MENU
|
ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧នេះ ឯកឧត្តមឧត្តមសេនីយ៍ទោ ជួន ណារិន្ទស្នងការនគរបាលខេត្តព្រះសីហនុ បានធ្វើជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបការងារកិច្ចប្រតិបត្តិការ ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ប្រចាំឆមាសទី១ ព្រមទាំងធ្វើពិធីប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងនិងបំពាក់ឋានន្តរសក្តិជូនមន្ត្រីនគរបាលជាតិចំនួន៥១នាក់។
បន្ទាប់ពីស្តាប់របាយការណ៍បូកសរុបសភាពការណ៍សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ដែលអានដោយលោកវរសេនីយ៍ឯកសៅ ស៊ានស្នងការរង និង ជានាយសេនាធិការ រួចមក កត់សម្គាល់ឃើញថា៖ ក្នុងត្រីមាសទីមួយឆ្នាំ២០១៧នេះ បទល្មើសព្រហ្មទណ្ឌកើតឡើងចំនួន១៥លើក/២៦លើក(ថយចុះចំនួន១១លើក ) ក្នុងនោះបទឧក្រិដ្ឋកើតឡើងចំនួន៦ លើក បទល្មើសមជ្ឈឹមកើតឡើងចំនួន៩ លើក ។ បទល្មើសខាងលើបណ្តាលឲ្យស្លាប់មនុស្សចំនួន៥នាក់ កុមារីម្នាក់ រងរបួស១៣នាក់។
បទល្មើសខាងលើបង្ក្រាបបាន១៤ករណីឃាត់ខ្លួនជនសង្ស័យចំនួន៣២នាក់ ក្នុងនោះបទឧក្រិដ្ឋ៤ករណី ឃាត់ខ្លួន៥នាក់។ បទល្មើសមជ្ឈឹម១០ករណី ឃាត់ខ្លួនចំនួន២៧នាក់។
ក្នុងពិធីបំពាក់ឋានន្តរសក្តិជូនមន្ត្រីនគរបាលជាតិនាពេលនោះ ត្រូវបានបំពាក់ជូនថ្នាក់អនុសេនីយ៍ឯកចំនួន១៤នាក់ ថ្នាក់អនុសេនីយ៍ទោចំនួន២១នាក់ ថ្នាក់អនុសេនីយ៍ត្រីចំនួន៤នាក់ ថ្នាក់ព្រឹន្ទបាលឯកចំនួន៥នាក់ ថ្នាក់ព្រឹន្ទបាលទោ១នាក់ និង តែងតាំងមុខតំណែងចំនួន៦នាក់ សរុបចំនួន៥១នាក់។
ក្នុងឱកាសនោះឯកឧត្តម ឧត្តមសេនីយ៍ទោជួន ណារិន្ទស្នងការនគរបាលខេត្ត បានថ្លែងអំណរគុណ និងកោតសរសើរចំពោះកងកម្លាំងនគរបាលទាំងអស់ ដែលបានខិតខំប្រឹងប្រែង បំពេញភារកិច្ចប្រចាំថ្ងៃកន្លងមកបានល្អប្រសើរ ។ ឯកឧត្តម បានផ្តាំផ្ញើ ឲ្យនគរបាលប៉ុស្តិ៍រដ្ឋបាលទាំងអស់ អធិការដ្ឋាន,ក្រុង ស្រុក និងការិយាល័យជំនាញ មិនត្រូវលាក់បាំងបទល្មើសដាច់ខាត តាំងពីល្បែងស៊ីសង គ្រឿងញៀន និងបណ្តាបទល្មើសព្រហ្មទណ្ឌ ផ្សេងៗទៀត ត្រូវស្រាវជ្រាវក្តាប់សភាពការណ៍ឲ្យបានចេញធ្វើអន្តរាគមន៍ និងរាយការណ៍ជូនថ្នាក់ដឹកនាំឲ្យទាន់ពេលវេលានិងមិនត្រូវលាក់បាំងសភាពការណ៍ រាយការណ៍ភូតកុហក់ថ្នាក់លើ។