MENU
ឯកឧត្តមរដ្ឋមន្រ្តីការបរទេសកម្ពុជាប្រាប់មន្រ្តីអាមេរិកថា កម្ពុជាគោរពតាមការសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប ជាបញ្ហាឧបទ្វីបកូរ៉េ
ព័ត៌មានជាតិ | ថ្ងៃព្រហស្បតិ៍ ទី២៧ មេសា ២០១៧, ០៧:៣០ | ៥៥៣ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  ឯកឧត្តម  ប្រាក់ សុខុន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និង សហប្រតិបត្តិការ អន្តរជាតិកាលពីល្ងាចថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោង១៥:០០ នៅទី ស្តីការ ក្រសួង បានទទួលជួបពិភាក្សាការងារជាមួយលោក Patrick Murphy ឧបការីរងរដ្ឋមន្ត្រីការបរទេសអាមេរិក ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ក្នុងឱកាសទស្សនកិច្ចរបស់លោក នៅព្រះរាជាណាចក្រកម្ពុជា។

យោងតាមលោកជុំ សុន្ទរីអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានលើកឡើងថាលោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុនបានសំដែងនូវការស្វាគមន៌យ៉ាងកក់ក្តៅចំពោះដំណើរ ទស្សនកិច្ចរបស់លោក Patrick Murphy ហើយនិងមនោសញ្ចេតនារីករាយក្នុងការជួបពិភាក្សាការងារលើកដំបូងជាមួយឧត្តមមន្ត្រីនៃរដ្ឋាភិបាលថ្មីរបស់សហរដ្ឋអាមេរិក។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានជំរាបជូនលោកឧបការីរងអំពីការត្រៀមខ្លួនរួចជាស្រេចរបស់ កម្ពុជាក្នុងការសហការជាមួយរដ្ឋាភិបាលអាមេរិកថ្មី ដើម្បីពង្រឹងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរ។ លោកក៏បានចាត់ទុកទស្សនកិច្ចរបស់លោកឧបការីរងថាជាឱកាសដែលរដ្ឋាភិបាលប្រទេសទាំងពីរពិភាក្សាផ្លាស់ប្តូរយោបល់លើទំនាក់ទំនងទ្វេភាគី បញ្ហាតំបន់ និងអន្តរជាតិ។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានសម្តែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនអាមេរិកចំពោះការផ្តល់ជំនួយអភិវឌ្ឍដល់កម្ពុជា ក្នុងរយៈកាលពីរទស្សវត្សកន្លងមក និងបានជំរាបលោក Patrick Murphy ពីការត្រៀមខ្លួនរបស់លោកដើម្បីទៅចូលកិច្ចប្រជុំពិសេសរវាងរដ្ឋមន្ត្រីការបរទេសអាស៊ាន និងរដ្ឋមន្ត្រីការបរទេសអាមេរិក នៅទីក្រុងវ៉ាស៊ីងតោន នាពេលដ៏ខ្លីខាងមុខ។

ដោយនេះជាជំនួបលើកដំបូង លោក Patrick Murphy បានសំដែងនូវការអបអរសាទរចំពោះការតែងតាំងឯកឧត្តម ប្រាក់ សុខុន ជាទេសរដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេសកម្ពុជា។ លោកឧបការីរង ក៏បានជំរាបពីការត្រៀមស្វាគមន៍របស់លោករដ្ឋមន្ត្រីការបរទេសអាមេរិក Rex Tillerson ចំពោះដំណើរទស្សនកិច្ចរបស់លោកទេសរដ្ឋមន្ត្រី និងរបស់រដ្ឋមន្ត្រីការបរទេសអាស៊ានផ្សេងទៀត ដើម្បីចូលរួមកិច្ចប្រជុំពិសេសរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាន និងអាមេរិក នាពេលខាងមុខ។

លោកឧបការីរង ក៏បានសំដែងក្តីរីករាយដែលបានជួបពិភាក្សាផ្លាស់ប្តូរយោបល់ជាមួយ    ឯកឧត្តមទេសរដ្ឋមន្រ្តី អំពីទំនាក់ទំនងទ្វេភាគី បញ្ហាតំបន់និងអន្តរជាតិមួយចំនួនក្នុងឱកាសទស្សនកិច្ចនេះ។ ក្នុងការពិភាក្សាលើបញ្ហាឧបទ្វីបកូរ៉េ លោកទេសរដ្ឋមន្រ្តី បានជំរាបពីជំហររបស់កម្ពុជាចាត់ទុកការបាញ់ម៉ីស៊ីល និងការសាកល្បងនុយក្លេអ៊ែររបស់កូរ៉េខាងជើង ថាជាការរំលោភលើសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប ហើយក្នុងនាមជាប្រទេសហត្ថលេខីនៃសន្ធិសញ្ញាស្តីពីតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ កម្ពុជាមានជំហរចង់ឲ្យមានការលុបបំបាត់អាវុធនុយក្លេអ៊ែរនៅក្នុងតំបន់ ពិសេសនៅឧបទ្វីបកូរ៉េដោយសន្តិវិធី។

ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់អំពីជំហររបស់រាជរដ្ឋាភិបាលកម្ពុជា គោរពតាមរាល់សេចក្តីសំរេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប ស្តីពីសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិត្យកូរ៉េ ហើយក្នុងស្មារតីនេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជូនព័ត៌មានទៅដល់គ្រប់ស្ថាប័នពាក់ព័ន្ធ យកចិត្តទុកដាក់អនុវត្តឲ្យបានពេញលេញទៅតាមសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប។

លោក Patrick Murphy  បានវាយតម្លៃខ្ពស់ចំពោះជំហររបស់កម្ពុជាលើបញ្ហាឧបទ្វីបកូរ៉េហើយនិងការតាំងចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអនុវត្តទៅតាមសេចក្តីសម្រេចចិត្តទាំងឡាយរបស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប ស្តីពីសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិត្យកូរ៉េ។

ក្នុងការពិភាក្សានៅលើបញ្ហាសមុទ្រចិនខាងត្បូង ឯកឧត្តមទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់ពីជំហរជាគោលការណ៍របស់កម្ពុជា ដែលជាប្រទេសពុំមានការពាក់ព័ន្ធផ្ទាល់ក្នុងជម្លោះទឹកដី ចង់ឲ្យមានការជៀសវាងនូវសកម្មភាពដែលអាចបង្ករភាពតានតឹងបន្ថែមទៀតដល់សភាពការណ៍នៅសមុទ្រចិនខាងត្បូង និងប៉ះពាល់ជាអវិជ្ជមានដល់ទំនាក់ទំនងរវាងអាស៊ាន-ចិន ហើយនិងការខិតខំកន្លងមករបស់កម្ពុជាក្នុងការសម្របសម្រួលរវាងអាស៊ាន-ចិន។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានជំរាបជូនលោក Patrick Murphy អំពីការវិវត្តន៍ជាវិជ្ជមានមួយចំនួនដូចជា  ការតាំងចិត្តរបស់អាស៊ាន និងចិន ក្នុងការអនុវត្តឲ្យបានពេញលេញនិងមានប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិ (DOC) ការបង្កើតទំនាក់ទំនង Hotline រវាងក្រសួងការបរទេសអាស៊ាន-ចិន ការសន្ទនាប្រកបដោយវិជ្ជមានរវាងប្រទេសចិន-ប្រទេសអាស៊ានដែលមានជម្លោះទឹកដីផ្ទាល់ ព្រមទាំងការប្តេជ្ញារបស់ប្រទេសអាស៊ាន និងចិនក្នុងការសម្រេចឲ្យបាននូវក្រមខ័ណ្ឌនៃក្រមប្រតិបត្តិ (COC) នៅពាក់កណ្តាលឆ្នាំ២០១៧នេះ ដែលជាឯកសារគោលសម្រាប់ឈានដល់ការតាក់តែងក្រមប្រតិបត្តិ(COC)។

ចំពោះទំនាក់ទំនងទ្វេភាគី លោក Patrick Murphy បានលើកសរសើរចំពោះសមិទ្ធផល និងការអភិវឌ្ឍដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបាន ជាង២ទស្សវត្សកន្លងមកនេះ ហើយលោកក៏បានសម្តែងពីភាពរីករាយចំពោះស្ថានភាពដ៏ល្អនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងប្រទេសទាំងពីរ ក៏ដូចជាកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌសហប្រតិបត្តិការមេគង្គ។

លោក Patrick Murphy បានគូសបញ្ជាក់ពីបំណងរបស់រដ្ឋាភិបាលអាមេរិកចង់ពង្រឹងពង្រីកទំនាក់ទំនងទ្វេភាគីនេះ ឲ្យកាន់តែល្អប្រសើរថែមទៀត។ លោកឧបការីរង ក៏បានបញ្ជាក់ពីជំហររបស់អាមេរិកគោរពដោយពេញលេញចំពោះអធិបតេយ្យភាព និងមិនជ្រៀតជ្រែកចូលក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជាឡើយ។ 

ឯកឧត្តមទេសរដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ចំពោះជំនួយអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ពិសេសលើវិស័យអប់រំ សុខាភិបាល បរិស្ថានការដោះមីនការទប់ស្កាត់ការជួញដូរមនុស្សការរត់ពន្ធគ្រឿងញៀនការស្វែងរកអដ្ឋិធាតុទាហ៊ានអាមេរិកបាត់ខ្លួនក្នុងសង្គ្រាម (MIA) ការលើកកម្ពស់សមត្ថភាពរបស់កងកំលាំងរក្សាសន្តិភាពកម្ពុជា ដើម្បីចូលរួមក្នុងបេសកកម្មរក្សាសន្តិភាពក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ ការផ្លាស់ប្ដូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ និងការសម្រេចរបស់សហរដ្ឋអាមេរិកផ្ដល់ដល់កម្ពុជា ក្នុងខែកក្កដាកន្លងមកនេះ នូវការលើកលែងពន្ធ (Duty Free) ចំពោះមុខទំនិញសម្រាប់ធ្វើដំណើរ (travel goods) ចំនួន២៧ប្រភេទ ដែលផលិតនៅកម្ពុជា។

លោក Patrick Murphy បានសម្តែងសេចក្តីសោមនស្សរីករាយចំពោះការលើកឡើងរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី ពិសេសគឺការបង្ហាញពីឆន្ទៈរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបន្តពង្រឹងនិងពង្រីកទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិក។

លើបញ្ហាកិច្ចព្រមព្រៀងបញ្ជូនត្រឡប់មកកម្ពុជាវិញនូវពលរដ្ឋខ្មែរពីសហរដ្ឋអាមេរិក លោកទេសរដ្ឋមន្រ្តី បានលើកឡើងថា កន្លងមកមានការតិះទៀនពីសំណាក់ពលរដ្ឋខ្មែរនៅក្នុងប្រទេស និងសហគមខ្មែរនៅសហរដ្ឋអាមេរិក ព្រមទាំងពីសាម៉ីខ្លួនដែលត្រូវបានបញ្ជូនមកកម្ពុជាផ្ទាល់ ដែលបានលើកឡើងពី“ទណ្ឌកម្មទ្វេដង”ដែលពួកគេត្រូវទទួល ទីមួយគឺការជាប់ទោសរួចទៅហើយនៅសហរដ្ឋអាមេរិក និងទីពីរគឺការដែលត្រូវបានបញ្ជូនមកកម្ពុជា ដែលពួកគេត្រូវឃ្លាតឆ្ងាយពីគ្រួសារ និង ត្រូវប្រឈមនឹងការលំបាកជាច្រើនក្នុងការធ្វើសមាហរណកម្មចូលទៅក្នុងសង្គមថ្មីមួយសម្រាប់ពួកគេ។

ទេឯកឧត្តមសរដ្ឋមន្រ្តី ក៏បានលើកយោបល់ឲ្យមានការគិតពិចារណាពីគោលការណ៍ស្ម័គ្រចិត្ត ការកំណត់ច្បាស់លាស់នូវលក្ខណៈវិនិច្ឆ័យសម្រាប់បុគ្គលដែលនឹងត្រូវបញ្ជូន ការផ្តល់សិទ្ធិឲ្យពួកគេធ្វើដំណើរទៅសួរសុខទុក្ខគ្រួសារនៅសហរដ្ឋអាមេរិក ជាដើម។ 

ឯកឧត្តមទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់ពីភាពចាំបាច់ក្នុងការធ្វើវិសោធនកម្មកិច្ចព្រមព្រៀងខាងលើ ដើម្បីធានាបាននូវទិដ្ឋភាពពីរគឺ ទិដ្ឋភាពមនុស្សធម៌ និងមេត្តាធម៌ និងបានជំរាបលោកឧបការីរងថា កម្ពុជាកំពុងបញ្ចប់នូវការតាក់តែងសេចក្តីព្រាងកម្រងវិសោធនកម្មនេះ ហើយនឹងប្រគល់ជូនស្ថានទូតអាមេរិកក្នុងពេលដ៏ឆាប់ខាងមុខនេះ ដើម្បីចាប់ផ្តើមការជួបពិភាក្សារវាងភាគីទាំងពីរលើសេចក្តីព្រាងនេះ។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានអះអាងពីឆន្ទៈរបស់រាជរដ្ឋាភិបាលកម្ពុជាដែលនៅតែបន្តទទួលយក និងសហការជាមួយសហរដ្ឋអាមេរិក ដោះស្រាយបញ្ហាការបញ្ជូនពលរដ្ឋខ្មែរពីសហរដ្ឋអាមេរិកមកកម្ពុជានេះ។ ថ្មីៗនេះពលរដ្ឋខ្មែរចំនួន០៨នាក់ បានមកដល់ បរិយាកាសរីករាយ និងស្និទ្ធស្នាល។  ចំនួន២៦នាក់ទៀត នឹងត្រូវមកកម្ពុជាជាបន្តបន្ទាប់។                       

Tags:
  • រដ្ឋមន្រ្តី
  • អាមេរិក
  • សន្តិសុខ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥