MENU
|
ខេត្តកណ្តាល៖ កាលពីវេលាម៉ោង ២២ និង០០នាទីយប់ថ្ងៃទី ២៩ ខែមិនា ឆ្នាំ២០១៧ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ បានបណ្តាលអោយមនុស្សចំនួន៤នាក់ ត្រូវបានស្លាប់ភ្លាមៗនៅក្នុងរថយន្ត និងម្នាក់ទៀតត្រូវរងរបួសស្រាល បន្ទាប់ពីពួកគេទាំង៥នាក់ស្រវឹង បើករថយន្តឡិចស៊ិសRX300 ឌុបគ្នាបំណងទៅផ្ទះ មិនប្រយ័ត្នជ្រុលបុករបងផ្ទះពលរដ្ឋ រួចផ្លោងបុកផ្ទប់បង្គោលភ្លើងក្រឡាប់តែម្តង នៅចំណុចភូមិកោះគរ ស្ថិតនៅលើផ្លូវជាតិលេខ២១B ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល ។
ជនរងគ្រោះទាំង៥នាក់ទី១មានឈ្មោះ ភិន សុភ័ស្ត ហៅញ៉ាញ់ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរកម្មករអគ្គីសនីស្រុកស្អាង ទីលំនៅភូមិថ្កុល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ( ស្លាប់ ) ទី២មានឈ្មោះ គង់ សុភ័ក្រ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរអាជីវករ ( លក់កាហ្វេ ) ទីលំនៅភូមិព្រែកខ្សេវ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល ( ស្លាប់ ) ទី៣ឈ្មោះ ស្រេង សេងហៀង ហៅមាន់ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរជាងថតរូប ទីលំនៅភូមិព្រែកបាឡាត់ឆឹង ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ( ស្លាប់ ) ទី៤ឈ្មោះ នាង បញ្ញា ភេទប្រុស អាយុ៣២ឆ្នាំ ទីលំនៅភូមិព្រែកខ្សេវ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល ( ស្លាប់តាមផ្លូវពេលបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យ ) និងទី៥ឈ្មោះ ពៅ ធរ ភេទប្រុស អាយុ២៨ឆ្នាំទីលំនៅភូមិលេខ៥ ឃុំស្វាយរលំ ស្រុកស្អាងខេត្ត ។
តាមប្រភពព័ត៌មានអោយដឹងថា នៅមុនពេលកើតមានរឿងហេតុ ពួកគេទាំង៥នាក់បានទៅផឹកស៊ីនៅហាងមួយក្នុងតាខ្មៅ លុះផឹកស៊ីស្រវឹង ពួកគេក៏បានបើករថយន្តមួយគ្រឿងម៉ាកឡិចស៊ិស RX300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AN-1856 បើកឌុបគ្នាចេញពីហាងបំណងជូនគ្នាដាក់ផ្ទះរៀងៗខ្លួន ប៉ុន្តែះកុសលពេលបើកមកដល់ចំណុចខាងលើ ដោយក្នុងខ្លួនមានជាតិស្រវឹងផងនោះ ក៏ជ្រុលល្បឿនរេចង្កូតបុករបងផ្ទះប្រជាពលរដ្ឋ រួចមករថយន្តនៅមិនទាន់អស់ល្បឿន ក៏ជ្រុលផ្លោងទៅបុកផ្ទះនឹងបង្គោលភ្លើងបំភ្លឺផ្លូវពេញទំហឹង បណ្តាលអោយរថយន្តត្រូវក្រឡាប់ សង្កត់មនុស្ស៣នាក់ត្រូវស្លាប់ និង២នាក់ត្រូវរងរបួសធ្ងន់ស្រាល។ ក្នុងនោះបុរសដែលត្រូវរងរបួសធ្ងន់ ក៏ត្រូវបានស្លាប់ផងដែរពេលបញ្ចូនទៅសង្គ្រោះដល់មន្ទីរពេទ្យ ។
ក្រោយកើតហេតុកម្លាំងនគរបាលមូលដ្ឋានសហការជាមួយជំនាញចុះអន្តរាគមន៍វាស់វែង អូសយករថយន្តបង្កទៅរក្សាទុកនៅ អធិការដ្ឋាននគរបាលស្រុកស្អាង រងចាំបន្តនីតិវិធីនៅពេលក្រោយ ។ ដោយឡែកសពត្រូវសមត្ថកិច្ចទំនាក់ទំនងទៅកាន់សាច់ញាតិអោយមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ។
មន្ត្រីនគរបាលបញ្ជាក់ថា ក្នុងករណីខាងលើនេះ បណ្តាលមកពីអ្នកបើកបររថយន្ត បើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ពិសេសបើកបរក្នុងសភាពស្រវឹង ទើបបណ្តាលអោយមានរឿងហេតុបែបនេះកើតឡើងតែម្តងទៅ ៕