MENU
|
រាជធានីភ្នំពេញ៖ ចៅក្រមតុលាការកំពូលនៅព្រឹកថ្ងៃទី២៤ខែមីនាឆ្នាំ២០១៧នេះបានបើសវនាការជម្រះក្តីបណ្តឹងសុំនៅក្រៅឃុំរបស់លោកនី ចរិយា មន្រ្តីគជបបន្ទាប់ពីលោកត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី២៨ខែមេសាឆ្នាំ២០១៦ក្រោមបទចោទប្រកាន់ថាសមគំនិតក្នុងបទសូកប៉ាន់សាក្សីកាលពីខែមីនា.មេសាឆ្នាំ២០១៦។
នៅព្រឹកថ្ងៃទី២៤ខែមីនាឆ្នាំ២០១៧នេះមន្រ្តីពន្ធនាគារភ្នំពេញ(PJ)បាននាំខ្លួនជនជាប់ចោទលោក នី ចរិយា ត្រូវបាននាំខ្លួនមកកាន់បន្ទប់សវនាការនៃតុលាការកំពូល។ក្រុមអ្នកកាសែតតាមប្រមាញ់រូបភាពនៅតុលាការកំពូលត្រូវបានសមត្ថកិច្ចរារាំងមិនឲ្យថតរូបជនជាប់នៅក្នុងបរិវេណតុលាការទេ។នេះបទបញ្ជារថ្មីមួយទៀតដែលសិទ្ធិសេរីភាពអ្នកកាសែតត្រូវបានខិតរួមកាន់តែចង្អៀត។អ្នកកាសែតមិនបានថតនៅក្នុងបន្ទប់សវនាការផងក៍ត្រូវបានតុលាការរារាំងដែរសូម្បីថតក្រៅបន្ទប់ក៍មិនបានដែរ។
លោក សំ សុគង់ ជាមេធាវីការពារក្ដីលោក នី ចរិយា ថ្លែងប្រាប់អ្នកសារព័ត៌មាននៅព្រឹកថ្ងៃទី២១ ខែមីនា នេះថា តុលាការកំពូល នឹងជំនុំជម្រះបណ្ដឹងសុំនៅក្រៅឃុំរបស់លោក នី ចរិយា នៅព្រឹកថ្ងៃទី២៤ ខែមីនាឆ្នាំ២០១៧ខាងមុខនេះ។
ក្រោយការបដិសេធជាបន្តបន្ទាប់ លោក នី ចរិយា អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឬហៅកាត់ថា គ.ជ.ប នៅតែបន្តសុំឲ្យតុលាការកំពូល ដោះលែងរូបលោកឲ្យមានសេរីភាពឡើងវិញ ។តុលាការកំពូលបានបង្ហាញថា លោក នី ចរិយា ជាប់ចោទពីបទ សមគំនិតក្នុងអំពើសូកប៉ាន់សាក្សី ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងខែមីនា ខែមេសា ឆ្នាំ២០១៦ តាមមាត្រា២៩និងមាត្រា៥៤៨ នៃក្រមព្រហ្មទណ្ឌ ។
គួរបញ្ជាក់ថា ក្នុងសំណុំរឿងនេះមានជនត្រូវចោទ៥នាក់ ហើយត្រូវបានតុលាការរកឃើញថា បានបញ្ចុះបញ្ចូលឬ លួងលោម កញ្ញា ខុម ចាន់តារាទី ហៅស្រីមុំមិនឲ្យនិយាយការពិតដល់សមត្ថកិច្ច ចំពោះរឿងអាស្រូវផ្លូវភេទរបស់លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ
ជនជាប់ចោទលោកនី ចរិយា ត្រូវបានសាលាឧទ្ធរណ៍ដិសេធការសុំនៅក្រៅឃុំរបស់លោកម្តងរួចមកហើយជាមួយបុគ្គលិកអង្គការអាហុកចំនួន៤រូបគឺលោក ណៃ វ៉ង់ដា លោក នី សុខា លោក យី សុខសាន្ត និងអ្នកស្រីលឹម មុនី។តែលោកនី ចរិយ៉ាបានប្តឹងសាទុក្ខចំពោះការសម្រេចរបស់សាលាឧទ្ធរណ៍។
សូមបញ្ជាក់ថាលោក នី ចរិយា ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី២៨ខែមេសាឆ្នាំ២០១៦ដោយអង្គភាពប្រឆាំងអំពើពុករលួយជាមួយនឹងបុគ្គលិកអាហុកចំនួន៤នាក់ខាងលើ។នៅថ្ងៃទី២ខែឧសភាឆ្នាំ២០១៦តុលាការបានចោទប្រកាន់លោកពីបទសមគំនិតករណីសូកប៉ាន់សាក្សីតែលោកបានបដិសេធចំពោះការចោទប្រកាន់នេះ។លោកក៍ត្រូវបានតុលាការក្រុងភ្នំពេញបានផ្តន្ទាទោសលោកក្នុងសំណុំរឿងមួយផ្សេងទៀតទាក់ពាក្យបណ្តឹងរបស់ចៅក្រមនិងព្រះអាជ្ញាខេត្តសៀមរាប។ពេលនេញលោកកំពុងត្រូវបានឃុំខ្លួននៅពន្ឋនាគារក្នុងទីក្រុងភ្នំពេញ(PJ)៕