MENU
|
រាជធានីភ្នំពេញ៖ ឧកញ៉ា ស្រី ចាន់ថន បានប្រកាសជាសាធារណៈថាចង់បង្កើតក្លឹបប្រដាល់គុនខ្មែរក្នុងទឹកដីរបស់លោកនៅវិហារសួគ៌និងបន្តសកម្មភាពជួយសហព័ន្ធកីឡាប្រដាល់គុនខ្មែរឱ្យមានរីកចម្រើនទៅមុខទៀត។
អ្នកស្រលាញ់កីឡារូបនេះអះអាងនឹងជួយអស់ពីដៃពីជើងសម្រាប់ សហព័ន្ធមួយនេះមិនអោយចែវទូកកណ្តាលទន្លេម្នាក់ឯងនៅឡើយ សម្រាប់ការអភិវឌ្ឍន៍និងជ្រោមជ្រែង បន្តសកម្មភាពទៅមុខទៀត។
ក្នុងពិធីប្រគល់តំណែងអនុប្រធានកត្តិយសសហព័ន្ធកីឡាប្រដាល់គុនខ្មែរជូនឧកញ៉ា ស្រី ចាន់ថន ក្រោមវត្តមាន លោក តែម ម៉ឺន ប្រធានសហព័ន្ធ កាលពីព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧ នៅទឹកដីSky Land ឃុំវិហារសួគ៌ខេត្តកណ្តាល លោកឧកញ៉ា ស្រី ចាន់ថន បានអះអាងថា លោកនឹងបន្តជួយគ្រប់សកម្មភាពនៃវិស័យប្រដាល់គុនខ្មែរ ជាពិសេសសម្រាប់ការឧបត្ថម្ភ និង ដោះស្រាយបញ្ហារបស់កីឡាករដែលចេញប្រកួតក្រៅប្រទេសតែងតែមានលំបាកជាច្រើន។ លោកប្តេជ្ញាថា លោកលែងមើលនឹងភ្នែក ឬ គ្រាន់មើលដឹងលឺតាមហ្វេសប៊ុកហើយប្រើកូនចៅយកអំណោយជូនទៀតហើយ។ លោកនឹងជួយអស់ពីលទ្ធភាពតាមរយៈការការងារដោះស្រាយផ្ទាល់ជូន និង បង្កើតកម្មវិធីជាច្រើនសម្រាប់កីឡាករ។
អ្នកស្រុកវិហារសួគ៌ដែលតែងតែហៅរូបលោកថាឧកញ៉ាចិត្តធម៌នោះ ក៏បានបង្ហើបថា លោកនឹងមានគម្រោងបង្កើតក្លឹបប្រដាល់គុនខ្មែរ មួយដែលចង់ដាក់ទីតាំងក្នុងទឹកដីរបស់ផ្ទាល់ដើម្បីបន្តលើកស្ទួយវិស័យកីឡានេះមានភាពរីកចម្រើន ។ លោកក៏ខំប្រឹងព្យាយាមជម្រុញជួយដល់សហព័ន្ធនិងកីឡាករកម្ពុជាក្នុងការចេញទៅឆាកអន្តរជាតិដើម្បីលើកមុខកម្ពុជាឱ្យកាន់តែល្បីនិងមានមោនទភាពជាខ្មែរ។
សូមបញ្ជាក់ថា ក្នុងពិធីប្រគល់តំណែងអនុប្រធានកត្តិយសសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ជូនលោកឧកញ៉ា ស្រី ចាន់ថន នោះលោកក៏បានធ្វើការឧបត្ថម្ភថវិកា១ពាន់ដុល្លារអាមេរិកដល់កីឡាករបីរូបគឺ ឡៅ ច័ន្ទទ្រា មឿន សុភា និងសេន ប៊ុនថេន ដែលចេញទៅវ៉ៃដណ្តើមខ្សែក្រវ៉ាត់នៅប្រទេសបារាំង ប៉ុន្តែមានតែកីឡាករ មឿន សុភា និង សេន ប៊ុន បានផ្តួលដៃគូប្រកួតកីឡាករម្ចាស់ផ្ទះបារាំង ដើម្បីឈ្នះខ្សែក្រវាត់ម្នាក់១ដូចគ្នា។
ក្នុងពិធីនោះ មានកីឡាករប្រដាល់ចូលរួម២៥នាក់ ព្រមទាំងមន្ត្រីសហព័ន្ធនិងសមាជិកជាច្រើនមានវត្តមានជាសាក្សីនិងដឹងលឺពីសមាភាពថ្មី អនុប្រធានកត្តិយសសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ជូនលោកឧកញ៉ា ស្រី ចាន់ថន នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧៕ដោយ បូរិន