MENU
|
រាជធានីភ្នំពេញ៖ ក្នុងពេលមានរឿងរ៉ាវមិនល្អក្នុងជីវិតបន្តគ្នាតារាសម្តែងតែងកាយសិចស៊ីពេជ្រ អាវីហ្សាបានរំលេចពិធីខួបកំណើតចូលរួមដោយតារាល្បីៗមកជូនពរជ័យនាង។ម្ចាស់ខួបរំពឹងថានឹងនាំលាភសំណាងមកវិញក្រោយរៀបចំតាមបណ្តាំគ្រូចិនសែរួចមក។
តារាសម្តែងពេជ្រ អាវីហ្សា បានរៀបចំពិធីខួបកំណើតរបស់ខ្លួនដោយមិនបានព្រាងទុកមុនកាលពីរាត្រីថ្ងៃទី១៨ខែឧសភានេះនៅ ភោជនីយដ្ឋានមួយខាងក្រោយផ្សារសុវណ្ណា ប៉ុន្តែចំនួនភ្ញៀវដែលចូលរួមមានចំនួនច្រើនលើសការរំពឹងទុក។
ពេជ្រ អាវីហ្សា លើកឡើងថាដើមឡើយនាងគ្មានគម្រោងរៀបចំពិធីខួបកំណើតអ្វីនោះទ ព្រោះមិនចង់រំខានអ្នកសិល្បៈប៉ុន្តែដោយសារយោបល់ម្តាយធម៌របស់នាងឲ្យរៀបចំទើបនាងសម្រេចធ្វើមុនថ្ងៃខួប៣ទៅ៤ថ្ងៃមុនប៉ុណ្ណោះ។ នាងថាខួបកំណើតគម្រប់វ័យ២៧ឆ្នាំរបស់នាងបានអញ្ជើតែអ្នកជិតដិតប្រមាណ៥០នាក់ប៉ុណ្ណោះដែលភាគច្រើនជាអ្នកសិល្បៈហើយភ្ញៀវស្ទើរតែទាំងអស់គឺអញ្ជើញតាមទូរស័ព្ទនិងហ្វេសប៊ុក ប៉ុន្តែចំនួនភ្ញៀវលើសការកំណត់រហូតឲ្យនាងសម្រេចចិត្តថែមតុថ្មីទៀត។
នាងថាលើសចំនួនកំណត់ព្រោះតែភាគច្រើនភ្ញៀវដែលបានចូលរួមមកជាក្រុមនិងជាគូទើបនាងនឹកស្មានមិនត្រូវនៃចំនួនភ្ញៀវពិតប្រាកដ។នាងថាដើមឡើយការចំណាយនៃការរៀបចំគឺប្រមាណ២ពាន់ដុល្លារអាមេរិក ប៉ុន្តែអាចនឹងលើសនេះបន្តិចព្រោះតែភ្ញៀវច្រើនកុះករធ្វើឲ្យនាងរំភើបចិត្តនិងការស្រលាញ់រាប់អានពីពួកគេ។ នាងថាមុនថ្ងៃខួបកំណើតពីរថ្ងៃមុននេះនាងបានរៀបចំឲ្យមានកម្មវិធីមនុស្សធម៌គឺការចុះទៅចែកអំណោយដល់កុមារកំព្រានៅមជ្ឈមណ្ឌលកុមារកំព្រា ភ្នំពេញថ្មី។
ពេជ្រ អាវីហ្សា លើកឡើងថាសម្រាប់ការងារសិល្បៈមួយរយៈពេលនេះនាងមិនជាមមាញឹកច្រើនទេព្រោះតែផលិតករយល់ថានាងទើបនឹងជួបរឿងចម្រូងចម្រាសជាមួយអតីតសង្សា ។ អ្វីដែលនាងបួងសួងសុំសម្រាប់ពិធីខួបកំណើតនេះគឺនាងចង់បានសេចក្តីសុខសុភមង្គលក្នុងក្រុមគ្រួសារប៉ុណ្ណោះមិនប្រាថ្នារឿងរ៉ាវស្នេហានោះទេ។ នាងរំពឹងដែរថាថ្មីនឺងនាំមកនូវរឿងរ៉ាវដែលល្អៗក្នុងជីវិត៕