌មាន ទទួល បានបង្ហាញថា លោក នី ចរិយា ជាប់ចោទពីបទ សមគំនិតក្នុងអំពើសូកប៉ាន់សាក្សី ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងខែមីនា ខែមេសា ឆ្នាំ២០១៦ តាមមាត្រា២៩និងមាត្រា៥៤៨ នៃក្រមព្រហ្មទណ្ឌ ។
គួរបញ្ជាក់ថា ក្នុងសំណុំរឿងនេះមានជនត្រូវចោទ៥នាក់ ហើយត្រូវបានតុលាការរកឃើញថា បានបញ្ចុះបញ្ចូលឬ លួងលោម កញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ មិនឲ្យនិយាយការពិតដល់សមត្ថកិច្ច ចំពោះរឿងអាស្រូវផ្លូវភេទរបស់លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ៕