MENU
|
ខេត្តបាត់ដំបង ៖ នាព្រឹកថ្ងៃទី ៣០ ខែមិនា ឆ្នាំ២០១៦នេះ ឯកឧត្តមច័ន្ទ សុផល អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង អមដំណើរដោយមន្ត្រីជាច្រើននាក់ បានអញ្ចើញជាអធិបតីភាព ដ៏ខ្ពង់ខ្ពស់ ក្នុងការសម្ភោធដាក់អោយប្រើប្រាស់នូវអាគារសិក្សាថ្មី នៃ វិទ្យាល័យវត្តគរ ស្ថិតក្នុងសង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ ពិធីនេះដែរធ្វើឡើង ដោយមានការចូលរួមពីសំណាក់ អង្គការសហគមន៍អប់រំរបស់ អាមេរិច លោកសៀង ឯមវ៉ូស៊ី អភិបាលក្រុងបាត់ដំបង លោកយឹម វិចិត្រ អធិការក្រុងបាត់ដំបង រួមទាំង មេបញ្ជាការ និងមន្ត្រីជំណុះជំនាញស្រុក និងថ្នាក់ខេត្តជាច្រើនរូបទៀតផងដែរ ។
សូមបញ្ជាក់ថា អាគារដែលត្រូវសម្ភោធដាក់អោយក្មួយៗជាសិស្សានុសិស្ស អាចប្រើប្រាស់ជាផ្លូវការណ៍ចាប់ពីពេលនេះតទៅ គឺ មានបន្ទប់រៀនចំនួន ៥បន្ទប់ ភ្ជាប់មកជាមួយគ្រឿងសង្ហារឹម និងលំអងទៅដោយផ្ទាំងគំនូរស្អាតៗផងដែរ ។ ក្នុងនោះដែរ លោកអភិបាលខេត្តក៏បាន សាងសង់នូវ បង្គន់អនាម័យ ១ខ្នង ផងដែរ មាន៦បន្ទប់ សម្រាប់សិស្សានុសិស្សចំនួន ២៥១ នាក់ ( ស្រី១២៨នាក់ ) នៃវិទ្យាល័យវត្តគរទាំងមូលប្រើប្រាស់ប្រចាំថ្ងៃ ។ ហើយ ក្នុងការស្ថាបនា អាគារដែលទាំងអស់ខាងលើនេះ គឺ ចំណាយអស់ទឹកប្រាក់ ចំនួន ៧ម៉ឺន ៧ពាន់ដុល្លារអាមេរិច ។
ក្នុងឱកាសដដែលនោះឯកឧត្តម ច័ន្ទ សុផល បានមានប្រសាសន៍ផ្តែផ្តាំផ្ញើរដល់សិស្សានុសិស្សទាំងអស់ អោយត្រូវខិតខំប្រឹងប្រែងក្នុងការរៀនសូត្រក្រេបជញ្ជក់យកចំណេះដឹង ចំណេះធ្វើអោយបានខ្លាំង ដើម្បីក្លាយជាសសរទ្រូងរឹងមាំរបស់ប្រទេសជាទៅថ្ងៃមុខ ។ ប៉ុន្តែជៀសវៀងដាច់ខាតការដើរចូលគន្លងមកល្អ ដូចជា ក្មេងពាលា អាវ៉ាសែ ក្មេងទំនើង បងតូចបងធំ និងបញ្ហាធំគឺ គ្រឿងញៀន ដែលវាតែងតែមកបំផ្លិចបំផ្លាញខ្លួនយើង នាំអោយយើងអាចបាត់បង់មនុស្សជាទីស្រលាញ់ មនុស្សក្នុងសង្គមជាតិស្អប់ខ្ពើមរើសអើង និង ធ្លាក់ខ្លួនចូលក្នុងភ្លក់ភ្លើងដ៏ក្តៅមិនអាចក្រោកឡើងវិញបានឡើយ ។ លោកអភិបាលបានផ្ញើរសុភាសិតដ៏មានន័យមួយឃ្លាទៅកាន់ ក្មួយជាសិស្សានុសិស្សថា “ បើចង់ស្រាលខ្លួនរៀនសូត្រអោយមួន អោយមាំ អោយស្ទាត់ កុំចេះស្ទាក់ស្ទើរល្ងីល្ងើអត់បទ បើចេះប្រាកដប្រាក់រត់តាមហៅ ” ។
ជាចុងក្រោយ នៃកម្មវិធី លោកអភិបាលអញ្ចើញកាត់ខ្សែបូរណ៍ដាក់អោយប្រើប្រាស់អាគារសិក្សាខាងលើជាផ្លូវការណ៍ ដើម្បីបញ្ចប់កម្មវិធី ៕