MENU
|
រាជធានីភ្នំពេញ៖ ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ឧសភា ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញបានប្រារព្ធពិធីប្រកាសតែងតាំងមុខងារ និងបំពាក់ឋានន្តរសក្តិដល់កងកំលាំងអាវុធហត្ថទូទាំងរាជធានីភ្នំពេញសរុបចំនួន៩០៩នាក់ ក្នុងនោះប្រកាសតែងតាំងមុខងារថ្មីចំនួន២៣នាក់ និងបំពាក់ឋានន្តរសក្តិចំនួន៨៨៦នាក់ ក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ។ គួរកត់សំគាល់ដែរថា នេះជាលើកទី១ហើយសម្រាប់ប្រវត្តិសាស្ត្រកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលគេឃើញមានការប្រកាសមុខតំណែងនិងបំពាក់ឋានន្តរសក្តិដល់នាយ នាយរងអាវុធហត្ថរបស់ខ្លួនយ៉ាងច្រើនដូច្នេះរហូតដល់ទៅ៩០៩នាក់ និងមានការបំពាក់សក្តិដោយផ្ទាល់ដល់គ្រប់ៗគ្នាផងដែរ ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានលើកឡើងថា ការរៀបចំឲ្យមានពិធីនេះឡើង គឺទទួលបានការអនុញ្ញាតពីឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ហើយការតែងតាំងមុខងារនិងបំពាក់សក្តិនៅថ្ងៃនេះ គឺជាកិត្តិយសសម្រាប់ នាយ នាយរងអាវុធហត្ថគ្រប់រូបផង និងសម្រាប់ក្រុមគ្រួសារពួកគេផង ហើយកិត្តយសទាំងអស់នេះ គឺបានមកពីការខិតខំប្រឹងប្រែងរបស់នាយ នាយរងអាវុធហត្ថគ្រប់ៗគ្នា ពិសេសមានការគាំទ្រផ្តល់កម្លាំងចិត្តពីក្រុមគ្រួសាររបស់ពួកគេទាំងអស់គ្នា ដូច្នេះឯកឧត្តម សំណូមពរដល់នាយ នាយរង អាវុធហត្ថគ្រប់រូប សូមបន្តការប្រឹងប្រែង បំពេញការងារ ការពារសុខសន្តិភាព និងស្ថេរភាពនយោបាយ ជូនដល់ប្រទេសជាតិកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋទូទៅ ជាពិសេស ត្រូវប្តេជ្ញា ការពាររាជរដ្ឋាភិបាលស្របច្បាប់ កុំឲ្យមានជនអគតិ មកបង្កចលាចល ញុះញង់បំផ្លិចបំផ្លាញ សុខសន្តិភាព ដែលយើងកំពុងមាន សព្វថ្ងៃនេះបានជាដាច់ខាត។ ជាចុងក្រោយឯកឧត្តម រ័ត្ន ស្រ៊ាង បានផ្តាំផ្ញើដល់នាយ នាយរងអាវុធហត្ថទាំងអស់ ត្រូវយកចិត្តទុកដាក់ថែររក្សា អនាម័យ សុខភាព ផ្ទាល់ខ្លួនឲ្យបានល្អគ្រប់ៗគ្នា ដើម្បីអនាគតខ្លួនឯងនិងក្រុមគ្រួសារផងដែរ។