រាជធានីភ្នំពេញ៖ មន្រ្តីសមត្ថកិច្ចម្នាក់ឋានៈឧត្តមសេនីយឯកត្រូវបានក្មេងស្ទាវឈាមរាវម្នាក់ទំនងកូនអ្នកធំ រឺកូនអ្នកមានទ្រព្យសម្បត្តិ ដែលមានអាការ:ស្រវឹងស្រាខ្លាំងបានបើករថយន្តទៅបំបុករថយន្ត របស់លោកផ្កាយបី មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បង្កឲ្យមានការភ្ញាក់ផ្អើល នៅយប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦នេះស្ថិតនៅម្តុំផ្សារថ្មី ខណ្ឌដូនពេញ រហូតមានអន្តរាគមន៍ពីកម្លាំងអាវុធហត្ថខណ្ឌ ចុះទៅតាមចាប់យកទៅសាកសួរ ។
លោកផ្កាយបីរងគ្រោះបានអោយដឹងថា មុនពេលកើតហេតុ ជនបង្កត្រូវបានគេស្គាល់ថាជាយោធាម្នាក់បានបើករថយន្តម៉ាក ឡិចស៉ីស ៤៧០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2I-2359ថយក្រោយ រៀបហ្នឹងប៉ះរថយន្តរបស់លោក លោកក៏ចុចស៉ីផ្លេ ស្រាប់តែជនបង្កនេះ ចុចកញ្ចក់ ហើយស្រែកដាក់លោកថា "ឡានអញបុកឡានហ្អែងនៅ បើបុកអញសង ហ្អែងដឹងថា អញកូននរណាគេទេ ? ចាំមើលអញបើកបុកឡានហ្អែង"។
ជនរងគ្រោះថា មិនទាន់ស្រែកចប់ផង ស្រាប់តែជននេះបានបើករថយន្តទៅបុករថយន្តរបស់លោក មួយទំហឹង ហើយបើករត់ពេលនោះ លោកបើករថយន្តដេញតាម រហូតទាន់និងបានទាក់ទងទៅកម្លាំងអាវុធហត្ថខណ្ឌដើម្បីឃាត់យកទៅសួរនាំ ។
លោកផ្កាយបីរងគ្រោះបានបន្ថែមថា ជនបង្ករូបនេះប្រហើនណាស់ អាយុទើបតែជាងម្ភៃឆ្នាំសោះ អាចធ្វើកូនគាត់តែហ៊ានហៅលោកសុទ្ធតែហ្អែងៗ នេះប៉ះចំលោកជាសមត្ថកិច្ចដែរ ចុះបើប៉ះចំប្រជារាស្រ្តស្លូតត្រង់វិញ តើទៅជាយ៉ាងណាទៅវិញ ។ យើងមិនអាចសុំការបំភ្លឺពីជនបង្កបានទេ ។
ក្រោយពេលកើតហេតុ ជនបង្កត្រូវបានអាវុធហត្ថនាំខ្លួនទៅសាកសួរនៅអាវុធហត្ថរាជធានីបន្តទៀត ។លោកផ្កាយ៣ ដែលជាជាជនរងគ្រោះបានអំពាវនាវ និងទទូចថា សូមកុំឲ្យមានការអន្តរាគមន៍អោយសោះសូមទុករណីនេះអោយសមត្ថកិច្ច និងតុលាការចាត់ការតាមនីតិវិធីច្បាប់ចុះ៕