MENU
|
រាជធានីភ្នំពេញ៖ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញលោកហេងសុខណា នៅរសៀលថ្ងៃទី១០ខែតុលាឆ្នាំ២០១៦នេះបានសំរេចប្រកាសសាលក្រមតុលាការផ្តន្ទាទោសឯកឧត្តមអ៊ុំ សំអាន តំណាងដាក់ពន្ធនាគារ២ឆ្នាំ៦ខែពិន័យ៤លានរៀល ចោទពីបទ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ( បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម)និងបទញុះញង់ឲ្យមានការរើសអើងពាក់ព័ន្ធផែនទីសន្ធិសញ្ញាព្រំដែនកម្ពុជាវៀតណាម ប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញ និង ព្រះរាជាណាចក្រកម្ពុជា កាលពីអំឡុងឆ្នាំ២០១៥រហូតដល់ថ្ងៃទី១០ខែមេសាឆ្នាំ២០១៦ដែលមានចែងឲ្យផ្តន្ទាទោសតាមបញ្ញាត្តមាត្រា៤៩៥.៤៩៦នៃក្រមព្រហ្មទណ្ឌ។
សូមជម្រាបថា ក្រុមមេធាវីនិងឯកឧត្តម អ៊ុំ សំអាន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានដើរចេញពីបន្ទប់សវនាការសាលាដំបូងរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦ បន្ទាប់ពីដាក់សំណើឲ្យតុលាការបញ្ឈប់សវនាការ តែតុលាការមិនយល់ព្រម ។
មេធាវី៣រូបការពារក្ដីឯកឧត្តមអ៊ុំ សំអាន គឺ លោក ហែម សុជាតិលោកជូងជូងី និង លោក សំ សុគង់បាននិយាយក្នុងសវនាការថាតុលាការគ្មានសិទ្ធិបើកសវនាការសំណុំរឿងលោកអ៊ុំ សំអាន នោះទេ ដោយលើកហេតុផល៣ចំណុច។ទី១ ឯកឧត្តម អ៊ុំ សំអាន មានអភ័យឯកសិទ្ធិសភា ទី២ បណ្ដឹងសុំមោឃភាពនីតិវិធីនៅដំណើរការនៅតុលាការកំពូលនៅឡើយនិងទី៣ការបង្ហោះសំលេង និយាយពីបញ្ហាព្រំដែនពុំមែនជាបទល្មើសទេ ។
ទោះបីយ៉ាងណា លោក ហេង សុខណា ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ យល់ឃើញថា សវនាការនៅព្រឹកថ្ងៃទី៥ ខែកញ្ញា នេះ មិនខុសនីតិវិធីឡើយ ហើយរហូតដល់ម៉ោង១១ព្រឹកថ្ងៃដដែលនេះតុលាការកំពុងបន្តសវនាការ ទោះបីជា ក្រុមមេធាវី និង លោក អ៊ុំ សំអាន បានដើរចេញពីបន្ទប់សវនាការ ។
ឯកឧត្តមអ៊ុំសំអានត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី១១ខែមេសាឆ្នាំ២០១៦នៅក្នុងខេត្តសៀមរាបបន្ទាប់ពីវិលត្រឡប់ពីបរទេស។ក្រោយមកតុលាការចោទប្រកាន់បទក្លែងឯកសារប្រើប្រាស់ឯកសារក្លែងនិងបទញុះញង់ប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ពាក់ព័ន្ធនឹងផែនទីប្រទេសកម្ពុជានិងវៀតណាម៕