MENU
|
រាជធានីភ្នំពេញ៖ ពាក្យចាស់ពោលថាពេលអត់ឲ្យតែបានអ្នកណាជួយពិតជាមិនភ្លេចគុណបំណាច់ឡើយនឹងចងចាំជានិច្ច។ប៉ុន្តែពាក្យនេះកញ្ញាឌួង ហ្សូរីដាហាក់ល្វីងមុខគ្រាដែលកូនក្រុមសមាជិកបង្ហាញម៉ូដរបស់នាងស្រាប់តែបែកឆ្វេងនិងនិយាយភាពមិនល្អនៃជំនាញការងាររបស់នាង។
តារាសម្តែងកញ្ញាឌួង ហ្សូរីដា បានវាយប្រហារនិងលាតត្រដាងប្រវត្តិរបស់តារាសម្តែងប្រុសម្នាក់ដែលចាកចេញពីក្រុមបង្ហាញម៉ូដរបស់នាងទៅហើយនោះបែរជាងាកមកមួលបង្កាច់ពីការបែកបាក់ក្រុម ។
កញ្ញាឌួង ហ្សូរីដា ចាត់ទុកតារារូបនោះជាមនុស្សភ្លេចកំណើតដើមក្នុងពេលខ្លួនចាប់ផ្តើមល្បី ហើយមួលបង្កាច់បង្ខូចក្រុមបង្ហាញម៉ូដរបស់នាងគឺក្រុម«Cambodia Supermodels» ថាបែកបាក់គ្នា ។
ដោយមិនបញ្ចេញអត្តសញ្ញាណតារារូបនោះជាអ្នកណាកញ្ញាឌួង ហ្សូរីដា សរសេរសារបង្ហោះតាមហ្វេសប៊ុកថា «កាលមិនទាន់ល្បី មកសុំជ្រកក្រោមដំបូលក្រុម ដំបូលក្រុមហ៊ុនមិនសូវខ្វល់ពីតម្លៃឈ្នួលការងារទេ ធ្វើម៉េចឱ្យតែបានចេញមុខក្នុងក្រុមជាមួយបងៗតារាបង្ហាញម៉ូដល្បីនៃ Cambodia Supermodels ដល់តែពេលក្រុមហ៊ុនប្រូម៉ូដឱ្យឡើងល្បីបញ្ជូនឈ្មោះឱ្យធ្វើ MC តាមប៉ុស្តិ៍ បញ្ជូនឈ្មោះឱ្យខាងខ្សែភាពយន្ត ដល់ពេលគេល្បី មានអ្នកខ្លះក៏នៅរក្សាធាតុដើម តែអ្នកខ្លះក៏ដុះស្លាប ហើរទៅបាត់ដោយភ្លេចកំណើត...! មានអ្នកខ្លះភ្លេចគិតថាពេលមិនទាន់ល្បីរកតែលុយជិះម៉ូតូឌុបមកបើកលុយមិនបានផង ម្តាយឈឺផង សុំឱ្យបងហ្សូជួយរកការងារឱ្យធ្វើឱ្យតែបានលុយ ឱ្យម៉ែបង់ថ្លៃពេទ្យតែដល់ឥឡូវឡើងកូដ បែរជាបំភ្លេចក្រុមហើយព្យាយាមឱ្យខ្លួនឯងលេចធ្លោតែម្នាក់ឯងដោយការគ្រប់គ្រងរបស់ក្រុមផ្សេង ។
សួរថាកាលដែលលោកអ្នកមិនទាន់ល្បីមានអ្នកទាំងអស់ហ្នឹងគេនឹកឃើញលោកអត់ ? កុំប្តូរចរិតលឿនពេកណាប្រយ័ត្នធ្លាក់មកវិញទៅ...! តែក៏អរគុណដល់សមាជិកក្រុមរបស់យើងដទៃទៀតដែលនៅតែល្អនឹងគ្នាទោះបីមានគ្រួសារ មានបានហើយក្តី តែនៅតែរក្សាកំណើតល្អរបស់ខ្លួនដដែល» ។
ប្រតិកម្មតបពីឌួង ហ្សូរីដា នេះបន្ទាប់ពីសារព័ត៌មានមួយចុះផ្សាយជុំវិញព័ត៌មាននៃការបាក់បែកក្រុម Cambodia Supermodels ដែលជាក្រុមបង្ហាញម៉ូដប្រជុំដោយតារា ល្បីៗ។ ព័ត៌មាននេះចុះផ្សាយដោយយោងតាមការបង្ហើបពីតារាប្រុសម្នាក់អតីតជាសមាជិកក្រុមម៉ូដែលមួយនេះ ។
តារាប្រុសដែលសុំមិនបញ្ចេញឈ្មោះម្នាក់នោះ អះអាងថា គេមិនមានអ្វីត្រូវនិយាយទៀតទេ ពាក់ព័ន្ធនឹងក្រុមម៉ូដែលនេះ ដោយហេតុថា គេបានចាកចេញហើយក្រុមទៀតសោតក៏បែកខ្ញែកគ្នាដែរ ។ ទន្ទឹមនឹងការបង្ហើបនេះគេក៏ឃើញថា សមាជិកមួយចំនួនចេញមកបើកក្រុមហ៊ុនពិធីការផ្ទាល់ខ្លួន រៀងៗខ្លួន ក្នុងនោះមានដូចជាលោកយ៉ែម សំអូន លោកអេឡិច ចន្ត្រាជាដើម ។ ក្រៅពីនេះសមាជិក ស្រីៗ ខ្លះក៏មានស្វាមីចេញទៅរស់នៅក្រៅប្រទេសដូចជាអ្នកនាងសារ៉ាយ សក្ខណា និងលី ម៉ារីណាជាដើម ។
ជុំវិញរឿងនេះសមាជិកក្រុមគឺអ្នកនាងចន ច័ន្ទលក្ខិណា ទទួលស្គាល់ពីការបែកខ្ញែកនេះ ប៉ុន្តែនាងបញ្ជាក់ថា បែកតែអ្នកចង់បែក និងចង់រកទីផ្សារខ្លួនឯង ដោយមិនចង់នៅក្រោមក្រុមហ៊ុនប៉ុណ្ណោះ៕