MENU
|
រាជធានីភ្នំពេញ៖ ជារឿងសោកស្តាយសម្រាប់កីឡាករប្រដាល់ខ្មែរដែលត្រូវតំណាងឱ្យកម្ពុជាចូលរួមដណ្តើមខ្សែក្រវ៉ាត់ កម្រិតពិភពលោក Max Muay Thai World Champion នៅ Max Muay Thai Stadium ក្នុងទីក្រុងប៉ាតាយ៉ា ប្រទេសថៃ នាថ្ងៃទី ៣០ ខែមេសា ខាងមុខនេះ កីឡាករប្រដាល់ អ៊ុំ ចំរើន បែរជាខកខាន។
សម្រាប់ឯកីឡាករ វង្ស ណយ និង សេន ប៊ុនថេន ជាដើមសុទ្ធតែធ្លាប់ត្រូវបានសហព័ន្ធដាក់ទណ្ឌកម្មចំពោះការចេញទៅប្រកួតនៅ Max Muay Thai World Champion ជាលក្ខណៈឯកជន គ្មានការអនុញ្ញាត គឺមានតែ មឿន សុខហ៊ុច ម្នាក់ទេ ដែលត្រូវបានក្រសួង និងសហព័ន្ធ អនុញ្ញាតឲ្យទៅប្រកួតដណ្តើមខ្សែក្រវាត់មាស ជាផ្លូវការក្នុងព្រឹត្តិ្កការណ៍ Max Muay Thai World Champion នេះកាលពីឆ្នាំ ២០១៦ បន្ទាប់ពីរូបគេបានឈ្នះខ្សែក្រវាត់ប្រាក់ ប៉ុន្តែ សុខហ៊ុច បានធ្លាក់ពីការប្រកួតដណ្តើមខ្សែក្រវាត់មាសនោះ ត្រឹមវគ្គជម្រុះលើកទី ១ ។
គ្រូបង្វឹករបស់កីឡាករ អ៊ុំ ចំរើន ដែលមកពីក្លិបតាឡីដំរីមានរិទ្ធលោក ម៉ាក់ សុខន បានឱ្យដឹងថា៖ (នៅពេលក្លិបបានធ្វើសំណើទៅ គឺខាងថ្នាក់លើរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានប្រាប់ឲ្យខាង Max Muay Thai World Champion ទាក់ទងមកសហព័ន្ធផ្ទាល់ ប៉ុន្តែដោយសារពេលវេលានៅសល់តិចពេក គឺមិនអាចធ្វើទៅរួចទេ ព្រោះសហព័ន្ធ ត្រូវសុំសំណើទៅក្រសួងអប់រំ យុវជន និងកីឡា ទៀត អ៊ីចឹងយើងមិនអាចទៅប្រកួតដោយគ្មានការអនុញ្ញាតនោះទេ ព្រោះវានាំឲ្យប៉ះពាល់ដល់ក្លិបរបស់យើង)។
កីឡាករ អ៊ុំ ចំរើន ក៍បាននិយាយផងដែរថា “បើតាមខ្ញុំដឹង កម្មវិធីប្រកួតនេះ គេបានរៀបចំរួចរាល់អស់ហើយ ប៉ុន្តែវាទាក់ទងដល់សហព័ន្ធកីឡាប្រដាល់គុនខ្មែររបស់យើង ហើយខ្ញុំមិនហ៊ានទៅប្រកួតដោយគ្មានការអនុញ្ញាតពីសហព័ន្ធនោះទេ ចំណែកសំណើសុំទៅសហព័ន្ធ យ៉ាងណានោះ ខ្ញុំអត់ដឹងច្បាស់ដែរ គឺលើគ្រូរបស់ខ្ញុំ”។
អ៊ុំ ចំរើន បន្តទៀតថា ព្រឹត្តិការណ៍ប្រកួតនេះមិនងាយបានទៅទេ ហេតុនេះបើសិនជាខ្ញុំបានចូលរួមនោះ ខ្ញុំនឹងប្រឹងប្រែងវ៉ៃឲ្យអស់ពីសមត្ថភាព ដើម្បីដណ្តើមយកខ្សែវ៉ាត់នេះ ដើម្បីមុខមាត់ជាតិ ជាពិសេសបង្ហាញឲ្យពិភពលោកបានឃើញពីក្បាច់គុនបុរាណខ្មែរ ៕ ដោយ បូរិន