MENU
|
រាជធានីភ្នំពេញ៖ តុលាការកំពូលប្រកាសសាលដីកាតម្កល់សាលដីកាសាលាឧទ្ធរណ៍នៅដដែលលើសំណុំរឿងឃាតកម្មសម្លាប់កូនថៅកែនំប៉័ង ហេង ចេង ។តុលាការកំពូលនៅព្រឹកថ្ងៃទី២៤ ខែឧសភាឆ្នាំ២០១៧បានប្រកាសសាលដីកាតម្កល់សាលដីកាសាលាឧទ្ធរណ៍នៅដដែលលើសំណុំរឿងក្ដីឃាតកម្មគិតទុកជាមុនលើកូនប្រុសថៅកែហាងនំបុ័ងយីហោ ហេង ចេង នៅក្រុងតាខ្មៅ។
សំណុំរឿងនេះត្រូវបានបើកសវនាការកាលពីថ្ងៃទី២៦ខែមេសាឆ្នាំ២០១៧ ជនជាប់ចោទសេង ចាន់ធី និង ជនជាប់ចោទ សេង សុកបានបដិសេធរាល់ការចោទប្រកាន់ពោលគឺផ្ទុយទៅនឹងចម្លើយដែលធ្លាប់សារភាពនៅតុលាការថ្នាក់ក្រោម។ចំណែកលោកពេជ្រសម្បត្តិមេធាវីការពារជនរងគ្រោះបានសំណូមពរសុំឲ្យតុលាការកំពូលតម្កល់សាលដីការបស់សាលាឧទ្ធរណ៍ទុកជាបានការដដែល ។
គួរបញ្ជាក់ថា លោកចាយ ច័ន្ទតារាវណ្ណ ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍កន្លងទៅសម្រេចដាក់គុកលើឈ្មោះ សេង ចាន់ធី មួយជីវិតដដែល។ កែប្រែបទចោទលើឈ្មោះ ឥន្ឋ រស្មី និង ឈ្មោះ សេង សុក ពីដាក់ពន្ធនាគារមួយឆ្នាំ មកជា១៥ឆ្នាំ វិញ ពីបទសមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន និង បទបង្ខាំងមនុស្សខុសច្បាប់តាមមាត្រា២៩មាត្រា ២០០ និង មាត្រា ២៥៤ នៃក្រមព្រហ្មទណ្ឌ។ ក្នុងនោះលោកចៅក្រម ក៏សម្រេចដាក់មាត្រា៩៣និង៩៤ នៃក្រមព្រហ្មទណ្ឌដែលជាមាត្រាសម្រាលទោសផងដែរ ។
គួររំលឹកថា សពជនរងគ្រោះឈ្មោះ ហេង ពិសិដ្ឋ អាយុ ២៥ឆ្នាំ រៀននៅសាកលវិទ្យាល័យឯកជនមួយនារាជធានីភ្នំពេញ ជាកូនថៅកែ ហាងនំបុ័ងយីហោ ហេង ចេង ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៤ អណ្ដែតទឹកក្បែរជើងភ្នំកក់ ស្ថិតក្នុងភូមិតារាជចុងកើត ឃុំកក់ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ សាច់ញាតិជនរងគ្រោះបាននិយាយថា ជនរងគ្រោះបានបាត់ខ្លួនពីផ្ទះតាំងពីព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៤ មកម្ល៉េះ ។
ជនរងគ្រោះបានជិះរថយន្តមួយគ្រឿងចេញពីផ្ទះម៉ាកឡិចស៊ីស៤៧០ ពណ៌ខ្មៅ ពាក់ស្លាកកណ្ដាល 2A-9699 មិនដឹងទៅទីណា។ សមត្ថកិច្ចខេត្តកណ្តាលបានឃើញរថយន្តរបស់ជនរងគ្រោះ ត្រូវបានឃើញផ្លុងចោលនៅផ្លូវចូលបុរីស្វាយរលំ ក្នុងដីឧកញ៉ា ថោង សារ៉ាត់ ស្ថិតក្នុងភូមិលេខ១ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល ។ ផ្អែកតាមវត្ថុតាង និង ចម្លើយរបស់សាក្សី សមត្ថកិច្ចបានស្រាវជ្រាវរហូតឈានដល់ ការឃាត់ខ្លួនជនសង្ស័យចំនួនបីនាក់តែម្តង ៕