![]() |
MENU
|

រាជធានីភ្នំពេញ៖ អាជ្ញាធរបាននិយាយថាស្រ្តីលក់លៀសហាលក្រីក្រម្នាក់បន្ទាប់ពីមានជម្ងឺប្រចាំកាយដេកស្លាប់ក្រោមដំបូលរោងប្រក់តង់ យ៉ាងកណ្តោចកណ្តែងបងប្អូនកូនរកប្រាក់ធ្វើបុណ្យមិនបានលើកដៃសំពះអង្វករដង្ហោយហៅដល់ អ្នកជិតខាងឲ្យជួយ។ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង១និង៤០នាទីរសៀល ថ្ងៃទី៩ ខែឧសភាឆ្នាំ២០១៦ស្ថិតនៅក្នុងភូមិកំបូលសង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ។
តាមអាជ្ញាធរបានបញ្ជាក់ថាស្រ្តីកំសត់ខាងលើមានឈ្មោះឆែម ផល្លាអាយុ៣៥ឆ្នាំមុខរបរដើរលក់លៀសហាលជាស្រ្តីម៉េម៉ាយ កូនតូចៗ៤នាក់ប្រុស៣នាក់ស្រី១នាក់ប្តីរត់ចោលរស់នៅជុំគ្នាជាមួយប្អូនស្រីបង្កើតម្នាក់ទៀតឈ្មោះឆែម ផល្លី អាយុ៣៣ឆ្នាំមុខរបររើសអេតចាយរស់នៅក្រោមដំបូលរោងខ្ទមប្រក់តង់ដ៏កំសត់ ដោយសុំដីពលរដ្ឋក្នុងភូមិស្នាក់នៅ។
តាមប្អូនស្រី របស់ជនរងគ្រោះបានឲ្យដឹងថា បងស្រីរបស់ខ្លួន ជាជនរងគ្រោះ មានជម្ងឺប្រចាំកាយ ឈឺយូរខែថ្ងៃមកហើយ ពុំមានលុយ កាក់សម្រាប់ព្យាបាលឡើយ រស់សព្វថ្ងៃ ទាំងត្រដរ ជាមួយ របរ លក់លៀសហាល និងរើសអេតចាយ បានកម្រៃបន្តិចបន្តួច គ្រាន់ហូប ចិញ្ចឹមកូន ប្រចាំថ្ងៃមិនទាំងគ្រប់ផង គាប់ជួនថ្ងៃខ្លះ ដាច់បាយ បានអ្នកជិតខាង ឲ្យជាអង្ក ឬទិញដំឡូង ហូបគ្រាន់រស់មួយពេល ។
រហូតមកដល់ថ្ងៃកើតហេតុនេះ ខណៈដែលជនរងគ្រោះ ដេកសម្រាក ស្រាប់តែ ត្រដរដាច់ខ្យល់ ស្លាប់តែម្តង ។ពេលនេះរកប្រាក់មួយរៀល សម្រាប់ធ្វើបុណ្យ សពបងស្រីមិនបានផង ដាច់ចិត្តលើកដៃសំពះអង្វករ ដង្ហោយហៅរកអ្នកជិតខាងក្នុងភូមិឲ្យជួយ ។
លោក យឹម គង់ អនុប្រធានភូមិ កើតហេតុ បានឲ្យដឹងថា គ្រួសារខាងលើ រស់នៅ ក្នុងស្ថានភាព ជីវភាពក្រីក្រ សឹងរកអង្កដាំបាយ សឹងមិនបានផង បានអ្នកជិតខាងក្នុងភូមិ ជួយជាអង្ក ជាថវិការបន្តិចបន្តួចគ្រាន់រស់ នឹងគេ រហូតមកដល់ពេលនេះ ជនរងគ្រោះ ដាច់ខ្យល់ស្លាប់ ក៏ដោយសារ ជម្ងឺប្រចាំកាយ ហូបចុកមិនគ្រប់គ្រាន់ ស្លាប់ទៅហើយ ចោលកូនតូចៗ ៤នាក់ រស់នៅជាមួយប្អូនស្រី រកតែអ្វី សម្រាប់ធ្វើបុណ្យមិនបានផង ។
ប្រជាពលរដ្ឋ អ្នកជិតខាងក្នុងភូមិ ជួយជាបច្ច័យ ជាអង្ក ចូលបុណ្យ ទៅតាមលទ្ធភាព ។ ហើយទន្ទឹមនឹងនេះ បងប្អូនស្រីរបស់ សព ក៏លើកដៃសំពះអង្វករដល់សប្បុរសជន ជួយដល់គ្រួសារ របស់គាត់ផង ។


