MENU
|
ចាប់តាំងពីប្រធានាធិបតីហ្វីលីពីនលោកឌូទើរទេឡើងកាន់តំណែងប្រធានាធិបតីមក ហ្វីលីពីននិងអាមេរិក ប្រឈមមុខតានតឹងដាក់គ្នាដោយហ្វីលីពីនបានបណ្តេញទាហានអាមេរិកចេញពីប្រទេសរបស់ខ្លួនហើយថែមទាំងជេប្រមាទប្រធានាធិបតីអាមេរិកពេលនោះលោកអូបាម៉ាទៀតផង។
ប៉ុន្តែនៅពេលនេះទំនាក់ទំនងរវាងអាមេរិកនិងហ្វីលីពីនអាចល្អប្រសើនិងគ្នាវិញក្រោយពេលក្រុម IS បានបើកការវាយប្រហារគ្រប់គ្រងទីក្រុងម៉ារ៉ាវី។ ទាហានហ្វីលីពីន មិនមានបទពិសោធនៅក្នុងសង្គ្រាមប្រឆាំងភេរវកម្មបណ្តាលឲ្យវាយប្រហារច្រឡំគ្នាឯងនិងខ្វះអាវុធជាច្រើនដើម្បីប្រើប្រាស់នៅក្នុងសមរភូមិ។
ទាំងនោះហើយទើបទាហានអាមេរិកសម្រេចប្រគល់កាំភ្លើងស្វ័យប្រវត្តិថ្មីឲ្យហ្វីលីពីនដែលមានដល់ទៅ៦២៥ដើមសម្រាប់កម្ចាត់ក្រុមភេរវកម្ម។
មេបញ្ចាការកងទ័ពជើងទឹកវាយឡើងគោកហ្វីលីពីនលោក Emmanuel Salamat ទទួលបានអាវុធពីអាមេរិក នៅថ្ងៃទី៥ខែមិថុនា។មិនតែប៉ុណ្ណោះអាមេរិកបានសម្រេច ជួយហ្វឹកហាត់ពីសកម្មភាពប្រឆាំងភេរវកម្មដល់កម្លាំងទាហានហ្វីលីពីនផងដែរ។
ក្នុងចំណោមអាវុធដែលអាមេរិកប្រគល់ទៅឲ្យហ្វីលីពីនមានកាំភ្លើង M 4 ចំនួន៣០០ដើម។កាំភ្លើង Glock 21ចំនួន២០០ដើម ។កាំភ្លើងយន្ត M134D ៤ដើម និង កាំភ្លើង បាញ់គ្រាប់បែកM203 100ដើមផងដែរ។
ជាមួយនិងអាវុធទាំងនោះនឹងជួយឲ្យកម្លាំងទាហានហ្វីលីពីនអាចយកឈ្នះទៅលើក្រុមភេរវកម្មដណ្តើមទីក្រុងម៉ារ៉ាវីមកវិញ។
បច្ចុប្បន្នមានទាហានក្រុមភេរវកម្ម IS ប្រមាណ១២០០នាក់ មានវត្តមាននៅក្នុងទឹកដីហ្វីលីពីន ហើយបើមិនកម្ចាត់ឲ្យទាន់ពេលវេលាទេនោះក្រុមនេះនឹងកើនឡើងរាប់ពាន់នាក់ពិបាកក្នុងការទប់ស្កាត់។ នៅក្នុងចំណោមក្រុមប្រដាប់អាវុធបរទេសដែលជាសមាជិករបស់អង្គការ រដ្ឋអ៊ីស្លាម មានប្រមាណ ៤០នាក់ជាជនជាតិឥណ្ឌូណេស៊ី។ រដ្ឋមន្រ្តីការពារជាតិឥណ្ឌូណេស៊ី លោក Ryamizard Ryacudu បានបញ្ចេញព័ត៌មាននេះ នៅក្នុងសន្និសីទអន្តរជាតិស្តីពីសន្តិសុខ ដែលរៀបចំធ្វើនៅទីក្រុងសិង្ហបុរី។ “នៅយប់មិញនេះ គេបានរាយការណ៍ប្រាប់ខ្ញុំថា សមាជិករបស់ក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាម ប្រមាណ ១២០០នាក់ កំពុងស្ថិតនៅក្នុងប្រទេសហ្វីលីពីន”។ នេះជាប្រសាសន៍របស់លោកRyamizard Ryacudu។
ការគំរាមកំហែងធ្វើភេរវកម្ម ការវិលត្រលប់ចូលប្រទេសរបស់ជនជាតិអាស៊ីអាគ្នេយ៍ ដែលបានចេញទៅប្រយុទ្ធក្នុងជួរពួកជីហាត អង្គការរដ្ឋអ៊ីស្លាម នៅប្រទេសស៊ីរី និងអ៊ីរ៉ាក់ ជាប្រធានបទសំខាន់ដែលគេលើកយកទៅពិភាក្សានៅក្នុងសន្និសីទ អន្តរជាតិស្តីពីសន្តិសុខ ដែលមានចូលរួមផងដែរ រដ្ឋមន្រ្តីការពារជាតិអាមេរិក លោកជែម ម៉ាទីស។
នៅក្នុងសន្នីសីទអន្តរជាតិស្តីពីសន្តិសុខ ប្រមុខការពារជាតិឥណ្ឌូណេស៊ី បានអំពាវនាវឲ្យមានការសហការគ្នា ក្នុងតំបន់ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមទាហានបរទេស ដែលកំពុងប្រយុទ្ធដើម្បីបុព្វហេតុក្រុមភេរវនិយម អង្គការរដ្ឋអ៊ីស្លាម។ តាមលោក Ryamizard Ryacudu គេត្រូវតែរកមធ្យោបាយ និងប្រយ័ត្នប្រយែងខ្ពស់ ព្រោះថា ទាហានប្រយុទ្ធរបស់ក្រុមជីហាត គឺជាម៉ាស៊ីនសម្លាប់មនុស្ស។ “គោលដៅរបស់ពួកអង្គការរដ្ឋអ៊ីស្លាម គឺសម្លាប់មនុស្ស។ អីចឹងហើយបានគេត្រូវតែរកវិធីធ្វើការរួមគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមជីហាតបរទេសទាំងនោះ”៕