រាជធានីភ្នំពេញ៖ ចៅក្រមតុលាការកំពូលលោក ឃឹម ប៉ុន ចៅក្រមជំនុំជំរះនៅព្រឹកថ្ងៃទី៣១ ខែមីនាឆ្នាំ២០១៧បានប្រកាសសាដីកាតម្កល់សាដីកាសាលាឧទ្ធរណ៍ទុកជាបានការគឺបន្តឃុំខ្លួនលោក នី ចរិយា អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឬ គជប ។
លោក សំ សុគង់ ជាមេធាវីការពារក្ដីលោក នី ចរិយា បានថ្លែងថាលោកមិនអាចទទួលយកបានទេដែលតុលាការកំពូលសម្រេចតម្កល់សាដីការបស់សាលាឧទ្ធរណ៍គឺមិនបានផ្តល់ យុត្តិធម៌ឲ្យ កូនក្តីរបស់លោកនោះទេលោកបញ្ជាក់បន្ថែមថា លោកបានដាក់ពាក្យសុំឲ្យតុលាការក្រុងភ្នំពេញបិទការស៊ើបសួរលោក នី ចរិយា កាលពីខែកុម្ភៈ ដើម្បីឆាប់បានជំនុំជំរះ។
លោក នី ចរិយា អគ្គលេខាធិការរងគជបត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយចាប់ខ្លួនកាលពីថ្ងៃទី២៨ខែមេសាឆ្នាំ២០១៦ពេលដែលលោកបានចូលខ្លួនទៅបំភ្លឺនៅអង្គភាពប្រឆាំងអំពើពុករលួយជាមួយនឹងបុគ្គលិកអង្គការអាហុកចំនួន៤រូបផ្សេងទៀតក្នុងសំណុំរឿងបទចោទសូកប៉ាន់សាក្សីនិងសមគំនិតសូកប៉ាន់សាក្សី។
នៅក្នុងពេលឃុំខ្លួនជិត១ឆ្នាំនេះលោក នី ចរិយា តាមរយៈពេលមេធាវីលោកសំ សុគង់បានប្តឹងប្រឆាំងការឃុំខ្លួននិងប្តឹងសុំនៅក្រៅឃុំទៅសាលាឧទ្ធរណ៍ជាបន្តបន្ទាប់។តែតុលាការឧទ្ធរណ៍បានច្រានចោលរាល់ការស្នើសុំនេះបន្តបន្ទាប់ដែរ។ក្នុងសំណុំរឿងនេះមានមនុស្សជិត១០នាក់ត្រូវបានចោទប្រកាន់។បន្ទាប់ពីបែកធ្លាយសំណុំរឿងខ្សែអាត់សម្លេងដែលគេអះអាងថាជាសម្លេងរបស់លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិនិងឈ្មោះខុមចាន់តារាទីហៅស្រីមុំអាយុ២៧ឆ្នាំ។