MENU
|
រាជធានីភ្នំពេញ៖ តារាសម្តែងឌួងម៉ានិចបានធ្វើខួបកំណើតលក្ខណៈសាមញ្ញមួយមិនមានអ្នកសិល្បៈច្រើនចូលរួមឡើយ។ប៉ុន្តែនាងទទួលបានការរៀបចំពិធីនេះកក់ក្តៅដោយមានអ្នកចូលរួមផ្តល់ការលើកទឹកចិត្តយ៉ាងពេញចិត្តរហូតរំជួលអារម្មណ៍ដល់ថ្នាក់ស្រក់ទឹកភ្នែកទៀតផង។
តារាសម្តែងស្រី ឌួង ម៉ានិច្ច ត្រូវបានមិត្តភ័ក្កិធ្វើឲ្យរំភើបខ្លាំងរហូតស្រក់ទឹកភ្នែកព្រោះតែនាងទទួលបានការផ្តល់ជូននូវនំខួបកំណើតដែលរៀបចំយ៉ាងពិសេស។ កម្មវិធីខួបកំណើតរបស់នាងត្រូវបានធ្វើឡើងកាលពីរាត្រីថ្ងៃទី៤ខែមេសានេះនៅភោជនីយដ្ឋានឡាវទីហ្វាង។
ពិធីខួបកំណើតគម្រប់វ័យ២៧ឆ្នាំរបស់ឌួង ម៉ានិចមិនមានវត្តមានភ្ញៀវច្រើនចូលរួមទេគឺមានតែវត្តមានសាច់ញាតិនិងមិត្តភ័ក្កិប្រមាណជាង១០នាក់ប៉ុណ្នោះចូលរួម។ តារាស្រីរូបនេះលើកឡើងថា នេះគឺជាឆ្នាំទី១០ហើយដែលនាងចូលប្រឡូកសិល្បៈជាមួយនឹងការតស៊ូខ្លាំង។ នាងថា អ្វីដែលនាងរំភើបចិត្តរហូតស្រក់ទឹកភ្នែកព្រោះតែ សារជូនពរ និងធ្វើឲ្យភ្ញាក់ផ្អើលសម្រាប់សាច់ញាតិ និងមិត្តភ័ក្កិជិតដិតខ្លាំងមួយចំនួន។ នាងថា នាងនឹកឃើញដល់គ្រាដែលចូលប្រឡូកសិល្បៈដំបូង ជាមួយនឹងពាក្យជូនពររបស់អ្នកនៅជុំវិញខ្លួនឲ្យខំតស៊ូ ហើយពាក្យនេះនាងនៅតែលឺចេញពីក្រុមគ្រួសារនិងមិត្តភ័ក្កិទាំងអស់ដដែល។ នាងបញ្ជាក់ដែរថា ជោគជ័យរបស់នាងគឺបានមកពីអ្នកនៅជុំវិញខ្លួន ហើយពួកគេនៅជាមួយនាងរហូតមិនដែលរត់ចោលនាងទោះមានបញ្ហាប្រឈមជាច្រើនក្តី។ នាងបញ្ជាក់ដែរថា ទោះគ្មានគូស្នេហ៍សម្រាប់ធ្វើឲ្យរំភើបចិត្តប៉ុន្តែនាងមានក្តីស្រលាញ់ពីម្តាយពីមិត្តភ័ក្កិបងប្អូន និងមិត្តរួមអាជីពហើយក៏គ្រប់គ្រាន់សម្រាប់នាងដែរ។ មិនមានវត្តមានសិល្បករចូលរួមក្នុងពិធីខួបកំណើតនាងច្រើននោះទេគឺមានតែតារាចម្រៀងមាស សុខ សោភាដែលជាសិល្បករបានចូលរួម។ តារាស្រីរូបនេះលើកឡើងថា កម្មវិធីខួបកំណើតថ្ងៃនេះគឺមិត្តភ័ក្កិជួយរៀបចំឲ្យមុនមួយថ្ងៃនៃថ្ងៃខួបកំណើតគឺថ្ងៃទី៥មេសានោះ។
ជុំវិញការរៀបចំពិធីខួបកំណើតដោយមិនមានវត្តមានសិល្បករដូចកម្មវិធីខួបកំណើតរបស់តារាដទៃ នាងបញ្ជាក់ថា ចូលចិត្តសិល្បៈ១០ឆ្នាំហើយនាងមិនដែលបានប្រារព្វពិធីខួបកំណើតម្តងនៅឡើយទេ។ នាងថាការងារសិល្បៈនាងរវល់ច្រើនពិសេសការសម្តែង ដែលជាហេតុមិនមានពេលវេលាគ្រប់គ្រាន់សម្រាប់គិតគូររៀបចំ ហើយនាងយល់ថាខែនេះគឺជាពេលដែលសិល្បករជាច្រើនមមាញឹកនឹងការងារដូចនាងដែរទើបមិនហ៊ានរំខាន។