MENU
|
រាជធានីភ្នំពេញ ៖ នារីវ័យក្មេងរូបស្រស់ម្នាក់ បើករថយន្តមួយគ្រឿងម៉ាកឡិចស៊ិស RX330 ក្នុងល្បឿន លឿន និងក្នុងស្ថានភាពស្រវឹងជោគជាំ បានបើករេចង្កូតជ្រុលធ្លាក់ចូលទៅក្នុងប្រលាយលូ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ២ និង ០០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ០៦ ខែមករា ឆ្នាំ២០១6 នៅតាមបណ្តោ យ ផ្លូវលេខ ៧០ ( ផ្លូវឆ្ពោះទៅផ្សារទួលសង្កែ ) ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានរៀបរាប់អោយដឹងថា នៅមុនពេលកើតហេតុ គេសង្គេតឃើញ នារីម្នាក់ បើករថយន្តមួយគ្រឿងម៉ាកឡិចស៊ិស RX330 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2Z-5767 បើកបរតែម្នាក់ឯង ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៧០ ក្នុងទិសដៅពីត្បូងទៅជើង ដោយបើកក្នុងល្បឿនលឿន និងក្នុងសភាព ស្រវឹងជោគជាំ ។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតជ្រុលល្បឿនបើកធ្លាក់ចូលទៅក្នុងប្រលាយលូ បណ្តាលអោយរថយន្តត្រូវធ្លាក់ចូលក្នុងលូ មិនអាចបន្តដំណើរទៅមុខបាន ។ ភ្លាមៗ បន្ទាប់ពីកើតហេតុ នារីជា ម្ចាស់រថយន្តបានស្រវារត់ចុះពីលើរថយន្ត រួចទំនាក់ទំនងទៅគ្នីគ្នា អោយមកទទួលយកទៅបាត់ បន្សល់ទុកតែ រថយន្តនៅកន្លែងកើតហេតុ ។
ទោះជាយ៉ាងណាមិញ ក្រោយកើតហេតុ ប្រមាណជា កន្លះម៉ោង រថយន្តឡិចស៊ិសខាងលើ ត្រូវបានក្រុមគ្រួសារ របស់នារីជាម្ចាស់រថយន្ត យករថយន្តស្ទូចមកស្ទូចយកទៅលំនៅឋានវិញដោយខ្លួនឯង ។ ហើយក្នុងហេតុការណ៍ គ្រោះថ្នាក់ខាងលើនេះមិនបានបណ្តាលអោយមានមនុស្សណាម្នាក់រងរបួសឡើយ ជាពិសេសក៏មិនបណ្តាល អោយប៉ះពាល់ដល់សម្បត្តិរដ្ឋផងដែរ។
សូមបញ្ជាក់ថា ហេតុការណ៍ខាងលើនេះ កើតឡើងដោយសារនារីជាម្ចាស់រថយន្តបើកបរស្ថិតក្នុងស្ថានភាពស្រ វឹងជោគជាំ មិនអាចគ្រប់គ្រងខ្លួនឯងបាន និង ខ្វះការប្រុងប្រយ័ត្នខ្ពស់ ទើបបណ្តាលអោយមានរឿងហេតុ កើតឡើងតែម្តងទៅ ៕ លីហេង