រាជធាមនីភ្នំពេញ៖ លោកគ្រូប្រដាល់គុនខ្មែរ អេ ពូថង នឹងត្រូវឡើងវ៉ៃជាមួយកីឡាករថៃក្នុងព្រឹតិ្តការណ៍មួយប្រមូលថវិកាដើម្បីជួយមន្ទីរពេទ្យគន្ធបុប្ផា នាពេលខាងមុខនេះ ។ បើតាមគម្រោងលោកបានបញ្ជាក់ថាការឡើងវ៉ៃរបស់លោកនឹងធ្វើនាខែកក្កដា ឆ្នាំ២០១៧។
គ្រូប្រដាល់រូបនេះបានបង្ហើបថា លោកមានព្រឹត្តិការណ៍មួយដែលនឹងជួបកីឡាករប្រដាល់ខ្លាំងម្នាក់ពីប្រទេសថៃដើម្បីប្រមូលថវិកាពីអ្នកទស្សនាដើម្បីជួយដល់មន្ទីរពេទ្យគន្ទបុប្ផា ប្រហែលក្នុងអំឡុងខែកក្កដាឆ្នាំ២០១៧ខាងមុខនេះ។ ប៉ុន្តែគម្រោងនេះមិនទាន់ច្បាស់លាស់ចំពោះការរៀបចំនៅឡើយ។
អតីតកីឡាករកំពូលប្រចាំកម្ពុជារូបនេះបានបញ្ជាក់ថា សម្រាប់ការប្រកួតនេះលោកនឹងឡើងជាមួយកីឡាករថៃ ក្នុងលក្ខណៈវ៉ៃពិតប្រាកដមិនមែនឡើងវ៉ៃជាលក្ខណៈការប្រកួតមិត្តភាពនោះទេ។ សម្រាប់គីឡូវិញ គឺមិនបានកំណត់ឡើយ គ្រាន់តែមិនដឹងថាច្បាស់ថា កីឡាករថៃរូបណាសម្រាប់មកកម្ពុជាមកប្រកួតជាមួយលោក ខណៈគណៈកម្មការរៀបចំកម្មវិធីកំពុងគិតនិងរៀបចំគម្រោងនេះឡើយ៕ដោយ បូរិន