MENU
|
ខេត្តកំពង់ធំ៖ ប្រជាសហគមន៍ការពារព្រៃឡង់បានលើកឡើងថាកាលពីថ្ងៃទី២៦ ខែមីនាឆ្នាំ២០១៦។យោងតាមព័ត៌មានពីបណ្ដាញសហគមន៍ព្រៃឡង់ទាំង៤ខេត្តដែលបាននាំគ្នាចូលល្បាតក្នុងព្រៃឡង់រាយការណ៍មកថា ព្រៃឡង់កំពុងតែទទួលរង្គោះដោយសារការកាប់បំផ្លាញជារៀងរាល់ថ្ងៃ។មានក្រុមហ៊ុនមួយចំនួនកំពុងចូលកាប់យកឈើនៅតំបន់ព្រៃឡង់និងមានអាជ្ញាធរ មន្ត្រីរាជការក៏បានមកលួចកាប់ដែរ។តែប្រជាជនវិញបានត្រឹមតែស៊ីឈ្នួលដឹកឈើអោយគេតែប៉ុណ្ណោះ។
យោងតាមប្រព័ន្ធទំនាក់ទំនងFACEBOOKអ្នកសហគមន៍ព្រៃឡង់ស្រុកសណ្ដាន់ដែលបានដើរល្បាតក្នុងព្រៃឡង់ជាមួយសហគមន៍ទាំងបីខេត្តទៀតបានបង្ហាញប្រាប់ថាស្ថានភាពព្រៃឡង់ ព្រៃឈើត្រូវបានចោរចូលលួចកាប់យ៉ាងខ្លាំងក្រោយពីលលោកហ៊ុនសែនបានស្រែករួចមកឃើញថាមានក្រុមហ៊ុនចូលលួចកាប់ខ្លាំងទៅៗ អ្នកនៅក្រោមឱវាទលោកនាយករដ្ឋមន្ត្រីមិនបានធ្វើតាមប្រសាសន៍របស់លោកនោះ។
យោងតាមសេចក្តីរាយការណ៍កាលពីដើមខែកុម្ភៈកន្លងទៅបានអះអាងថាយ៉ាងហោចណាស់ មានម៉ាស៊ីនអារឈើចំនួន ១៩ គ្រឿង ឈើជ្រៀករួចចំនួន ៧៥ ម៉ែត្រគូប ឈើកាប់រំលំមិនទាន់ជ្រៀកចំនួន ១៥៩ ដើម គល់ឈើកាប់រួចថ្មីចំនួន ៧៨៧ គល់ ដែលសហគមន៍ព្រៃឡង់ទាំង ៤ខេត្ត គឺខេត្តកំពង់ធំ ក្រចេះ ស្ទឹងត្រែង ព្រះវិហារ នឹងអាជ្ញាធរមូលដ្ឋានសហការគា្នចាប់បានលើបទល្មើសជាក់ស្តែងចំនួន ៤៣ ករណី។
តំណាងសហគមន៍ព្រៃឡង់បានអះអាងថា ក្នុងពេលចុះល្បាតរយៈពេល ៥ ថ្ងៃ គឺចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី០៥ ខែកុម្ភៈ សហគមន៍សង្កេតឃើញថា សកម្មភាពដឹកជញ្ជូនឈើខុសច្បាប់ទៅកាន់ប្រទេសវៀតណាមនៅតែបន្តមានដដែល។
ប្រភពបានដកស្រង់សំដីរបស់លោក សុខ ធ្លក សមាជិកបណ្ដាញសហគមន៍ព្រៃឡង់ខេត្តកំពង់ធំនិយាយថា ព្រៃឡង់បច្ចុប្បន្នកំពុងតែរងនូវការកាប់បំផ្លាញពីសំណាក់ជនល្មើស ក្រោមរូបភាពក្រុមហ៊ុនទទួលសិទ្ធិដីសម្បទានពីរដ្ឋាភិបាល។ លោកបន្តថា ប្រសិនបើការការពារព្រៃឡង់មិនមានការចូលរួមពីអាជ្ញាធរមានសមត្ថកិច្ច ជាពិសេសគឺគណៈកម្មាធិការទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើនោះទេ នោះព្រៃឡង់នឹងត្រូវបាត់បង់នៅថ្ងៃណាមួយជាក់ជាមិនខានឡើយ។
លោក សុខ ធ្លកត្រូវបានដកស្រង់សំដីដោយលោកបានលើកឡើងថា៖«ពួកខ្ញុំធ្វើទៅមានការគគំរាមកំហែង មានការប្រមាថគុំគួនជាដើម ពួកខ្ញុំមានការភ័យខ្លាច តែពួកខ្ញុំនៅតែព្យាយាម។ ប៉ុន្តែរឿងសង្ឃឹមសល់ព្រៃមួយរយភាគរយគឺអត់សូវសង្ឃឹមប៉ុន្មានទេ ប្រសិនបើគ្មានការរួបរួមគ្នាការពារក្នុងតំបន់ព្រៃឡង់នោះ»។
យោងតាមសេចក្តីថ្លែងការណ៍របស់បណ្តាញសហគមន៍ព្រៃឡង់បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងជុំវិញបទល្មើសព្រៃឈើនេះ ព្រោះក្នុងរយៈពេល ១០ឆ្នាំ កន្លងមកនេះ ព្រៃឡង់ត្រូវបានកាប់បំផ្លាញ និងឈូសឆាយពីសំណាក់ក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច និងក្រុមហ៊ុនរុករករ៉ែនៅក្នុងតំបន់ព្រៃឡង់។សេចក្តីថ្លែងការណ៍ដដែលបន្តថា តំបន់ព្រៃស្រោងរាប់ម៉ឺនហិចតា ត្រូវបានកាប់បំផ្លាញ និងដាំជំនួសដោយដើមកៅស៊ូ ដំឡូងមី អាកាស្យា ម៉ៃសាក់ ប្រេងខ្យល់ និងដើមថ្កូវជាដើម។
សហគមន៍ព្រៃឡង់បានស្នើដល់គណៈកម្មាធិការទប់ស្កាត់ និងបង្រាបបទល្មើសព្រៃឈើ ចាត់វិធានការ និងអន្តរាគមន៍ជាបន្ទាន់ ដើម្បីទប់ស្កាត់បទល្មើសព្រៃឈើក្នុងតំបន់ព្រៃឡង់នេះ។ លើសពីនេះទៀត ស្នើឱ្យរាជរដ្ឋាភិបាលចាត់វិធានការតាមផ្លូវច្បាប់ដល់មន្ត្រី អាជ្ញាធរដែនដី និងមេឈ្មួញពាក់ព័ន្ធនឹងការធ្វើអាជីវកម្មឈើ និងកាប់បំផ្លាញឈើក្នុងតំបន់ព្រៃឡង់ដោយខុសច្បាប់ ជាពិសេសនោះស្នើឱ្យបញ្ឈប់គ្រប់សកម្មភាពគម្រាមកំហែងពីប្រព័ន្ធតុលាការ និងកងកម្លាំងមានសមត្ថកិច្ចចំពោះសកម្មជនការពារព្រៃឡង់ជាដើម៕